វ៉ាវ ! មានទូរស័ព្ទ F11 Pro ទៀត ? (វីដេអូ)
រយៈពេល ពីរ បី ថ្ងៃនេះមានព័ត៌មានបែកធ្លាយមួយបានបង្ហាញនូវរូបភាព Poster មួយសន្លឹកថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OPPO ដែលត្រូវបានលេចធ្លាយតាមប្រព័ន្ធអ៊ីនធឺរណេត ដោយក្នុងរូបភាពនោះ គឺបានបង្ហាញរូបរាងស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត ដែលមានឈ្មោះថា F11 Pro ដ៏ទាក់ទាញជាមួយអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X អ៊ីចឹងដែរ ។
ចំណែកការរចនាកាមេរ៉ានៅខ្នងខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង ក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ ។ ជាពិសេស គឺថានៅក្នុងរូបភាព Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវានោះមានទំហំ 48 MP និងមានពាក្យស្លោកជាភាសារអង់គ្លេសថា Brilliant portrait in low light ដែលមានន័យថា កាមេរ៉ាខាងក្រោយ នៃស្មាតហ្វូននេះ នឹងមានមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល ដែលវាអាចនឹងប្រើប្រាស់សេនស័រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម។
ស្របពេលជាមួយគ្នានោះដែរ ស្រាប់តែមានរូបភាពវីដេអូមួយបានលេចធ្លាយមកថ្មីថែមទៀតជាមួយការបង្ហាញតួខ្លូន បង្ហាញផ្នែកខ្នងខាងក្រោយរបស់ស្មាតហ្វូន OPPO ម៉ូឌែល F11 Pro ថ្មីហ្នឹងតែម្តងដែលមានពីរពណ៌ដ៏ទាក់ភ្នែកអ្នកដែលបានមើលវីដេអូនេះ ។ ដោយមានរូបភាព Poster និង វីដេអូសំអាង ដូចគ្នាបែបនេះ ទើបអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំបានសន្មត់ថាវាជា F11 Pro តែម្តង ។ តាមរយៈរូបភាពដែលបានថតនេះ គឺបានបង្ហាញពីជម្រើសពណ៌លើ OPPO F11 Pro ចំនួន ២ ពណ៌ជាប្រភេទ Gradient Color រួមមាន ពណ៌ខៀវ និង ពណ៌ស្វាយលាយពណ៌ទឹកប៊ិច បន្តិចៗដែលមើលទៅស្រលះភ្នែកតែម្តង ។ ដើម្បីឱ្យដឹងច្បាស់សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា ៖
និយាយរួមទាំងអស់នេះ គ្រាន់តែជារូបភាពព័ត៌មានបែកលេចធ្លាយ ដែលបានបង្ហាញពីរចនាប័ទ្ម និង រូបរាងពិត ព្រមទាំងជម្រើសពណ៌ លើទូរសព្ទ OPPO ម៉ូឌែល F11 Pro ថ្មីប៉ុណ្ណោះ ប៉ុន្តែយើងខ្ញុំក៏មិនទាន់ហ៊ានសន្និដ្ឋាន និង កំណត់បានពិតប្រាកដបានទេ ថាវានឹងមានត្រឹមតែ ២ ពណ៌បែបនេះ ឬមានច្រើនលើសពីនេះទៀត និង មានរូបរាងបែបនេះពិតប្រាកដ ឬអត់ ? ព្រោះវាជាព័ត៌មានបែកធ្លាយដែលចែកចាយបន្តគ្នាប៉ុណ្ណោះ ដើម្បីឱ្យកាន់តែដឹងច្បាស់ មានតែរង់ចាំតាមដាន ការបង្ហាញខ្លួនជាផ្លូវការពីក្រុមហ៊ុន OPPO ប៉ុណ្ណោះ ទើបអាចជឿជាក់បាន ៕