កីឡាករ ៣ រូបនៅលីគកំពូលថៃ ត្រូវក្លិប Leicester City ផ្តល់ឱកាសឱ្យចូលរួមជាមួយ
កីឡាករយុវជន ៣ រូបរបស់ក្លិប Burriram United ដែលជាក្លិបបាល់ទាត់នៅលីគកំពូលថៃ ត្រូវបានក្លិបបាល់ទាត់ Leicester City ផ្តល់ឱកាសឱ្យទៅចូលរួមជាមួយនឹងក្លិបបាល់ទាត់មួយនេះ រយៈពេល ១ ខែ ។ ការទៅចូលរួមជាមួយនឹងក្លិបលីគកំពូលអង់គ្លេសមួយនេះ នឹងធ្វើឡើងនៅខែឧសភា ឆ្នាំ ២០២១ ហើយបញ្ចប់វិញនៅខែមិថុនា ឆ្នាំ ២០២១ ។
កីឡាករទាំង ៣ រូបនោះ រួមមាន ខ្សែប្រយុទ្ធ Supachai Jaided មានវ័យ ២១ ឆ្នាំ, ខ្សែបម្រើប្រយុទ្ធ Supachok Sarachat មានវ័យ ២២ ឆ្នាំ និង ខ្សែប្រយុទ្ធវ័យក្មេង Suphanat Mueanta វ័យ ១៨ ឆ្នាំ ។ កីឡាករទាំង ៣ រូបនេះ ត្រូវបានគេដឹងថា គឺសុទ្ធតែជាកីឡាករឆ្នើមជម្រើសជាតិថៃវ័យក្មេង ដែលជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិថៃ ឈ្នះស្ទើរតែគ្រប់ពានរង្វាន់ក្នុងតំបន់អាស៊ាន ។
Supachai Jaided
Supachok Sarachat
Suphanat Mueanta
ចំពោះមូលហេតុ ដែលក្លិបនៅលីគកំពូលអង់គ្លេសមួយនេះ បានផ្តល់ឱកាសឱ្យទៅដល់ពួកគេទាំង៣ គឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ក៏ប៉ុន្តែត្រូវបានអ្នកសារព័ត៌មានក្នុងប្រទេសថៃ សង្ស័យថា គឺដោយសារតែក្លិបនៅអង់គ្លេសខាងលើមានម្ចាស់ភាគហ៊ុនជាជនជាតិថៃ ៕
ប្រភព៖ smmsport