ទីលានបាល់ទាត់មួយខេត្តកោះកុង នៅក្បែរមាត់សមុទ្រ អមដោយដើមឈើបៃតងខ្ចី ស្អាតខ្លាំង
កាលពីព្រឹកថ្ងៃច័ន្ទ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះរូបភាព ៤ សន្លឹក នៃទីលានបាល់ទាត់ របស់សាលាតម្រង់ទិសខេត្តកោះកុង ដោយបានសាងសង់ដោយថរិការបស់សហព័ន្ធ ក្នុងន័យអភិវឌ្ឍបាល់ទាត់ឱ្យកាន់តែរីកចំរើនគ្រប់ខេត្តក្រុងនានា។
តារាងសាលាបាល់ទាត់នេះ ត្រូវបានសហព័ន្ធប្រគល់ជូនដល់សាលាតម្រង់ទិសខេត្តកោះកុង ដើម្បីបណ្តុះបណ្តាលកីឡាករថ្នាលប្រចាំខេត្តរបស់ខ្លួន។
អ្វីដែលចាប់អារម្មណ៍ បើក្រឡេកមកមើលទីតាំងភូមិសាស្ត្ររបស់ទីលាននេះវិញ គឺស្ថិតនៅក្នុងវិទ្យាល័យកោះកុង ដែលមានចម្ងាយប្រមាណជា ១ គីឡូម៉ែត្រតែប៉ុណ្ណោះ ពីស្ពានកោះកុង ដែលជាស្ពានឆ្លងសមុទ្រវែងជាងគេបំផុតរបស់កម្ពុជា ។ ទីតាំងនេះផងដែរ បានផ្តល់នូវគុណសម្បត្តិដ៏ខ្លាំងក្លាដល់កីឡាករដែលហ្វឹកហាត់នៅទីនេះ ដោយសារតែមានខ្យល់អាកាសបរិសុទ្ធ និង អាកាសធាតុត្រជាក់ស្រួលបែបមាត់សមុទ្រ ។
គួរឱ្យដឹងដែរថា យុវជនខេត្តកោះកុង ត្រូវបានគេស្គាល់ថាជាយុវជនដែលខ្លាំងផ្នែកកីឡាបាល់ទាត់ ដោយមានកីឡាករជម្រើសជាតិជាច្រើនបានកកើតចេញពីសាលាតម្រង់ទិសនៃខេត្តមួយនេះ ដែលមានដូចជា សៀង ចន្ធា ជាដើម។ បើនិយាយពី ពានថ្នាក់ខេត្តនានាវិញ ខេត្តមួយនេះកម្រនឹងបាត់មុខណាស់ ពីវគ្គផ្តាច់ព្រ័ត្រ និង ពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ប្រភព៖ ស.ប.ក