បាល់ទាត់នៅតែអាចបន្តធម្មតា និង មានអ្នកទស្សនិកជន តែត្រូវពាក់ម៉ាស់ និង រក្សាគម្លាត
នៅក្នុងទីក្រុងភ្នំពេញមានការផ្ទុះការឆ្លងវីរ៉ុសកូវីដ ១៩ ក្នុងសហគមន៍សាជាថ្មី កាលពីថ្ងៃសៅរ៍ ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ដោយនៅថ្ងៃដដែលនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញមុខផងដែរក្នុងការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរក្សាគម្លាត និង ពាក់ម៉ាស់ឱ្យបានគ្រប់គ្នា ។
ពាក់ព័ន្ធទៅនឹងការប្រកួតកីឡាបាល់ទាត់វិញ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសឱ្យដំណើរដដែលជាបណ្តោះអាសន្ន ដោយអនុញ្ញាតិឱ្យមានទស្សនិកជនចូលរួមទស្សនាជាធម្មតា តែត្រូវអនុវត្តន៍នូវវិធានសុវត្ថិភាព ដោយមានការវ៉ាស់កម្តៅ ពាក់ម៉ាស់ និង រក្សាគម្លាតសង្គម ។
ជាក់ស្តែងការប្រកួតនានាត្រូវបានបន្តជាធម្មតា ទាំងនៅក្នុងរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត ដោយកាលពីចុងសប្តាហ៍កន្លងទៅនេះ មានការប្រកួតពានរង្វាន់យុវជន និង ពានរង្វាន់លីគនារី ដោយបញ្ចប់ទៅដោយសុវត្ថិភាព ។ ចំពោះថ្ងៃទី ២៣ និង ២៤ ខាងមុខនេះ ពានរង្វាន់សម្តេចឆ្នាំ ២០២១ ក៏កំពុងតែរៀបចំប្រកួតដូចការគ្រោងទុកជាធម្មតា ៕