
ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ
ការប្រកួតពានរង្វាន់ Slamball បានបិទបញ្ចប់ហើយកាលពីយប់មិញនេះ ក្រោយពីក្រុមជើងឯកបានទៅលើពង្រួលកំពង់ស្ពឺ យកឈ្នះលើក្រុមត្រីឆ្លាំងភ្នំពេញ ៣-២។
ការប្រកួតនៅវគ្គ Grand Final នេះពិតជាស្វិតស្វាញមែនទែន។ មុនឡើងប៉ះក្រុមពង្រួលកំពង់ស្ពឺនេះក្រុមភ្នំពេញ បានយកឈ្នះលើក្រុមដំរីសៀមរាប ក្នុងលទ្ធផល ៣-១ មុនទៅហើយ តែគួរឱ្យសោកស្ដាយការប្រកួតនៅពេលព្រឹកនេះ បានធ្វើឱ្យភ្នំពេញបាត់ស្មាត់សំខាន់ ធី ម៉េងហ៊ួង មួយរូប ក្រោយពីមានបញ្ហារបួសកជើងទៅ។ កត្ដានេះហើយ ទើបភ្នំពេញប៉ះជាមួយកំពង់ស្ពឺហាក់ដូចជាមិនពេញសាច់នោះទេ ព្រោះបាត់ស្មាត់សំខាន់ម្នាក់។
ទោះជាយ៉ាងនេះក្ដី ជំនួបផ្ដាច់ព្រ័ត្រដណ្ដើមពានមាស អមជាមួយប្រាក់រង្វាន់ ៥ ០០០ ដុល្លារផងនោះ គឺពិតជាជក់ចិត្តមែនទែន។ កំពង់ស្ពឺជាអ្នកនាំមុខមួយសិតមុន តែក៏ត្រូវភ្នំពេញតាមទៅតាមមក ដែលអូសការប្រកួតដល់សិតទី ៥ ឯណោះ។ នៅសិតចុងក្រោយនេះហើយ ក្រុមកំពង់ស្ពឺ ដែលមានយន់ រាជ ចិត្រ និង ទូចអង្គរក្សធ្វើបានល្អជាង និង យកឈ្នះក្នុងលទ្ធផល ១៥-១២។ ចុងបញ្ចប់ ក្រុមជើងឯកពានរង្វាន់ Slamball បានទៅលើពង្រួលកំពង់ស្ពឺ យកឈ្នះភ្នំពេញ ៣ សិតទល់នឹង ២ សិត។
អ្វីដែលកាន់តែពិសេសថែមទៀតនោះ តាំងពីប្រកួតរយៈពេល ៣ ខែ និង មាន ៨ ក្រុមចូលរួមនេះ ក្រុមរបស់លោក ឆាស្មីត ដែលគេហៅក្រៅថាអធិរាជកំពូលឆានោះ លេងមិនដែលចាញ់ក្រុមណានោះទេ។ ពួកគេបំបាក់ជើងខ្លាំងព្រៃវែង ដែលមាន ឌូក ក្ដី ហើយឈ្នះទាំងសៀមរាប ដែលមានបន្ទាយឈើ និង អធិរាជកំពូលបាំង វ៉ា ថែមទៀត មុនមកផ្ដល់មេរៀនដល់ភ្នំពេញ ដែលជាក្រុមធី ម៉េងហ៊ួង នេះ។
សម្រាប់ប្រាក់រង្វាន់ និង លើកចិត្តមានដូចខាងក្រោម ៖
លេខ ១ ក្រុមពង្រួលកំពង់ស្ពឺ ទទួលបានមេដាយមាស និង ប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥ កេស និង Anchor Smooth ១៥ កេស
លេខ ២ ត្រីឆ្លាំងភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៣ ពាន់ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០ កេស
លេខ ៣ ដំរីសៀមរាប ទទួលបានប្រាក់រង្វាន់ ១ ៥០០ ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕