ជំនួបមិត្តភាព កម្ពុជា-ចិន នឹងធ្វើឡើងក្នុងថ្ងៃសម្ភោធ ពហុកីឡដ្ឋានជាតិមរតកតេជោ នៅខែឧសភា
កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ នាខែឧសភា ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC ដែលបានចុះពិនិត្យការសាងសង់ កាលពីចុងខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ។
ឯកឧត្តមបានបញ្ជាក់ថា កីឡដ្ឋានធំនេះអាចប្រើប្រាស់បានចាប់ពីពាក់កណ្តាលឆ្នាំ ២០២០១ ខាងមុខនេះតទៅ ។ អ្វីដែលកាន់តែពិសេសនោះ គឺក្នុងពិធីសម្ភោធកីឡដ្ឋានធំនេះ នឹងមានផងដែរនូវការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមជម្រើសជាតិ កម្ពុជា និង ក្រុមបាល់ទាត់ជម្រើសជាតិចិន ដើម្បីរឹតចំណងមិត្តភាព និង ទុកជាការចងចាំសម្រាប់ប្រទេសទាំង ២ ។
គួរឱ្យដឹងដែរថា ការសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ នេះត្រូវបានរ៉ាប់រងសាងសង់ដោយក្រុមហ៊ុនចិន ដោយកាលពីដំបូងបានដាក់ផែនការបញ្ចប់ការសាងសង់កីឡដ្ឋានដ៏ធំមួយនេះ ឱ្យបានមុនឆ្នាំ ២០២១ តែត្រូវបានខកខានវិញ ដោយសារតែបញ្ហាដឹកជញ្ជូនគ្រឿងបរិក្ខារតម្លើងដំបូល ដែលនាំចូលពីប្រទេសអាល្លឺម៉ង់៕
ប្រភព៖ CAMSEAGAMES2023