លោក Park ហាក់មិនខ្វល់ពីរឿងនេះសោះ ទោះបីកុងត្រាផុតនៅឆ្នាំនេះក៏ដោយ!
លោក Park Hang-seo ដែលត្រូវបានគេស្គាល់ថាជា គ្រូបង្វឹកតែម្នាក់គត់ដែលបានដឹកនាំក្រុមជម្រើសជាតិវៀតណាម ឱ្យឡើងដល់ចំណុចកំពូលបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នឹងត្រូវអស់សុពលភាពកុងត្រារបស់ខ្លួន ជាមួយនឹងជម្រើសជាតិវៀតណាម នៅចុងឆ្នាំ ២០២១ នេះហើយ ។
លោក Park បានបង្ហាញថា លោកហាក់មិនសូវខ្វល់ខ្វាយអំពីរឿងបន្តកុងត្រាថ្មីនោះឡើយ ពីព្រោះការងារលោក គឺត្រូវធ្វើយ៉ាងណាឱ្យវៀតណាម នៅតែជាប្រទេសលេខ ១ ផ្នែកបាល់ទាត់ នៅក្នុងតំបន់អាស៊ាន ដូចសព្វថ្ងៃ។ មួយវិញទៀត ក្នុងឆ្នាំនេះវៀតណាម ក៏ជាម្ចាស់ផ្ទះស៊ីហ្គេម ដូចនេះ ច្បាស់ណាស់បើវៀតណាមលើកពានស៊ីហ្គេម គ្មានអ្វីត្រូវឆ្ងល់ឡើយ គឺលោកនឹងបន្ដកុងត្រាថ្មីនៅទីនេះ។
គួរឱ្យដឹងថា កុងត្រាចាស់របស់លោក បានធ្វើឡើងកាលពីឆ្នាំ ២០១៧ មកម្ល៉េះ ដែលកាលនោះ លោកបានចុះកុងត្រាបង្វឹកក្រុមជម្រើសជាតិវៀតណាម រយៈពេល ៤ ឆ្នាំ (២០១៧ ដល់ ២០១៩)។ កុងត្រានោះ ក៏បានបញ្ជាក់ដែរថា កុងត្រារបស់លោកនឹងត្រូវបានតដោយស្វ័យប្រវត្តិ ប្រសិនបើលោកអាចដឹកនាំក្រុមបានយ៉ាងល្អ នៅពេលដែលកុងត្រាជិតបញ្ចប់៕