ពិធីសម្ពោធខ្សែភាពយន្តភាគខ្មែរ រឿង «ម្ចាស់កីតម្បាញ» បានប្រព្រឹត្តឡើងយ៉ាងអធឹកអធម ជាមួយចូលរួមពីសិល្បករល្បីៗ និង មហាជនរាប់រយនាក់ នៅហង្សមាស Palace ក្នុងផ្សារទំនើបអ៊ីអនសែនសុខស៊ីធី
នេះជាព្រត្តិការណ៍ដ៏អស្ចារ្យ និង ល្អបំផុតសម្រាប់ការបើកបង្ហាញភាពយន្តភាគខ្មែរដែលមានគុណភាព ទៅកាន់មហាជនទាំងក្នុងនិងក្រៅប្រទេស ជាពិសេសជារឿងដែលបង្ហាញពីក្នុងសម័យកាលប្រវត្តិសាស្រ្តខ្មែរគឺក្នុងសម័យលង្វែកទៀតផង។
ងាកក្រឡេកមើលភ្ញៀវកិត្តិយសដែលបានចូលរួម ឃើញថាពិតជាអស្ចារ្យ គឺមានវត្តមានសុទ្ធតែតារាល្បីៗក្នុងប្រទេសកម្ពុជាតែម្តង ហើយការរៀបចំទៀតសោតគឺពិតជាប្លែកភ្នែក និង ទាក់ចំណាប់អារម្មណ៍មែនទែន ដែលមានការដាក់តាំងបង្ហាញនូវឧបករណ៍កីតម្បាញ ឧបករណ៍ និង វិធីសាស្រ្តក្នុងការផលិតសូត្រ ជាដើម។
ក្រៅពីតារាសម្តែងក្នុងរឿង និង វត្តមានសិល្បៈល្បីជាច្រើនរូបហើយនោះ ក្នុងកម្មវិធីក៏មានការសម្តែងពិសេសពីតារាចម្រៀងដ៏ល្បីកញ្ញា ឈីន រតនៈ ផងដែរ ដែលបានបកស្រាយផ្ទាល់នូវបទចម្រៀងប្រកបក្នុងរឿង «ម្ចាស់កីតម្បាញ» នេះផ្ទាល់តែម្តង។
គួបញ្ជាក់ផងដែរថា ទូរទស្សន៍ហង្សមាស ដែលជាស្ថានីយទូរទស្សន៍ដ៏ធំជាងគេក្នុងស្រុក បានផលិតរឿងភាគខ្មែរដ៏មានគុណភាពជាច្រើនប្រភេទរឿង និង មានប្រភេទសម័យកាលជាច្រើនខុសគ្នាមកហើយ ហើយសម្រាប់រឿង «ម្ចាស់កីតម្បាញ» គឺជាប្រភេទរឿងដែលចង់បង្ហាញពីសម័យលង្វែកថានាសម័យនោះមនុស្សរស់នៅដោយគន្លងបែបណា ជាមួយនឹងការដាក់បញ្ចូលនៅឧបករណ៍បុរាណដែលជារបស់ខ្មែរពិតៗគឺកីតម្បាញ។
រង់ចាំទស្សនាទាំងអស់គ្នាដែលរឿង «ម្ចាស់កីតម្បាញ» មានចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃនេះតទៅ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕