
ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black 150cc ដល់កីឡាការិនី បូ សំណាង
កញ្ញា បូ សំណាង ដែលជាអត្តពលិករត់ប្រណាំងជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ Sea Game 2023 ថ្មីៗនេះ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុង និង ក្រៅប្រទេស។
នាងត្រូវបានគេស្គាល់នូវភាពល្បីល្បាញដោយសារការរត់ចម្ងាយ ៥០០០ ម៉ែត្រ ដែលបដិសេធមិនព្រមចុះចាញ់ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែលកម្ពុជាជាម្ចាស់ផ្ទះ ទោះបីជានាងជាអ្នកចុងក្រោយក្នុងទីលាននៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ ជីវិតរបស់នាងត្រូវបានផ្លាស់ប្តូរ ១៨០ ដឺក្រេ នៅពេលពាក់កណ្តាលខែមុនក្នុងអាយុ ២០ ឆ្នាំ ជាអត្តពលិកម្នាក់ដែលសង្ឃឹមថានឹងធ្វើឱ្យបានល្អបំផុតអំឡុងពេលប្រកួតស៊ីហ្គេមក្នុងប្រទេសរបស់ខ្លួន មិនថាលទ្ធផលមិនដូចការរំពឹងទុកក្តី តែជាការតាំងចិត្តដែលនាងបានបង្ហាញក្នុងអំឡុងពេលរត់ប្រណាំង ៥០០០ ម៉ែត្រ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។
ដោយឃើញទឹកចិត្តស្រឡាញ់ជាតិ និង កាតព្វកិច្ចរបស់នាងខ្លាំងបែបនេះ (ទោះបីជានាងក៏កើតជំងឺស្លេកស្លាំង) ក្រុមហ៊ុន Peugeot Motocycles មានសេចក្តីសោមនស្សរីករាយក្នុងការឧបត្ថម្ភកីឡាការិនីក្លាហាន បូ សំណាង នូវម៉ូតូស៊េរីថ្មី Peugeot Django 150cc ពណ៌ Matte Black ជារង្វាន់ដល់នាង។
ម៉ូតូ Django 150cc គឺជាម៉ូឌែលដ៏ប្រណីតនៃម៉ូតូ Peugeot ដែលទទួលបានចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សសម្រាប់អ្នកចូលចិត្តប្រភេទម៉ូតូ Scooter ក្នុងប្រទេសកម្ពុជា។ ការឧបត្ថម្ភម៉ូតូ ដែលជាកេរតំណែលពីប្រទេសបារាំងនេះដល់ បូ សំណាង ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា ម៉ូតូនេះនឹងជួយឱ្យនាងមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន និង អាចប្រើប្រាស់វាជារៀងរាល់ថ្ងៃបានយ៉ាងរលូនសម្រាប់ការងារកីឡា និង ការសិក្សានៅសាកលវិទ្យាល័យរបស់នាង ដែលគ្រោងនឹងចុះឈ្មោះចូលរៀនក្នុងគោលដៅជាមេធាវី ឬ អ្នកជំនាញផ្នែកព័ត៌មានវិទ្យា។
ម៉ូតូ Scooter ពិតជាស័ក្តិសមសម្រាប់ក្មេងជំទង់ និង មនុស្សពេញវ័យ ព្រោះម៉ូតូបានភ្ជាប់មកជាមួយបច្ចេកវិទ្យាដ៏ឆ្លាតវៃ ការរចនាបែបសាមញ្ញ ប៉ុន្តែរូបរាងគឺមានភាពទាក់ទាញ ទាំងប្រណីតភាព និង ផាសុកភាព ជាមួយតម្លៃដ៏ល្អ ប្រសិនបើប្រៀបធៀបជាមួយនឹងម៉ូតូផ្សេងទៀតដែលមានកំលាំងម៉ាស៊ីនដូចគ្នា។ Peugeot Django Matte Black ត្រូវបានផ្តល់ឱ្យកីឡាការិនី បូ សំណាង ពិតជាស័ក្តិសមនឹងស្តាយសមរម្យរបស់នាងជាមួយនឹងពណ៌ខ្មៅបែប Classic ធ្វើឱ្យនាងមើលទៅមានភាពជឿជាក់គ្រប់ពេលដែលបើកបរ ស្របពេលដែលម៉ូតូនេះបង្ហាញពីអនុភាពអំណាចដូចនឹងឡូហ្គូរូបសត្វតោពិតៗ។
លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia (TF Motors Cambodia គឺជាក្រុមហ៊ុននាំចូលនិងចែកចាយម៉ូតូម៉ាក Peugeot Motocycles តែមួយគត់បូករួមនឹងវិស័យយានយន្តផ្សេងទៀតដូចជាឡាន MG Car, ម៉ូតូ Royal Enfield & ឡាន Maxus ផងដែរ) បានមានប្រសាសន៍ថា ៖ «ក្រុមហ៊ុនយើងខ្ញុំពិតជារីករាយដែលបានជួយ និង បានឃើញអត្តពលិកក្លាហានដូច បូ សំណាង ថ្វីដ្បិតតែមិនទទួលបានមេដាយមាសក៏ដោយក្តី ក៏នាងឈ្នះបេះដូងប្រជាជនកម្ពុជាទាំងអស់ និង នាំកិត្តិនាមមកប្រទេសជាតិ សម្រាប់ការប្តេជ្ញាចិត្តដ៏មុតមាំរបស់នាង» ៕