ចាន់ រតនា ត្រៀមខ្លួនប៉ះ កីឡាករឥណ្ឌា សងសឹងឱ្យ ខុន ស៊ីចាន់
ជើងខ្លាំងលេខ១ ខាងក្បាច់គុនចម្រុះ MMA ចាន់ រតនា អាចនឹងត្រូវបានឡើងសង្វៀន ONE Championship សារជាថ្មី ក្រោយពីស្ថាប័នប្រដាល់ដ៏ធំបំផុតនៅអាស៊ីមួយនេះ បានបញ្ជាក់ថាកំពុងតែរៀបចំផ្គូរផ្គងកីឡាកររូបនេះ។ ចំពោះការប្រកួតអាចនឹងធ្វើឡើងនៅដើមឆ្នាំ ២០២១ ខាងមុខនេះ ។
ទាក់ទិននឹងការផ្គូរផ្គងនេះដែរ កីឡាករឥណ្ឌា Roshan Mainam ដែលជាកីឡាករមិនដែលចាញ់សោះ នៅលើសង្វៀន ONE Championship កំពុងតែស្ថិតនៅក្នុងការផ្គូរផ្គងនេះ។ កីឡាករឥណ្ឌារូបនេះ ត្រូវបានគេដឹងថាជាអ្នកពូកែចំបាប់ ដោយធ្លាប់យកឈ្នះមិត្តរួមសញ្ជាតិ រតនា កីឡាករ ខុន ស៊ីចាន់ ម្តងរួចមកហើយកាលពីឆ្នាំ ២០១៩ កន្លងទៅ ។
គួរឱ្យដឹងដែរថា ចាន់ រតនា ជាកីឡាករខ្មែរដែលធ្លាប់ប្រកួតច្រើន និង ឈ្នះច្រើនបំផុត នៅ ONE Championship ដោយធ្លាប់ឆ្លងកាត់ការប្រកួត ៧ ដង ក្នុងនោះ ឈ្នះ ៥ ដង និងចាញ់ ២ ដង ៕
ប្រភព៖ ONE