ស្ដេចប្រដាល់ប៉ាគីអៅ ក្លាយជាអ្នកតំណាងឱ្យ Game ដ៏ល្បីល្បាញបំផុតមួយ!
កាលពីពេលថ្មីៗនេះក្រុមហ៊ុនហ្គេម Mobile Legend Bang Bang បានបង្ហាញការគាំទ្ររបស់ខ្លួនទៅកាន់ម្ចាស់ជើងឯកប្រដាល់ពិភពលោក លោក Manny Pacquiao ហើយបានតែងតាំងលោកជាឯកអគ្គរដ្ឋទូតហ្គេម Mobile Legend ប្រចាំប្រទេសហ្វីលីពីន។
យោងតាមសេចក្ដីថ្លែងការណ៍របស់ប្រធានគ្រប់គ្រងទីផ្សារ MLBB លោក William Mei បានឲ្យដឹងថាភាពជាដៃគូរនេះមានរយៈពេលជាងមួយឆ្នាំមកហើយ ហើយលោកបានបញ្ជាក់ផងដែរថា ដូចទៅនឹង កីឡាប្រដាល់ដែរ ព្រោះកីឡាអេឡិចត្រូនិច ទាមទារឲ្យយើងមានជំនាញ ការតាំងចិត្តខ្ពស់ និងការប្រឹងប្រែងខាងរាងកាយ ទើបអាចក្លាយជាជើងឯកដូចលោក Pacquiao បាន។ ហេតុនេះហើយទើបហ្គេមនេះបានបញ្ចេញនូវតួអង្គថ្មី តំណាងឱ្យលោក Pacquiao មានឈ្មោះថា Paquito ដែលជាតួអង្គមានកម្លាំងប្រយុទ្ធខ្ពស់ បង្ករការខូចខាតខ្ពស់ដល់គូរសត្រូវ។
តាមរយៈលោក Pacquiao ដែលជាស្ដេចប្រដាល់ពិភពលោកវិញ លោកបាននិយាយថា លោកមិនអាចបដិសេធក្នុងការតែងតាំងលោកជាឯកអង្គរដ្ឋទូតតំណាងឲ្យក្រុមហ៊ុនហ្គេមមួយនេះប្រចាំប្រទេសហ្វីលីពីនបានឡើយ ព្រោះសូម្បីតែកូនៗរបស់លោកនៅផ្ទះ ក៏ជាប្រិយមិត្ត និងជាអ្នកលេងហ្គេមនេះផងដែរ។
គួរបញ្ជាក់ផងដែរថា នៅប្រទេសហ្វីលីពីន, ចំនួនអ្នកដែលលេងហ្គេមមួយនេះមានការកើនឡើងខ្ពស់កំឡុងពេលបិទប្រទេស។ ហើយថ្មីៗនេះ មានអ្នកលេង ចុះឈ្មោះលើសពី ១០០ លានគណនី និង អ្នកលេងសកម្មប្រចាំខែ មានចំនួន ២៥ លានគណនី។
ប្រភព Yugatech