
ខ្លាំងកប់ហ្មង ! ស្មាតហ្វូនរបស់ Huawei មិនត្រឹមតែបត់បានប៉ុណ្ណោះទេ ថែមទាំងប្រើ 5G បានទៀត (វីដេអូ)
ភ្នំពេញ, ថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០១៩ ៖ ក្រុមហ៊ុន Huawei បានសម្ពោធស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលអាចបត់បាន និង ដំណើរការបច្ចេកវិទ្យា 5G កាលពីថ្ងៃអាទិត្យ ម្សិលមិញ ក្នុងកម្មវិធីសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress) នៅ ទីក្រុង Barcelona ហើយនេះជាការបង្ហាញសាច់ដុំទៅទីក្រុងវ៉ាស៊ីនតោនដែលព្យាយាមរារាំងបច្ចេកវិទ្យា 5G របស់ខ្លួន ។
ការបង្ហាញស្មាតហ្វូនដែលអាចបត់បាននេះ ពិតជាបានទាក់ទាញការចាប់អារម្មណ៍របស់អ្នកចូលរួមយ៉ាងខ្លាំងក្នុងសន្និសីទទូរស័ព្ទពិភព លោកនេះ ។ Huawei Mate X មានតម្លៃ $2,600 ហើយអេក្រង់របស់វាមានព័ទ្ធជុំវិញនៅផ្នែកខាងក្រៅដែលយើងនៅតែអាចមើលបាន នៅពេលដែលនៅបិទដែលឡួយជាង Galaxy Fold របស់ Samsung ។
គួររំឭកផងដែរថា អាមេរិកបានដាក់សម្ពាធលើក្រុមហ៊ុន Huawei យ៉ាងខ្លាំងដោយបានចោទប្រកាន់ថា Huawei បានប្រើឧបករណ៍បច្ចេកវិទ្យារបស់ខ្លួនដើម្បីស៊ើបការរឿងសម្ងាត់ប្រទេសលោកខាងលិច ។ មិនតែប៉ុណ្ណោះ អាមេរិកក៏អំពាវនាវឲ្យប្រទេសជាសម្ព័ន្ធភាពរបស់ខ្លួន កុំប្រើបច្ចេកវិទ្យារបស់ Huawei ផងដែរ ។
ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនធំបំផុតលំដាប់ថ្នាក់លេខពីរក្នុងពិភពលោក និង ជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាប្រព័ន្ធទូរស័ព្ទឈានមុខក្នុងពិភពលោក បានបដិសេធ និង ច្រានចោលការចោទប្រកាន់ទាំងស្រុង ម្តងហើយម្តងទៀត ថាខ្លួនមិនបានប្រើឧបករណ៍បច្ចេកវិទ្យារបស់ខ្លួនដើម្បីស៊ើបការរឿងសម្ងាត់របស់ប្រទេសនាមួយឡើយ ។ ការចោទប្រកាន់នេះ សុទ្ធតែជាហេតុផលនយោបាយរបស់អាមេរិក ។
ក្នុងបទសម្ភាសជាមួយនិង BBC លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei បានលើកឡើងថាអាមេរិក គ្មានផ្លូវអាចវាយបំបាក់យើងបានទេ ។ ពិភពលោកពិតជាត្រូវការ Huawei ។ ការដាក់សម្ពាធនេះនឹងធ្វើឲ្យយើងកាន់តែខ្លាំង និង កាន់តែខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យផលិតផល និង សេវារបស់យើងកាន់តែល្អជាងមុន ។ ប្រសិនបើយើងមិនអាចដំណើរការអាជីវកម្ម នៅប្រទេសលោកខាងលិច យើងនៅតែដំណើរការបាននៅខាងកើត។
ប្រសិនបើប្រទេសលោកខាងជើងមិនស្វាគមន៍ទេ យើងនៅមានប្រទេសនៅលោកខាងត្បូងដែរ ។ រីឯលោក Guo Ping នាយកផ្នែក Rotating របស់ក្រុមហ៊ុន Huawei បានលើកឡើងក្នុងការពិភាក្សារតុមូលជាមួយសារព័ត៍មានកាលពីថ្ងៃ អាទិត្យនៅទីក្រុង Barcelona ថា លោកនៅតែមិនយល់សោះ ហេតុអ្វីបានជាប្រទេសមហាអំណាចមួយនេះ ព្យាយាមវាយប្រហារ និង ធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានទៅលើបច្ចេកវិទ្យាឈានមុខរបស់ Huawei ។
លោកបានបន្ថែមទៀតថា Huawei តែងតែគោរពតាមច្បាប់អាជីវកម្មរបស់ប្រទេសចិន និង ប្រទេសនិមួយៗ ដែលធ្វើអាជីវកម្ម ដូច្នេះ Huawei មិនដែរ និង មិនអាចធ្វើអ្វីមួយដែលផ្ទុយពីច្បាប់របស់ប្រទេសណា មួយបានឡើយ ។ បច្ចេកវិទ្យា 5G ឈានមុខរបស់ Huawei បានដាក់ឲ្យដំណើរការមុនគូរប្រកួតរបសខ្លួនដូចជា Sweden’s Ericsson ឫ Finland’s Nokia បានមុនរហូតដល់ ១២ ខែ ។
គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី ៦៨ ក្នុងចំណោមម៉ាកដែលមានតម្លៃបំផុតក្នុងពិភពលោក ( Forbes World’s Most Valuable Brands) និង ស្ថិតនៅលេខរៀងទី ១២ ពី Brand Finance Global 500 នៅក្នុងឆ្នាំ ២០១៩ ហើយគុណតម្លៃម៉ាក ( brand value) មានការកើនឡើង 63.7% បើប្រៀបធៀបពីឆ្នាំ ២០១៨ ទៅ ២០១៩ ។ មិនតែប៉ុណ្ណោះ Huawei បានលក់ស្មាតហ្វូនក្នុងទីផ្សារ បានរហូតដល់ 200,000,00 គ្រឿងក្នុងឆ្នាំ ២០១៨ ៕
សូមទស្សនាការផ្សាយផ្ទាល់ពីកម្មវិធីសម្ពោធកាលពីយប់មិញ ៖