
ព្រឺរោម ! សាវីន ហ្វីលីប ចង់សន្លប់ម្តងៗ ពេលលេងស្និទ្ធជាមួយពស់វែក
ខ្សែភាពយន្តភាគបុរាណខ្មែរដែលប្រមូលផ្តុំទៅដោយតារាសម្តែងជាច្រើនជំនាន់កំពុងតែបង្ហាញវត្តមានពីវគ្គមួយ ទៅវគ្គមួយយ៉ាងជក់ចិត្តនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នៅរៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ វេលាម៉ោង ៨ យប់ និង រស្មីហង្សមាស HDTV វេលាម៉ោង ១២ ថ្ងៃត្រង់ ។
កាលពីយប់មិញនេះភាគមួយដែលមានឈុតតម្រូវឲ្យលោក សាវីន ហ្វីលីប ដែលដើរតួជា នាយជា ត្រូវជាឪពុករបស់ មាណព កាន់ពស់វែកដ៏ធំពិតៗនៅនឹងដៃ ថែមទាំងធ្វើទឹកមុខចងកំហឹងនឹងសត្វពស់ សម្លឹងមុខវាជិតៗ ដែលមើលទៅពិតជាគួរឲ្យព្រឺរោមណាស់ ហើយក៏ពិតជាសរសើរដល់សមត្ថភាពសម្តែងជាមួយ សត្វអាសិរពិសដោយមិនញញើត ។
លោក សាវីន ហ្វីលីប បានបង្ហោះថា «យប់នេះមានឱកាសបានអង្គុយមើលរឿងខ្លួនឯងសម្ដែង ! ឈុតនេះខ្ញុំខ្លាចពស់វែកក្របីចឹកខ្លាំងណាស់ ! ទោះយ៉ាងណាខំសម្ដែងអស់ពីសមត្ថភាពហើយនូវឈុតឆាកដ៍គ្រោះថ្នាក់មួយនេះ» លោកក៏បានបន្ថែមប្រាប់ឲ្យដឹងថា មួយឈុតនេះទស្សនិកជនឃើញថាល្អដូចធម្មជាតិ តែខ្ញុំនេះភ័យចង់សន្លប់ទៅហើយដំបូងៗតែនៅតែខំព្យាយាមសម្តែងឲ្យបានល្អ ។ រង់ចាំទស្សនាបន្តនូវភាគបន្ទាប់ក្នុងរាត្រីនេះនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV វេលាម៉ោង ៨ យប់ ៕