SEAGAMES ២០២១ ម៉ាឡេស៊ី ដាក់ត្រឹមឈុត U19 ឱ្យដណ្តើមមេដាយបាល់ទាត់
យោងតាមកិច្ចប្រជុំរបស់សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានប្រកាសជាផ្លូវការថាឈុតយុវជនអាយុក្រោម ១៩ ឆ្នាំ របស់ខ្លួន នឹងចូលរួមក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ ២០២១ នៅក្នុងប្រទេសវៀតណាម សម្រាប់វិញ្ញាសារបាល់ទាត់បុរស ។
ការប្រកួតបាល់ទាត់បុរសនៅស៊ីហ្គេមឆ្នាំ ២០២១ នៅប្រទេសវៀតណាមឆ្នាំនេះ ត្រូវបានគេដឹងថាគ្រោងនឹងកំណត់យកឈុតយុវជនអាយុក្រោម ២៣ ឆ្នាំ សម្រាប់ការប្រកួតប្រជែង ។ ដូចនេះ មានន័យថា ម៉ាឡេស៊ី និង ចាញ់ប្រៀបប្រទេសនានាក្នុងតំបន់អាស៊ាន ដោយសារតែការដាក់ឈុតយុវជនអាយុក្រោម ១៩ ឆ្នាំសុទ្ធនេះ ។
ចំពោះការដាក់ឈុតយុវជននេះ សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី បានបង្ហាញថាគឺដើម្បីបណ្តុះយុវជនឈុតនេះ ឱ្យកាន់តែខ្លាំងក្លា ដោយពួកគេគឺជាអនាគតបាល់ទាត់របស់ម៉ាឡេស៊ី ។ ហើយម្យ៉ាងទៀត ដោយសារតែឈុតធំរបស់ម៉ាឡេស៊ី ត្រូវបានភារកិច្ចក្នុងការប្រកួតជាច្រើនដូចជា AFF Suzuki Cup និង វគ្គជម្រុះ World Cup ជាដើម៕
ប្រភព៖ FAM