សែលកាត ជំរុញឱ្យបណ្តាក្រុមហ៊ុននានានៅកម្ពុជាគាំទ្រ CSR Platform
ភ្នំពេញ, ថ្ងៃ ៣០ ខែវិច្ឆិកា៖ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍មានម្ចាស់ភាគហ៊ុន ១០០% ជាខ្មែរ កំពុងតែជំរុញឲ្យបណ្តាក្រុមហ៊ុននានានៅកម្ពុជាផ្តោតសំខាន់លើបទដ្ឋាននៃទំនួលខុសត្រូវអាជីវកម្ម ដែលហៅកាត់ថា RBC ពីព្រោះវាអាចផ្តល់ផលជាវិជ្ជមានក្នុងការផ្លាស់ប្តូរសង្គមឲ្យប្រសើរជាងមុន ។
សែលកាត ជាសមាជិកនៃ CSR Platform Cambodia ជាសមាគមមួយដែលមានក្រុមហ៊ុន និង អង្គការជាច្រើន ផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ។ សមាគមនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ដែលយកចិត្តទុកដាក់លើការផ្សព្វផ្សាយពីការយល់ដឹងពីទំនួលខុសត្រូវអាជីវកម្មទាំងក្នុងវិស័យឯកជន និង សាធារណៈ ដែលសព្វថ្ងៃមានសមាជិកចំនួន ៥០ ក្រុមហ៊ុន ។ សមាគមនេះ សង្ឃឹមថានឹងអាចបង្កើនការយល់ដឹងពីការអនុវត្តន៍ទំនួលខុសត្រូវអាជីវកម្មតាមរយៈការធ្វើសន្និសីទជាសាធារណៈលើកដំបូងរបស់ខ្លួនពីប្រធានបទជាច្រើនទាក់ទងនឹងទំនួលខុសត្រូវអាជីវកម្ម ។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson បានលើកឡើងថា ការយកចិត្តទុកដាក់លើទំនួលខុសត្រូវអាជីវកម្មហាក់បីដូចជានៅមានកម្រិតនៅប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងប្រទេសដទៃក្នុងតំបន់ ។ ទាំងនេះ គឺត្រូវការការចូលរួមពីក្រុមហ៊ុនជាច្រើនក្នុងការបោះជំហាននៃការបង្កើតកម្មវិធីទំនួលខុសត្រូវអាជីវកម្មផ្សេងៗជាច្រើន ។ លោកបានបន្តទៀតថា សព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើន បានគាំទ្រសកម្មភាពសប្បុរសធម៌ និង គម្រោងសហគមន៍ ព្រមទាំងការជួយឧបត្ថម្ភកម្មវិធីជាច្រើនផងដែរ ។ ប៉ុន្តែយើងត្រូវបោះជំហានមួយកម្រិតទៀតចំពោះទំនួលខុសត្រូវសង្គមដែលហៅថា CSR ដើម្បីធានាឲ្យបាននូវការវិនិយោគដែលអាចវាស់វែងបាន និង មានឥទ្ធិពលជានិរន្តរភាពក្នុងសង្គម ។
សម្រាប់សែលកាត យើងចង់ឲ្យមានការយល់ដឹងកាន់តែច្រើនពីទំនាក់ទំនងព័ត៌មាន និង បច្ចេកវិទ្យា ដែលហៅថា ICT ។
យើងផ្តល់តម្លៃសមរម្យក្នុងការប្រើប្រាស់អ៊ីនធឺរណេតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ពីព្រោះវាអាចផ្តល់ផលជាវិជ្ជមានដល់ផលិតផលក្នុងស្រុកសរុប (GDP) ប្រទេសរបស់យើងតាមរយៈការប្រើប្រាស់អ៊ីនធឺរណេត ។
លោក Watson បានបន្ថែមទៀតថា ក្រុមហ៊ុននីមួយៗគួរតែប្រើប្រាស់យុទ្ធសាស្ត្រក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ដោយផ្សារភ្ជាប់ទៅនិងការផ្លាស់ប្តូរជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រទេសរបស់យើង ។ CSR Platform អាចផ្សារភ្ជាប់ក្រុមហ៊ុន និង អង្គការនានាជាមួយនឹងការយល់ដឹង ព្រមទាំងការជួយជំរុញការអនុវត្តន៍ទំនួលខុសត្រូវសង្គម ។ សន្និសីទប្រចាំឆ្នាំលើកទីមួយរបស់ CSR Platform ធ្វើឡើងនៅសណ្ឋាគារ Intercontinental ថ្ងៃ ៣០ វិច្ឆិកា ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច ៕
អ្នកអាចធ្វើការចុះឈ្មោះតាមរយៈ secretariat@csrcambodia.org