ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនមួយ ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេនៅកម្ពុជា ២ ឆ្នាំជាប់ៗគ្នា
ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនទំនិញប្រើប្រាស់រហ័សឈានមុខគេនៅកម្ពុជា ទទួលបានលិខិតថ្លែងអំណរគុណ ដែលបានចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបានជាប់ចំណាត់ថ្នាក់ទី ១៤ ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធធំបំផុតក្នុងឆ្នាំ ២០២១។
ការលោតពីចំណាត់ថ្នាក់ទី ២៤ កាលពីឆ្នាំ ២០២០ ក្នុងនាមជាក្រុមហ៊ុនបង់ពន្ធធំបំផុត មកចំណាត់ថ្នាក់ទី ១៤ ក្នុងឆ្នាំ ២០២១ គឺជាសក្ខីភាពនៃការបន្តប្តេជ្ញាចិត្ត និង តម្លាភាព របស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងនាមជាក្រុមហ៊ុនសាជីវកម្ម ដែលមានអភិបាលកិច្ចពន្ធដារល្អ ដោយបានបំពេញកាតព្វកិច្ចបង់ពន្ធ និង គោរពតាមបទប្បញ្ញត្តិនានារបស់ប្រទេសកម្ពុជា។
លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជានិងឡាវ បានមានប្រសាសន៍ថា ៖ “វាជាកិត្តិយសណាស់ ដែលពួកយើងបានទទួលលិខិតថ្លែងអំណរគុណ និង ការកោតសរសើរពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាលើកទី ២ ចំពោះការបន្តចូលរួមចំណែក របស់ពួកយើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ តាមរយៈការបង់ពន្ធ ជាពិសេសក្រោយពីវិបត្តិជំងឺកូវីដ-១៩ ដែលក្រុមហ៊ុនទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ពួកគេឱ្យបានពេញលេញ”។
លោកសុធូ បានបន្ថែមថា ៖ “ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ យើងបានចាត់ទុកការអនុលោមតាមបទប្បញ្ញត្តិនានារបស់ប្រទេសជាកិច្ចការដ៏សារសំខាន់។ យើងប្តេជ្ញាគាំទ្រ និង ជួយប្រទេសជាតិ ដោយខំប្រឹងប្រែងធ្វើឲ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា តាមរយៈការវិនិយោគ និង ការរួមចំណែកបង់ពន្ធប្រកបដោយតម្លាភាព”។
ក្រៅពីត្រូវបានជាប់ចំណាត់ថ្នាក់ទី ១៤ ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធធំបំផុតនោះ ក្រុមហ៊ុន យូនីលឹវើ កម្ពុជាក៏ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ដែលបានចេញដោយ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនាយកដ្ឋានពន្ធដារ សម្រាប់ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់ក្រុមហ៊ុនជាមួយសុពលភាពរយៈពេល ២ ឆ្នាំ សម្រាប់ឆ្នាំ ២០២២ ដល់ ឆ្នាំ ២០២៣។
ក្រៅពីភាពជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ ចំពោះការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា គឺជាក្រុមហ៊ុនឈានមុខគេក្នុងការជួយដល់ រាជរដ្ឋាភិបាល និងស្ថាប័ននានា ចាប់តាំងពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានរកឃើញនៅកម្ពុជា។ គិតមកទល់ពេលនេះ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា បានបរិច្ចាគផលិតផលចំណីអាហារចាំបាច់ ផលិតផលថែរក្សា អនាម័យ និង ឧបករណ៍ជំនួយដង្ហើមដែលមានតម្លៃទឹកប្រាក់ប្រមាណ ៦១៥ លានរៀល ឬស្មើនឹង ១៥០,០០០ ដុល្លារអាមេរិក ដល់ស្ថាប័ននានាក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហេ្វសប៊ុកក្រុមហ៊ុន យូនីលឹវើ កម្ពុជាតាមរយៈ https://web.facebook.com/UnileverCambodia1
អំពីក្រុមហ៊ុនយូនីលឹវើ
ក្រុមហ៊ុន យូនីលឹវើកម្ពុជា ជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេនៅកម្ពុជា និង បានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្មតាំងពីឆ្នាំ ២០០៣។ បច្ចុប្បន្ននេះ យើងបានបម្រើអ្នកប្រើប្រាស់ជាង ១៦ លាននាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ជាមួយនឹងម៉ាកផលិតផលជាង ២០ មុខរាប់តាំងពី ផលិតផលថែរក្សាសម្រស់ ផលិតផលចំណីអាហារចាំបាច់ ការ៉េម ផលិតផលប្រើប្រាស់ក្នុងផ្ទះ រួមនឹងម៉ាកល្បីៗដូចជា៖ Dove វីសូពិសេស សាប៊ូសាន់ឡៃ សាប៊ូ Clear សាប៊ូសាន់ស៊ីល ខ្នរ និង វ៉ល ជាដើម។
យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសជាង ១៩០ ដោយបានបង្កើតការលក់ គិតជាទឹកប្រាក់ប្រមាណ ៥២,៤ ប៊ីលានអឺរ៉ូ កាលពីឆ្នាំ ២០២១។
យូនីលឹវើ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនអាជីវកម្មឈានមុខគេប្រកបដោយនិរន្តរភាព និង បង្ហាញពីគំរូអាជីវកម្មដែលដឹកនាំប្រកប ដោយគោលបំណង និងសមស្របទៅអនាគត ជំរុញឱ្យមានដំណើរការល្អលើសគេ និង កំណើនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដែលបានគិតគូរទៅដល់ការលើកកម្ពស់សុខុមាលភាពភពផែនដី សុខុមាលភាពមនុស្សជាតិ ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើរភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម។
ក្នុងនាមជាក្រុមហ៊ុនដែលដឹកនាំប្រកបដោយគោលបំណង យើងជឿថាម៉ាកយីហោដែលមានគោលបំណងនឹងរីកចម្រើន ក្រុមហ៊ុនដែលមានគោលបំណងនឹងគង់វង្សយូរអង្វែង ហើយមនុស្សដែលមានគោលបំណងនឹងអភិវឌ្ឍ។ ដូច្នេះហើយ នៅយូនីលឹវើ កម្ពុជា យើងបានផ្តល់អាទិភាពចម្បងទៅលើបុគ្គលិក ការពារការងារ និង ជីវភាពរស់នៅរបស់ពួកគាត់ រក្សាសុវត្ថិភាព និង សុខុមាលភាព កសាងសមត្ថភាព ផ្តល់រង្វាន់ដល់បុគ្គលិករបស់យើងតាមរយៈការទទួលស្គាល់ភាពចម្រុះ និងភាពរួមបញ្ចូលគ្នា ដើម្បីសម្រេចឲ្យបាននូវគោលបំណងរបស់យើងគឺ “ធ្វើឱ្យការរស់នៅ ប្រកបដោយនិរន្តរភាពជារឿងធម្មតា”។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com ។
សម្រាប់ការសាកសួរព័ត៌មាន
លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈ
Email: tivea.koam@unilever.com
HP: +855 10 944 544