តស់ណាត់គ្នា! ទទួលយកបទពិសោធដើរលេងដ៏អស្ចារ្យនៅខេត្តភូកេត ក្រៈប៊ី និង ផាងង៉ា ដែលល្បីល្បាញថាមានទឹកសមុទ្រថ្លា និង ទេសភាពស្អាតៗ
សម្រាប់ឱកាសពិសេស និងថ្ងៃឈប់សម្រាប់ខាងមុខ គឺជាពេលវេលាល្អសម្រាប់ការធ្វើដំណើរកម្សាន្តហើយ! តើអ្នកមានគម្រោងទៅកម្សាន្តកន្លែងណាខ្លះហើយឬនៅ? តស់! មកសាកល្បងធ្វើដំណើរកម្សាន្តក្រៅប្រទេសទៅតំបន់សមុទ្រនៅភាគខាងត្បូង ប្រទេសថៃ ក្នុងដែនដីខេត្តភូកេត ក្រៈប៊ី និង ផាំងង៉ា ដែលអ្នកទេសចរគ្រប់វ័យនឹងទទួលបានបទពិសោធដើរលេងយ៉ាងសប្បាយ ជាមួយសេវាកម្មចម្រុះមានតម្លៃសមរម្យ និង មានគុណភាពស្តង់ដារអន្តរជាតិ ។
ខេត្តភូកេត ក្រៈប៊ី និង ផាងង៉ា គឺជាខេត្តស្ថិតក្នុងតំបន់សមុទ្រ Andaman មានកេរ្តិ៍ឈ្មោះល្បីល្បាញថាមានទឹកសមុទ្រថ្លា ឆ្នេរខ្សាច់សម៉ដ្ត ដែលភ្ញៀវទេសចរជាច្រើនតែងសរសើរមិនដាច់ពីមាត់ថាជាឋានសួគ៌សម្រាប់អ្នកស្រលាញ់សមុទ្រ។
១. ខេត្តភូកេត
ជាដែនដីកោះធំបំផុតមួយនៅភាគខាងត្បូងប្រទេសថៃ ខេត្តភូកេត បានទាក់ទាញអ្នកទេសចរឱ្យទាក់ចិត្តតាំងពីបានឃើញសម្រស់កោះ តាមមាត់បង្អួចមុនពេលយន្តហោះហៀបនឹងចុះចត។ Old Town ឬ ទីក្រុងចាស់មួយ ដោយអ្នកទេសចរអាចរីករាយនឹងការភ្លក់អាហារឆ្ងាញ់ៗតាមដងផ្លូវ ចូលហាងកាហ្វេប្លែកៗ ទិញសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ និង វត្ថុសិល្បៈជាច្រើន។ ជាមួយសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រ ចិន-ព័រទុយហ្គាល់ រំលេចពណ៌ឆ្លាស់គ្នា វិថី Soi Romanee នៃ Old Town បានជាប់លំដាប់ទី ១៩ ពី Seasia.stats ក្នុងឆ្នាំ ២០២៣ ជាវិថីស្រស់ស្អាតបំផុតនៅក្នុងពិភពលោក។
ម្ហូបអាហារទីនេះមានលក្ខណៈច្នៃប្រតិដ្ឋ និង ចម្រុះជាតិសាសន៍ រាប់តាំងពី ថៃ ចិន ម៉ូស្លីម ឥណ្ឌា និង អឺរ៉ុប បានច្របាច់បញ្ចូលគ្នាក្លាយជាអាហារប្រចាំតំបន់មួយ។ ភោជនីយដ្ឋានប្រណីតជាច្រើនបានចម្អិនម្ហូបដោយចុងភៅបទពិសោធខ្ពស់ និង ប្រើគ្រឿងផ្សំស្រស់ៗមានគុណភាពខ្ពស់ ធ្វើឱ្យកាលពីឆ្នាំ ២០១៥ ភូកេតបានក្លាយជាទីក្រុងដំបូងគេនៅអាស៊ីអាគ្នេយ៍ ទទួលស្គាល់ពីអង្គការ UNESCO ជាទីក្រុងមានភាពច្នៃប្រតិដ្ឋបំផុតទៅលើសិល្បៈធ្វើម្ហូប។
ក្រឡេកមកការកម្សាន្តឯសមុទ្រវិញ កោះភូកេតហ៊ុមព័ទ្ធដោយឆ្នេរខ្សាច់ស្រស់ស្អាតជាច្រើន ដូចជា ឆ្នេរ Rawai ឆ្នេរ Patong ឆ្នេរ Karon ឆ្នេរ Kamala ឆ្នេរ Kata Yai ឆ្នេរ Kata Noi និង ឆ្នេរ Mai Khao។ កន្លែងមួយដែលទេសចរមិនដែលរំលង នោះគឺជ្រោយ Laem Phromthep ជាចំណុចទីតាំងមើលថ្ងៃរៀបលិចដ៏អស្ចារ្យបំផុត។
នៅលើដីកោះភូកេត អ្នកទេសចរក៏អាចរីករាយនឹងសកម្មភាពផ្សងព្រេងរំភើបៗដូចជា ជិះទូកកៃយ៉ាក់ ជិះខ្សែរ៉ត ជិះស្គីលើទឹក ជិះទូកពោងតាមទឹកជ្រោះ ជិះម៉ូតូកង់បួនចូលព្រៃ និង ឆត្រយោង ជាដើម។ បើចង់ផ្សងព្រេងជុំវិញសមុទ្រ Andaman អ្នកអាចជ្រើសរើសការជិះទូកក្តោងប្រណីតជាលក្ខណៈគូស្នេហ៍ ឬ គ្រួសារ ដែលនៅទីនោះមានផ្តល់ជម្រើសទូកស៊ីវិល័យលំដាប់ខ្ពស់ទៅតាមតម្រូវការ។
សម្រាប់អ្នកនិយមលេងកីឡាវាយកូនហ្គោល នៅភូកេតក៏មានក្លឹបវាយកូនហ្គោលធំៗ មានទីលានរចនាឡើងតាមស្តង់ដារអន្តរជាតិ ទីតាំងមានបរិយាកាសស្ងប់ស្ងាត់ល្អ ប្រកបដោយទេសភាពព្រៃភ្នំ បឹង សមុទ្រ និង ទីទួលខ្ពស់មើលឃើញព្រៃឈើបន្ទាបខ្លួនទៅរកផ្ទៃទឹកយ៉ាងស្រស់ស្អាតដាច់កន្ទុយភ្នែក។
ចំពោះការស្នាក់នៅវិញ ភូកេតប្រមូលផ្តុំទៅដោយសណ្ឋាគារប្រណីតផ្តាច់មុខ។ បន្ទប់ភាគច្រើនត្រូវបានរៀបចំជាវីឡា ភ្ជាប់មកជាមួយអាងហែលទឹកឯកជន មានកន្លែងទទួលទានអាហារ កន្លែងគេងហាលថ្ងៃ ពិសេសបែរមុខទៅសមុទ្រ ផ្តល់ឱកាសឱ្យយើងបានគន់ផ្ទាល់ភ្នែកនូវផ្ទាំងទេសភាពបីដូចគំនូរ។ រាល់ភ្ញៀវដែលបានមកសម្រាកកម្សាន្ត រមែងតែមិនចង់ឃ្លាតឆ្ងាយឡើយ។
២. ខេត្ត ក្រៈប៊ី
ក្រឡេកមកខេត្តក្រៈប៊ី គឺជាទិសដៅទេសចរណ៍ល្បីល្បាញមានឆ្នេរខ្សាច់ និង កោះដ៏អស្ចារ្យ ស័ក្តិសមបំផុតសម្រាប់ការលម្ហែបែបស្ងប់ស្ងាត់ និង រំសាយភាពតានតឹង។ សមុទ្រនៅខេត្តក្រៈប៊ី ជាពិភពផ្កាថ្មចម្រុះពណ៌ស្រស់ស្អាតបំផុត ដែលបានទាក់ទាញទេសចរមកពីជុំវិញពិភពលោក។ មានកន្លែងទេសចរ ដូចជា អាងណាង, ឆ្នេរណារ៉ាត់ថារ៉ា បណ្តុំកោះភីភី ជាឋានសួរសម្រាប់អ្នកមុជទឹក ដែលមានឈ្មោះបោះសម្លេងលើសាកលលោក ។
កោះ Hong និង កោះ Poda ប្រៀបបានឋានសួគ៌ក្រោមមេឃដ៏អាថ៌កំបាំង។ ចំកណ្តាលនៃកោះនេះមានរាងជាពាក់កណ្តាលរង្វង់ បង្កើតបានជាបឹងមានបរិយាកាសស្ងប់ស្ងាត់ ឆ្នេរខ្សាច់សក្បុស អំណោយផលសម្រាប់ការសម្រាកលម្ហែ។ ឯការជិះទូកប្រណីត Luxury long tail boat ផ្តិតយករូបភាព និង រុករកសម្រស់ធម្មជាតិនៅប្រជុំកោះនេះ ក៏ជាសកម្មភាពមួយមិនគួររំលងដែរ។ អ្នកទេសចរក៏អាចទៅលេងវត្ត Tham Suea (Tiger Cave Temple) មានទីតាំងស្ថិតនៅលើភ្នំ តម្រូវឱ្យឡើងតាមជណ្តើរចំនួន ១២៦០ កាំ។ ក្រៅពីបានឡើងទៅសុំពរជ័យនៅទីនោះហើយ អ្នកក៏អាចទស្សនាសមុទ្រពពក និង ព្រះអាទិត្ររះ ក៏ដូចជាទេសភាពរបស់ខេត្តក្រៈប៊ីទាំងមូលផងដែរ។
ខេត្តនេះនៅមានព្រៃកោងកាងដ៏សម្បូរបែប ដោយអ្នកទេសចរអាចទៅកម្សាន្ត និង ស្រូបខ្យល់អាកាសបរិសុទ្ធបន្ថែមថាមពលជីវិត ជាមួយទេសភាពធម្មជាតិដ៏ស្រស់បំព្រងថែមទៀត។ បន្ថែមលើនោះ មានការជិះទូកកម្សាន្តទស្សនាព្រៃកោងកាង ឬ អាចជិះទូកកៃយ៉ាក់នៅ Ao Tha Lane ទៀតផង។
បន្ទាប់ពីដើរកម្សាន្តហត់នឿយ ទេសចរអាចទៅបន្ធូរអារម្មណ៍នៅកន្លែងស្ប៉ានានាយ៉ាងពេញចិត្ត។ ក្នុងនោះមានទឹកធ្លាក់ ទឹកធ្លាក់ក្លង់តម (Khlong Thom Hot Spring Wafterfall) កើតចេញប្រភពរ៉ែក្ដៅក្រោមដី វាមានសីតុណ្ហភាពប្រហែល ៤២ អង្សាសេ សម្បូរដោយសារធាតុរ៉ែច្រើនប្រភេទល្អដល់សុខភាព។ ទីនេះត្រូវបានគេចាត់ទុកថាជាកន្លែងស្ប៉ាទឹកក្តៅធម្មជាតិមួយដ៏ល្បីក្នុងប្រទេសថៃ។ នៅមានកន្លែងស្ប៉ាឯកជនជាច្រើនទៀត ដូចជាការម៉ាស្សាបែបប្រពៃណីថៃ រហូតដល់ការស្ប៉ាជាកញ្ចប់។ បទពិសោធទាំងនេះ អាចធានាបានថាអ្នកនឹងទទួលបានអារម្មណ៍ប្លែក ធូរស្រាលពីភាពតានតឹង សម្រាកផ្លូវកាយ និង សុខុមាលភាពផ្លូវចិត្ត។ នេះមិនចម្លែកឡើយដែលកន្លែងស្ប៉ានៅក្រៈប៊ីបានឈ្នះពាន់រង្វាន់ផ្ទួនទៅលើគុណភាព សោភណភាព ក៏ដូចជាសេវាកម្ម។
៣. ខេត្ត ផាងង៉ា
មកលេងខេត្តនេះ ភ្ញៀវនឹងទទួលបានបទពិសោធជាមួយការរុករកសម្រស់ធម្មជាតិដ៏អស្ចារ្យ សកម្មភាពផ្សងព្រេងចម្រុះ ព្រមនឹងការស្វែងយល់ពីសិល្បៈវប្បធម៌របស់ទីក្រុងចំណាស់។ ឧទ្យានជាតិ Ao Phang nga ជាទិសដៅទេសចរណ៍មានប្រជាប្រិយភាពបំផុតនៅក្នុងខេត្ត។ ឯទីតាំងកំពូលភ្នំ Samet Nangchi ស្ថិតនៅកម្ពស់ ៨០០ ម៉ែត្រ គឺជាកន្លែងអាចទស្សនាទិដ្ឋភាព ៣៦០ ដឺក្រេ ផ្តល់នូវទេសភាពអស្ចារ្យគ្មានពីរនៃឈូងសមុទ្រផាងង៉ានេះ។ ដោយឡែកពីសមុទ្រ អ្នកទេសចរក៏អាចជិះក្បូនឫស្សីតាមទឹកហូរ រួមនឹងរីករាយហែលទឹកទន្លេយ៉ាងត្រជាក់ចិត្តទៀតផង។
មកកម្សាន្តនៅផាងង៉ាមានគ្នាច្រើន ជាលក្ខណៈមិត្តភក្តិ ឬ គ្រួសារកាន់តែសប្បាយរីករាយ ដោយសារទីនេះ ជាបណ្តុំទេសចរណ៍សកម្មភាពកីឡាចម្រុះ។ តួយ៉ាង ទឹកសមុទ្រពណ៌បៃតងអមនឹងថ្មច្រាំងធំៗ បានផ្តល់ជាគំនិតក្នុងការជិះទូកកៃយ៉ាក់ ជិះទូក canoe និង ជិះក្តារ SUB។ បើចង់ជិះស្គីលើទឹក អាចឆ្ពោះទៅឆ្នេរខ្សាច់ Memories Beach ដែលមានរលកធំៗ អាចឱ្យអ្នកជំនាញជិះស្គីទឹកគ្រប់លំដាប់បញ្ចេញសមត្ថភាព។ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ផាងង៉ា ក៏ជាផ្លូវរត់ហាត់ប្រាណ និង រត់ម៉ារ៉ាតុងដ៏ពេញនិយមផងដែរ។ ទីនេះក៏មានវគ្គបង្រៀនគុន Muay Thai រួមទាំងមានការទស្សនាផ្ទាល់ការប្រដាល់គុនផងដែរ។ សម្រាប់អ្នកចង់ផ្តិតរូបភាពស្អាតៗនៅលើឆ្នេរខ្សាច់ យើងសូមណែនាំទៅកម្សាន្តកោះពីរគឺ កោះ Panyee និង កោះ James Bond។
ចំពោះទីក្រុងចំណាស់មួយឈ្មោះ Takua Pa នៅផាងង៉ា ជាកន្លែងអាចស្វែងយល់ពីសិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ និង ស្ថាបត្យកម្ម។ ស្ថាបត្យកម្មនៅTakua Pa មានសំណង់រចនាប័ទ្មបែប ចិន-អឺរ៉ុប អគារក្នុងទីក្រុងមិនត្រឹមតែជាលំនៅដ្ឋានប៉ុណ្ណោះទេ តែវាក៏ជាហាងកាហ្វេ ហាងទំនិញ ព្រមជាមួយសិល្បៈគំនូរលើជញ្ជាំង ដែលបន្ថែមសោភណភាពលម្អិតប្រវត្តិសាស្ត្រផងដែរ។ រៀងរាល់ថ្ងៃអាទិត្យ ផ្លូវ Sri Takua Pa នឹងក្លាយជាផ្លូវដើរដ៏រស់រវើក ប្រមូលផ្តុំទៅដោយការដាក់លក់អាហារ និង បង្អែមប្រចាំតំបន់។
ជាឱកាសល្អមួយសម្រាប់ភ្ញៀវទេសចរកម្ពុជា ដែលរស់នៅក្នុងខេត្តសៀមរាប បាត់ដំបង និង រាជធានីភ្នំពេញ មានបំណងធ្វើដំណើរកម្សាន្តទៅទីកន្លែងទេសចរណ៍ដ៏សម្បូរបែបជាច្រើនក្នុងខេត្តភូកេត ផាំងង៉ា និង ក្រៈប៊ី គឺកាន់តែមានភាពងាយស្រួលជាមួយការធ្វើដំណើរ ដោយជើងហោះហើរត្រង់ពីសៀមរាប ទៅភូកេត ប្រចាំសប្តាហ៍ចំនួនបីលើក ចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia។
បើធ្វើដំណើរពី ភូកេត មក អ្នកទេសចរអាចធ្វើដំណើរទៅកាន់ខេត្តក្រៈប៊ី ដែលចំណាយពេលប្រហែល ២ ម៉ោង និងប្រមាណជា ៣ ម៉ោងប៉ុណ្ណោះក្នុងការទៅដល់ខេត្ត ផាងង៉ា តាមរយៈរថយន្តឈ្នួល ហើយខេត្តនីមួយៗពិតជាមានភាពទាក់ទាញ និងបង្កប់អត្តសញ្ញាណទីទៃផ្សេងៗពីគ្នាដែលជាទីគួរឱ្យចង់ទស្សនានិងស្វែងយល់។
សម្រាប់អ្នកចាប់អារម្មណ៍ និង ចង់ស្វែងយល់បន្ថែមអំពីការទេសចរណ៍នៅប្រទេសថៃជាទូទៅ និង ការទេសចរណ៍នៅក្នុងខេត្តទាំង ៣ ដែលបានរៀបរាប់ជាពិសេស អ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមបានតាមរយៈតំណភ្ជាប់ខាងក្រោមនេះ។ អូភ្លេច! នៅភូកេតតែងមានព្រឹត្តិការណ៍អស្ចារ្យជាច្រើនដែលនឹងកើតឡើងផងដែរ។ មិនគួររំលង នៅថ្ងៃទី ១៤ ដល់ ១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅភូកេតមានកម្មវិធី «ការប្រកួតរត់ម៉ារ៉ាតុង Laguna Phuket ២០២៥» ក្នុងទិសដៅដ៏ស្រស់ស្អាតបំផុតមួយរបស់ពិភពលោក។ តស់! ចាំដល់ណាទៀត ត្រៀមវ៉ាលិស និង កត់ទុកកន្លែងទាំងអស់គ្នា៕
សម្រាកដើម្បីបំពេញថាមពលយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិយ៉ាងសម្បូរបែប!
https://www.tourismthailand.org/home
Fanpage: Amazing Thailand in Cambodia (https://www.facebook.com/Amazingthailandincambodia)