ស្មាត់ចិត្រ ថា រវាងត្រីឆ្លាំង ភ្នំពេញ ប៉ះ ដំរី សៀមរាប ក្រុមមួយនេះនឹងឡើងវគ្គផ្ដាច់ព្រ័ត្រ
ស្មាត់ចិត្រថាការប្រកួតរវាង ក្រុម ត្រីឆ្លាំង ភ្នំពេញ ប៉ះ ក្រុម ដំរី សៀមរាប ថ្ងៃទី ២៨ នេះ រូបគេទស្សន៍ទាយក្រុមរបស់ ធី ម៉េងហួង ឬ ត្រី ឆ្លាំង ភ្នំពេញ ជាអ្នកឈ្នះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ Slamball ។
ការយល់ឃើញ ឬ ទស្សន៍ទាយបែបនេះ នួន វិចិត្រ ប្រាប់ហេតុផលថា ក្រុម ដំរី សៀមរាប មានកីឡាកររបួសមិនទាន់ជាសះស្បើយ ១០០% នោះទេគឺស្មាត់ធំបន្ទាយឈើតែម្ដង។ ចំណែកខាងក្រុម ត្រីឆ្លាំង ភ្នំពេញ វិញ គឺគេពេញសាច់តែម្ដងពោលមិនថាស្មាត់ស្គាំងដឺមី ឬ ឆ្វេង នោះឡើយល្អទាំងអស់។ កីឡាករល្បឺឈ្មោះខាងលើបន្ថែមទៀតថា ក្រុម ត្រីឆ្លាំង ភ្នំពេញ នេះ គឺ ល្អមួយចប់ មិនថាម៉ាត់ផ្ដាច់ ប៉ះសឺ (លើកបាល់) និង ការធ្វើរនាំងនោះទេ ពោលល្អខ្លាំងតែម្ដង ដូច្នេះហើយទើបរូបគេទស្សន៍ទាយថា ក្រុមមួយនេះ មានសង្ឃឹមខ្ពស់បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
សូមបញ្ជាក់ដែរថា ការប្រកួតរវាងក្រុម ត្រីឆ្លាំង ភ្នំពេញ និង ដំរី សៀមរាប នឹងធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៣ នៅទីលានបាល់ទះ វិសាខា។ រវាងក្រុមទាំងពីរនេះអ្នកដែលឈ្នះ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រពេលរសៀលថ្ងៃ ដដែល ដោយប៉ះជាមួយក្រុមពង្រូល កំពង់ស្ពឺ ដើម្បីដណ្ដើមយកពានរង្វាន់ Slamball ដែលរៀបចំដោយក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Anchor៕