តើរថយន្ត SUV មួយណាដែលស័ក្តិសមនឹងលក្ខណៈគ្រួសារដែលមានសមាជិកច្រើន?
ការជ្រើសរើសរថយន្តដែលត្រឹមត្រូវសម្រាប់តម្រូវការប្រើប្រាស់គឺ តម្រូវឱ្យមានការប្រៀបធៀបយ៉ាងម៉ត់ចត់នៃជម្រើសដែលមានលក់នៅលើទីផ្សារ។ បើនិយាយអំពីការទិញរថយន្តថ្មីវិញ លោកអ្នកត្រូវស្វែងយល់ឱ្យច្បាស់ពីកត្តាជាច្រើនដូចជាតម្លៃរថយន្តដែលជាកត្តាសំខាន់សម្រាប់ការសម្រេចចិត្តប្រកបដោយអត្ថប្រយោជន៏ខ្ពស់ ដើម្បីទទួលបានរថយន្តត្រឹមត្រូវ និងសន្សំសំចៃ។ ប្រសិនបើអ្នកត្រូវការរថយន្តប្រភេទ SUV នោះជម្រើសរបស់អ្នកគឺមានកាន់តែច្រើន ដូច្នេះតើអ្នកសម្រេចចិត្តបែបណា ឬជ្រើសរើសម៉ូដែលណាដែលល្អបំផុតសម្រាប់គ្រួសារធំរបស់អ្នក? នៅក្នុងអត្ថបទនេះ អ្នកនឹងទទួលបានពត៌មានមួយចំនួនពីម៉ូដែលប្រភេទ SUV ដ៏ពេញនិយមចំនួន៤ម៉ូឌែលដូចជា៖ Ford Territory, Toyota Veloz, Maxus D60 និង Chevrolet Captiva។ រថយន្តនីមួយៗគឺផ្តល់នូវលក្ខណៈពិសេសច្រើន ទាំងថាមពលបើកបរ និងតម្លៃប្រហាក់ប្រហែលគ្នា ដោយបំពេញតាមតម្រូវការអតិថិជន។
១. រថយន្ត Ford Territory ជារថយន្តប្រភេទ SUV ដែលរួមបញ្ចូលគ្នានូវរចនាបថទាក់ទាញ បំពាក់ដោយបច្ចេកវិទ្យាថ្មីទំនើប និងផ្តល់ការបើកបរប្រកបដោយផាសុកភាព។ រថយន្តនេះបានទាក់ទាញមនុស្សជាច្រើនដែលកំពុងស្វែងរករថយន្តដែលស្រស់ស្អាត ចំណែកតម្លៃរបស់វាគឺ $48,900 ជាមួយនឹងការធានាគុណភាពរយៈពេល 3 ឆ្នាំ ឬ 100,000Km ។
– ជាប្រភេទ SUV 5កៅអី
– ប្រភេទម៉ាស៊ីនសាំងចំណុះ 1.5L EcoBoost ភ្ជាប់ជាមួយប្រអប់លេខ CVT ដែលផលិតថាមពលបាន 141 hp។
– ការរចនាផ្នែកខាងក្នុង គឺមានផាសុកភាពខ្ពស់សម្រាប់គ្រួសារតូចល្មម និងមានទំហំទូលាយល្អ។
– លក្ខណៈពិសេស បំពាក់ដោយអេក្រង់កម្សាន្តទំហំ 10អ៊ីញ, ដំបូលលើបិតបើកបាន, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, កៅអីអេឡិចត្រូនិច, ទ្វារឃ្លុបក្រោយបិតបើកស្វ័យប្រវត្តិ…
– ប្រព័ន្ធសុវត្ថិភាព៖ មានពោងសុវត្ថិភាព, កាមេរ៉ា 360 និងសេនស័រ, មុខងារកំណត់ល្បឿនថេរ, ប្រព័ន្ធផ្តល់ដំណឹងពេលបើកបរខុសគន្លងផ្លូវ, និងប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ។
២. រថយន្ត Maxus D60 គឺមានភាពលេចធ្លោនូវរូបរាង ហើយវាជារថយន្តប្រភេទ SUV ៧កៅអី មានទំហំធំទួលាយ និងរចនាឡើងសម្រាប់គ្រួសារដែលមានសមាជិកច្រើន ជាមួយតម្លៃសមរម្យ បំពាក់ដោយបច្ចេកវិទ្យាទំនើប និងប្រព័ន្ធសុវត្ថិភាពខ្ពស់។ តម្លៃនៅក្នុងទីផ្សារប្រទេសកម្ពុជាគឺ $41,990 និងការធានាគុណភាពរយៈពេល 5ឆ្នាំ ឬ 150,000Km។
– ជាប្រភេទ SUV ៧កៅអី
– ប្រភេទម៉ាស៊ីនសាំងចំណុះ 1.5L តួបួ Turbocharged ផ្តល់កម្លាំង 169hp ភ្ជាប់ជាមួយប្រអប់លេខ DCT 7វគ្គអូតូ។
– ការរចនាផ្នែកខាងក្នុង មានភាពធំទូលាយ ទាំងកៅអីជួរទី២ និងកៅអីជួរទី៣ ផ្តល់ជម្រើសល្អសម្រាប់គ្រួសារធំ។
– លក្ខណៈពិសេស បំពាកដោយអេក្រង់កម្សាន្តទំហំ 12.3អ៊ីញ ភ្ផាប់ជាមួយ Apple CarPlay, កៅអីអេឡិចត្រូនិច ទ្វារឃ្លុបក្រោយស្វ័យប្រវត្តិ, មានដំបូលបិតបើក Panoramic, ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្តិ និងមុខងារច្រើនទៀត។
– ប្រព័ន្ធសុវត្ថិភាព គឺជាប់ចំណាត់ថ្នាក់ផ្កាយ៥ ពីNCAP, ពោងសុវត្ថិភាព, ប្រព័ន្ធហ្វ្រាំង ABS និង EBD, ហ្រ្វាំងដៃអេឡិចត្រូនិច, ប្រព័ន្ធជំនួយ ដូចជា ប្រព័ន្ធកំណត់ល្បឿនថេរ និងប្រព័ន្ធជំនួយពេលបើកបរខុសគន្លងផ្លូវ។
៣. រថយន្ត Chevrolet Capiva ដែលជាការណែនាំថ្មីពីក្រុមហ៊ុន Chevrolet ហើយវាផ្តល់ជូននូវរថយន្តប្រភេទ SUV 7កៅអី និងបំពាក់ផ្តល់ជូនតម្លៃពិសេស $39,999 ។ រថយន្តត្រូវបានគេចាត់ទុកថាជារថយន្តប្រភេទ SUV ដែលមានភាពភាពស្រស់ស្អាត ក៏ប៉ុន្តែវាមិនសូវមានមុខងារប្រើប្រាស់សំបូរបែបនោះទេ។
– ជាប្រភេទ SUV ៧កៅអី
– ប្រភេទម៉ាស៊ីនសាំងចំណុះ 1.5L តួបួ ផ្តល់កម្លាំង 148hp ជាមួយនឹងប្រអប់លេខ CVT។
– ផ្នែកខាងក្នុង មានភាពធំទូលាយគួរសមជាមួយនឹងការរចនាបែបថ្មី។
– លក្ខណៈពិសេស គឺបំពាក់ដោយអេក្រង់កម្សាន្តទំហំ 8អ៊ីញ, ប្រព័ន្ធសោរ smart key ចេញចូលរថយន្តដោយមិនបាច់ប្រើសោរ។
– ប្រព័ន្ធសុវត្ថិភាព គឺបំពាក់ដោយកាមេរ៉ាក្រោយជំនួយពេលចត, ប្រព័ន្ធហ្វ្រាំង ABS និង EBD អមជាមួយពោងសុវត្ថិភាព។
៤. រថយន្ត Toyota Veloz គឺផ្តល់នូវតម្លៃដ៏ល្អត្រឹមតែ $35,900 ហើយវាគឺជាចម្លើយដែលក្រុមហ៊ុន Toyota បាននាំចូលដើម្បីបំពេញតម្រូវការទីផ្សារ សម្រាប់រថយន្តលក្ខណៈគ្រួសារដែលមានរចនាបទបែបថ្មីជារូបរាង SUV ។ នោះហើយដែលធ្វើឱ្យរថយន្ត Toyota Veloz បានក្លាយជាជម្រើសដ៏ទាក់ទាញ។
– ប្រភេទ MPV 7កៅអីដែលមានរូបរាងជា SUV ល្អសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។
– ប្រភេទម៉ាស៊ីនចំណុះ 1.5L ចំនួន 4ស៊ីឡាំង និងភ្ជាប់ជាមួយប្រអប់លេខ CVT ដែលផ្តល់ថាមពល 106hp។
– ផ្នែកខាងក្នុង ផ្តល់ផាសុកភាពខ្ពស់សម្រាប់អ្នករួមដំណើរទាំងកៅអីជួរទី១ និងទី២។
– លក្ខណៈពិសេស បានបំពាក់ដោយអេក្រង់កម្សាន្តទំហំ 9អ៊ីញជាមួយ Apple CarPlay និង Android Auto, ឧបរណ៏សាកថ្មទូរស័ព្ទឥតខ្សែ និងប៊ូតុង smart key។
– ប្រព័ន្ធសុវត្ថិភាព បានបំពាក់នូវកាំមេរ៉ា៣៦០ដឺក្រេ, មុខងារផ្តល់ដំណឹងពេលបើកបរចាកគន្លងផ្លូវ, ប្រព័ន្ធផ្តល់ដំណឹងពីឧបសគ្គនៅខាងក្រោយ និងច្រើនទៀត។
សរុបមក ជម្រើសរបស់អ្នកគឺអាស្រ័យលើតម្រូវការជាក់ស្តែងនៃការប្រើប្រាស់របស់អ្នក ថាតើអ្នកមានទំហំថវិកាប៉ុណ្ណា ត្រូវការទំហំធំទូលាយទេ? ឬត្រូវការលក្ខណៈពិសេសនៃមុខងារប្រើប្រាស់បែបណា? ត្រូវការរថយន្តដែលមានកម្លាំងខ្លាំងប៉ុណ្ណា។
– ទី១ រថយន្ត Ford Territory គឺផ្តល់ជូននូវលក្ខណៈពិសេសទំនើប និងទាន់សម័យ ប៉ុន្តែតម្លៃអាចខ្ពស់បន្តិច។
– ទី២ រថយន្ត Toyota Veloz ងាយស្រួលប្រើសម្រាប់លក្ខណៈគ្រួសារដែលត្រូវការកន្លែងអង្គុយច្រើន ក៏ប៉ុន្តែវាមានថាមពលសមល្មម។
– ទី៣ រថយន្ត Maxus D60 គឺជាជម្រើសមួយសម្រាប់គ្រួសារដែលត្រូវការកន្លែងធំទូលាយ មានថាមពលខ្លាំង និងទទួលបានបច្ចេកវិទ្យាទំនើបក្នុងរថយន្ត SUV ៧កៅអី។
– ទី៤ រថយន្ត Chevrolet Captiva គឺមានតុល្យភាពរវាងតម្លៃសមរម្យ និងបទពិសោធន៍នៃការបើកបរប្រភេទ SUV 7កៅអី ក៏ប៉ុន្តែវាមានលក្ខណៈពិសេសនៃមុខងារប្រើប្រាស់សមល្មម៕