មកស្គាល់ អ្នកចាំទីដែលស៊ីថ្លៃជាងគេបំផុតទាំង ៥ លើលោក នាពេលបច្ចុប្បន្ន
តម្លៃខ្លួនកីឡាករបាល់ទាត់នៅលើពិភពលោកនេះ តែងតែមានការប្រែប្រួលទៅតាមទម្រង់លេងរបស់កីឡាករនីមួយៗ កីឡាករខ្លះមានតម្លៃដល់ទៅរាប់រយលានដុល្លារឯណោះ តែតម្លៃខ្លួននេះមិនអាចយកជាគោលបានទេក្នុងការកំណត់តម្លៃឈ្នួល ឬ ពលកម្មរបស់កីឡាករនីមួយៗ ដោយហេតុថាជួនកាលកីឡាករខ្លះមានតម្លៃខ្លួនថ្លៃ តែទទួលបានប្រាក់ថ្លៃឈ្មួលទាបក៏មាន ។ ក្នុងថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកកីឡាករអ្នកចាំទីទាំង ៥ រូប ដែលមានតម្លៃថ្លៃឈ្មួល ឬ ប្រាក់ខែច្រើនជាងគេបំផុតក្នុងពិភពបាល់ទាត់មកជម្រាបជូនប្រិយមិត្ត ៖
1. David De Gea : កីឡាករអ្នកចាំទីរបស់ក្លិបបាល់ទាត់ Manchester United រូបនេះមានតម្លៃពលកម្មថ្លៃជាងគេបង្អស់ក្នុងលោក ដោយរូបគេអាចរកបាន ៣៧៥ ០០០ អឺរ៉ូ ក្នុងមួយខែ ។
2. Jan Oblak : អ្នកចាំទីសញ្ជាតិស្លូវេនី នៃក្លិប Atlético Madrid រូបនេះ អាចរកបានដល់ទៅ ៣៥០ ០០០ អឺរ៉ូជារៀងរាល់ខែ ។
3. Keylor Navas : អ្នកចាំទីវ័យចំណាស់ ( ៣៣ ឆ្នាំ) របស់ក្លិប Paris Saint-Germain មានចំណូលជាប្រចាំ គឺ ៣២៨ ០០០ អឺរ៉ូ ក្នុងខែមួយខែ ។
4. Sergio Rico : កីឡាកររូបនេះ ក៏លេងឱ្យក្លិប Paris Saint-Germain ដែរ ដោយទទួលបានប្រាក់ខែ ២៨២ ០០០ អឺរ៉ូ ។
5. Manuel Neuer : អ្នកចាំទីរបស់ក្លិប Bayern Munich ដែលបានជួយឱ្យក្លិបឈ្នះពាន UEFA Champions League រូបនេះ បានទទួលប្រាក់ខែចំនួន ២៥៩ ០០០ អឺរ៉ូ ៕
ប្រភព៖ FootyRoom