អាជ្ញាធរទេសចរណ៍ថៃនៅកម្ពុជា និង ឡាវ (TAT) បង្កើតដំណើរទស្សនកិច្ចស្វែងរកទីផ្សារផ្នៃកសុខភាព និង សម្រស់ ឱ្យកម្ពុជាកាន់តែរីកចម្រើន
កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ អាជ្ញាធរទេសចរណ៍ថៃនៅកម្ពុជា និង ឡាវ (TOURISM AUTHORITY OF THAILAND – CAMBODIA & LAOS) ហៅកាត់ថា (TAT) បានដឹកនាំសហគ្រិនកម្ពុជា ដែលទាក់ទងទៅនឹងផ្នែកសុខភាព សម្រស់ ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលបំណងស្វែងរកដៃគូសហការ និង ពង្រីកទីផ្សារជូនកម្ពុជាទៅលើការថែទាំសុខុមាលភាព។
ដំណើរទស្សនកិច្ចនោះ បានធ្វើឡើងមានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ ដល់ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២ ដោយអាជ្ញាធរទេសចរណ៍ថៃនៅកម្ពុជា និង ឡាវ បាននាំក្រុមសហគ្រិនខ្មែរ ដែលជាម្ចាស់គ្លីនិកផ្នែកសម្រស់ និង សុខភាព ទៅទស្សនកិច្ចនៅទីតាំងសហគ្រាស និង បណ្ដាមន្ទីរពេទ្យ ព្រមទាំងគ្លីនិកមួយចំនួននៅទីក្រុងបាងកក ដើម្បីចែករំលែកចំណេះដឹង និង ផ្លាល់ប្តូរបទពិសោធដល់គ្នាទៅវិញទៅមក។
បណ្តាទីតាំងមន្ទីរពេទ្យ និង គ្លីនិកមួយចំនួននោះរួមមានដូចជា មន្ទីរពេទ្យ Siriraj, សាកលវិទ្យាល័យ Mahidol ,មជ្ឈមណ្ឌលថែរក្សាសម្រស់ Bangkok Anti-Aging Center ហៅកាត់ (BAAC), Centara Grand & Bangkok Convention Centre at Central World, មន្ទីរពេទ្យ Paolo, មន្ទីរពេទ្យ Yanhee, ក្រុមហ៊ុន Cosmaprof CO., Ltd និង មន្ទីរពេទ្យ Phayathai 3។
ជាមួយនឹងដំណើរទស្សនកិច្ចនោះដែរ លោកស្រី Oranooch Pakarat ដែលជាប្រធានអ្នកតំណាងផ្នែកទីផ្សារនៃអាជ្ញាធរទេសចរណ៍ថៃនៅកម្ពុជា និង ឡាវ បានសម្ដែងសេចក្ដីរីករាយយ៉ាងក្រៃលែង ដែលបានមានឱកាសនាំក្រុមសហគ្រិនខ្មែរ ផ្នែកសុខភាព និង សម្រស់ទៅទស្សនា ផ្លាស់ប្ដូរបទពិសោធ ក៏ដូចជាបើកទំព័រទីផ្សារសេដ្ឋិកិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងថៃ និង កម្ពុជា ឱ្យកាន់តែរឹងមាំក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ។
ថ្លែងក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃ នៅទីក្រុងបាងកកនោះដែរ លោកស្រី Oranooch Pakarat បានបង្ហាញពីទស្សនវិស័យដែលនាំឱ្យកើតមានដំណើរទស្សនកិច្ចនេះទៀតថា ៖ «ប្រទេសថៃ និង កម្ពុជា គឺជាប្រទេសជិតខាងនឹងគ្នា ដូចនេះក្នុងនាមលោកស្រីជាប្រធានអ្នកតំណាងផ្នែកទីផ្សារនៃអាជ្ញាធរទេសចរណ៍ថៃនៅកម្ពុជា និង ឡាវ លោកស្រីចង់ឱ្យប្រទេសថៃ និង កម្ពុជា មានទំនាក់ទំនងល្អនឹងគ្នា បង្កើនទីផ្សារផ្នែកសុខភាព និង សម្រស់ឱ្យកាន់តែរីកចម្រើន។ ជាពិសេសចង់នាំការវិនិយោគរវាងសហគ្រិនថៃ និង កម្ពុជា ឱ្យមានភាពស្អិតល្មួតនឹងគ្នា ដើម្បីជាការផ្សព្វផ្សាយនូវផលិតផលក្នុងស្រុករវាងប្រទេស និង ប្រទេស ឱ្យកាន់តែទូលំទូលាយលើទីផ្សារអន្តរជាតិ»។
បើងាកមកសហគ្រិនកម្ពុជាដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះទៀតសោត ម្នាក់ៗក៏បានបង្ហាញចំណាប់អារម្មណរំភើប និង កោតសរសើរពីលោកស្រី Oranooch Pakarat ផងដែរ ដែលបានបង្កើតឱកាស ដើម្បីពង្រឹងកិច្ចសហការបែបនេះឡើង ដែលជារឿងដ៏ចាំបាច់មួយសម្រាប់ការផ្លាស់ប្តូរបទសោធ ការទាក់ទង និង ការបើកទំព័រវិនិយោគមួយដ៏មានសក្តានុពល។
អំពីអាជ្ញាធរទេសចរណ៍ថៃនៅកម្ពុជា និង ឡាវ ហៅកាត់ថា (TAT)
អាជ្ញាធរទេសចរណ៍ថៃនៅកម្ពុជា និង ឡាវ គឺជាស្ថាប័នមួយបង្កើតឡើងដើម្បីធ្វើការទៅលើការផ្សព្វផ្សាយវិស័យទេសចរណ៍ឱ្យមានសក្តានុពល ដោយផ្ដល់ជូននៅសេវាកម្មស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍ និង ថែរក្សាវិស័យទេសចរណ៍ ព្រមទាំងពង្រឹងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរជាងមុន។
អាជ្ញាធរទេសចរណ៍ថៃនៅកម្ពុជា និង ឡាវ ហៅកាត់ថា (TAT) បានផ្ដោតយ៉ាងសំខាន់លើស្ថេរភាពទេសចរណ៍ និង ការផ្សព្វផ្សាយពីអត្តសញ្ញាណរបស់ប្រទេសថៃ ដើម្បីបង្កើតតុល្យភាពសេដ្ឋកិច្ច សង្គម និង បញ្ហាបរិស្ថាន។ អាជ្ញាធរទេសចរណ៍ថៃនៅកម្ពុជា និង ឡាវ មានបេសកកម្មសំខាន់គឺ ផ្សារភ្ជាប់ទំនាក់ទំនង និង កសាងគុណតម្លៃ បង្កើតបណ្ដាញចំណេះដឹង និង បទពិសោធតាមរយៈការអប់រំ ការហ្វឹកហ្វឺន និង ធ្វើដំណើរក្នុងប្រទេសថៃ។
ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ ៖ www.tourismthailand.org/Home ឬ gostudythailand.org៕