Ronaldo ទម្លាក់ Pelé ក្លាយជាអ្នកស៊ុតច្រើនជាងគេបំផុតលេខ ២!
នៅក្នុងការប្រកួត ក្របខណ្ឌ Italia Seria A បើកឆាកក្នុងឆ្នាំ ២០២១ របស់ខ្លួន Ronaldo រកបាន ២ គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ជូលទីបាន ២ គ្រាប់ភ្លាមៗ ដោយបានជួយឱ្យក្រុមយកឈ្នះ លើក្រុម Udinese ក្នុងលទ្ធផល ៤ ទល់នឹង ១ កាលពីយប់ថ្ងៃចន្ទ ទី ០៤ ខែមករា ឆ្នាំ ២០២១។
២ គ្រាប់នេះ បានធ្វើឱ្យកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ រកបានសរុប ៧៥៨ គ្រាប់ ដែលបានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេបង្អស់លើភពផែនដីនេះ លំដាប់ទី ២ ។ កំណត់ត្រានេះគឺជាការបំបាក់វីរបុរសបាល់ទាត់ពិភពលោក Pelé ដែលកាន់កំណត់ត្រានេះ អស់រយៈពេលជាង ៦០ ឆ្នាំ ដោយមាន ៧៥៧ គ្រាប់ ។
ដ្បិតតែនៅចំណាត់ថ្នាក់លេខ ២ ក៏ពិតមែន ក៏ប៉ុន្តែ Ronaldo ហាក់នៅមិនឆ្ងាយឡើយពីតំណែងលេខ ១ ពិភពលោក ដោយរូបគេ ត្រូវការគ្រាប់បាល់តែ ៨ គ្រាប់ទៀតតែប៉ុណ្ណោះ ដើម្បីយកឈ្នះវីរបុរសបាល់ទាត់អូទ្រីស Josef Bican ដែលកាន់កំណត់ត្រាលេខ ១ ពិភពលោក ក្រោយរកបានសរុប ៧៦៦ ក្នុងអាជីពបាល់ទាត់អស់ ២៥ ឆ្នាំ ៕
ប្រភពៈ Mplus