សារមួយនេះ ធ្វើឱ្យអ្នកគាំទ្រច្រណែន កែវ សុខផេង គ្រប់ៗគ្នា
កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លិបវិសាខា កែវ សុខផេង កន្លងមកធ្វើឱ្យអ្នកគាំទ្រពេញចិត្តចំពោះបច្ចេកទេសលេងរហ័សរហួនរបស់គេ ហើយអ្វីដែលធ្វើឱ្យកីឡាករបាល់ទាត់រូបនេះ កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងទ្វេដងនោះគឺ សុខផេង មានរូបរាងសង្ហា ធ្វើឱ្យសុភាពនារីៗជាច្រើនលង់ស្នេហ៍ចាត់ទុកលោកជា idol ក្នុងដួងចិត្ត ។
ដ្បិតថា កែវ សុខផេង មានរូបរាង មុខមាត់ស្អាតសង្ហាមានមន្តស្នេហ៍ ប៉ុន្ដែគួរឱ្យស្ដាយ ព្រោះកីឡាករឆ្នើមរបស់កម្ពុជារូបនេះ មានម្ចាស់បេះដូងរួចទៅហើយ ដោយពួកគេទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នារង់ចាំតែថ្ងៃចូលរោងការប៉ុណ្ណោះ ។
ថ្មីៗនេះ សុខផេង បានធ្វើឱ្យទស្សនិកជន ជាពិសេសនារីៗដែលគាំទ្រលោក ខ្ទេចខ្ទំបេះដូងខូចចិត្តជាថ្មី ដោយរូបគេបានបង្ហោះរូបថតកៀកកើយជាមួយគូដណ្ដឹងរូបស្រស់ ព្រមទាំងប្រើពាក្យសម្ដីផ្អែមល្ហែមជាងទឹកឃ្មុំជូនពរថ្ងៃកំណើតរបស់នាងទៀតផង ។
សុខផេង ប្រើពាក្យអូនសម្លាញ់ចិត្តហៅគូដណ្ដឹងយ៉ាងពេញៗមាត់ ថែមទាំងជូនពរនាងក្នុងថ្ងៃកំណើតថា «រីករាយថ្ងៃកំណើតអូនសម្លាញ់ចិត្ត ១៣.១០.២០២០ សូមជូនពរអូនមានសុខភាពល្អ ជួបតែសំណាងល្អ មនុស្សល្អ មានតែស្នាមញញឹម និងសម្រេចគ្រប់បំណងប្រាថ្នា» ។
ការបង្ហាញពីវត្តមានគូស្នេហ៍សំណព្វចិត្តរបស់ សុខផេង ធ្វើឱ្យមិត្តភក្ដិជាច្រើនជូនពរ ត្រេកអរចំពោះពួកគេ ប៉ុន្ដែក្នុងនោះក៏នៅតែមានអ្នកគាំទ្រនារីៗជាច្រើនខូចចិត្តមិនទាន់ឈប់ដែរ ៕