ក្លិបធំបារាំង កំពុងចាប់អារម្មណ៍ Agüero ក្រោយ ManCity មិនបន្តកុងត្រាទៀត
ក្លិបបាល់ទាត់របស់លីគកំពូលបារាំង Paris Saint Germain (PSG) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធម្នាក់ទៀត គឺកីឡាករ Sergio Agüero ដែលកំពុងតែលេងនៅក្លិប Manchester City នារដូវកាល ២០២០-២០២១ នេះ ។
PSG កំពុងតែព្យាយាមចាប់យកឱកាសមាសនេះ ខណៈដែល Barcelona ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចំពោះ Agüero ដែរ ។ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នឹងចាកចេញពី ManCity ក្រោយបញ្ចប់រដូវកាល ២០២១ នេះ ដោយនឹងមិនបន្តកុងត្រាជាមួយនឹងក្លិប ManCity របស់គេឡើយ ។ មូលហេតុនេះបានធ្វើឱ្យ PSG នឹងមិនត្រូវចំណាយប្រាក់សូម្បីតែ ១ សេន ដើម្បីទិញយកកីឡាករដ៏ល្អមួយនេះ ។
ការពិតទៅ ManCity ក៏មានបំណងទុកកីឡាកររូបនេះដែរ ក៏ប៉ុន្តែគេគឺជាកីឡាករដែលស៊ីថ្លៃបំផុតនៅក្នុងក្រុម ហើយក៏មានវ័យជ្រេណាស់ទៅហើយដែរ (វ័យ ៣២ ឆ្នាំ) ។ ដូចនេះប្រសិនបើចង់បន្តកុងត្រាថ្មី ក្លិបត្រូវរ៉ាប់រងទៅលើការបន្ថែមប្រាក់ខែ និង អត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់រូបគេ ៕
ប្រភព៖ sportuk