សរសើរទឹកចិត្ត! វង្ស ណយ យកលុយបានមកពីលក់ងៀតក្របី ដើរធ្វើការងារសប្បុរសធម៌
ប្រិយមិត្តប្រហែលជានៅចាំឈ្មោះកីឡាករប្រដាល់គុនខ្មែរដ៏ល្បីមួយរូបរបស់កម្ពុជា វង្ស ណយ ដែលបានប្រកាសលាឈប់ពីកីឡាប្រដាល់គុនខ្មែរទាំងសោកស្តាយ កាលពីពេលថ្មីៗនេះ ដោយងាកមកចាប់របរលក់សាច់ក្របីងៀត និង កន្ធាយ អនឡាញវិញ ដើម្បីទប់ទល់នឹងជីវភាពគ្រួសារដែលកំពុងតែខ្វះខាត ។
ងាកមករបរថ្មីនេះ កីឡាករពូកែកែងរូបនេះ បានផ្លាស់ប្តូរជីវភាពពីមួយថ្ងៃទៅមួយថ្ងៃ ថ្វីបើមិនអាចក្លាយជាអ្នកមានក៏ពិតមែន តែកីឡាកររូបនេះធ្លាប់បានព្រលយថា ធូរជាងកាលនៅវាយប្រដាល់ ដោយគេអាចទប់ទល់ការចំណាយនានាបានដោយមិនសូវខ្វល់ខ្វាយខ្លាំងដូចពីមុន ។
ក្រោយពីបានធូរស្រាលពីជីវភាពមួយកម្រិត កីឡាករប្រដាល់ដែលធ្លាប់តោកយ៉ាករូបនេះ បានចាប់ផ្តើមដើរធ្វើសប្បរសធម៍ដើម្បីជួយសង្គម។ ជាក់ស្តែងកាលពីថ្ងៃអង្គារ៍ ទី ១៣ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ រូបលោកបានជួយជាមីចំនួន ៤០ កេស ជួយដល់អ្នករងគ្រោះទឹកជំនន់ ។
គួរឱ្យដឹងដែរថា ជារឿយៗ កីឡាកររូបនេះតែងតែដើរជួយដល់កីឡាករប្រដាល់ ក៏ដូចជាជនទុរគតនានាពេល ដែលត្រូវការជំនួយ ។ ដ្បិតមិនបានជួយច្រើនក៏ពិតមែន ក៏ប៉ុន្តែសន្តានចិត្តនេះ បានធ្វើឱ្យអ្នកលំបាកជាច្រើនធូរស្បើយខ្លះៗ និង បានយល់នូវទឹកចិត្តដ៏ល្អរបស់ វង្ស ណយ៕