ភ្នាក់ងារ វីង រួមគ្នាគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នាក់ងាររបស់ធនាគារ វីង បានបង្កើតមូលនិធិភ្នាក់ងារ វីង ដើម្បីទ្រទ្រង់បុព្វហេតុសង្គមចំពេលដែលជំងឺកំពុងរាតត្បាត និង បានជ្រើសរើសគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានតម្រូវការហិរញ្ញវត្ថុ
ភ្នំពេញថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ – ភ្នាក់ងារ វីង នៅទូទាំងប្រទេស បានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥ ០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមួយបានផ្តល់ការថែទាំសុខភាពដល់កុមារនៅកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និង មិនមានការរើសអើង។
មូលនិធិភ្នាក់ងារ វីង ទើបតែត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ ២០២១ នេះ ក្នុងគោលបំណងកៀរគរថវិកាដើម្បីជួយគាំទ្រដល់បុព្វហេតុសង្គមក្នុងមូលដ្ឋានរបស់ពួកគេ។
ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា មានសារសំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេលដែលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ ធនាគារ វីង សហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការកៀរគរថវិកាបរិច្ចាគមួយ តាមរយៈមូលនិធិភ្នាក់ងារវីង ដើម្បីអំពាវនាវដល់ភ្នាក់ងារវីងនៅទូទាំងប្រទេស ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។
គិតត្រឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ មូលនិធិភ្នាក់ងារ វីង បានកៀរគរថវិកាបរិច្ចាគចំនួនប្រមាណ ៤៥ ០០០ ដុល្លារអាមេរិក ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និង មិនមានការរើសអើង។
លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារ វីង បានមានប្រសាសន៍ថា ៖ «យើងពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះសកម្មភាពប្រកបដោយទឹកចិត្តសប្បុរស និង មានការលះបង់ខ្ពស់របស់ភ្នាក់ងាររបស់យើង ដើម្បីបុព្វហេតុកុមារនៅកម្ពុជា តាមរយៈការរួមគ្នាជាមួយមូលនិធិភ្នាក់ងារ វីង បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ យើងមានទីភ្នាក់ងារ វីង ជិត ១០ ០០០ កន្លែង គ្រប់ស្រុកក្នុងប្រទេសកម្ពុជា ហេតុនេះហើយទើបធ្វើឱ្យយើងអាចកៀរគរថវិកាដើម្បីបុព្វហេតុនេះបាន។ ភ្នាក់ងាររបស់យើងមិនត្រឹមតែបម្រើសេវាកម្មហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ពួកគេថែមទាំងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់ជនងាយរងគ្រោះនៅក្នុងសហគមន៍របស់ពួកគេផងដែរ»។
លោកស្រី ផេង សារ៉េត អាយុ ៦១ ឆ្នាំ ដែលជាភ្នាក់ងារ វីង នៅក្រុងព្រះសីហនុ បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១០០ ដុល្លារអាមេរិកសម្រាប់បុព្វហេតុនេះផងដែរ ដោយបានលើកឡើងថា៖ «ខ្ញុំចាំបានថានៅពេលដែលចៅខ្ញុំឈឺធ្ងន់ វាពិបាកណាស់ដើម្បីស្វែងរកមន្ទីរពេទ្យដែលអាចជឿទុកចិត្តបានដើម្បីព្យាបាល។ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់ក្តីសង្ឃឹម និង ជីវិតថ្មីដល់ចៅរបស់ខ្ញុំ។ តាមរយៈមូលនិធិភ្នាក់ងារ វីង ខ្ញុំអាចសម្តែងការដឹងគុណដល់មន្ទីរពេទ្យគន្ធបុប្ផាបាន»។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដល់ភ្នាក់ងារ វីង ដែលបានជួយគាំទ្រដល់មន្ទីរពេទ្យកុមារក្នុងអំឡុងពេលដ៏លំបាកនេះ។
ឯកឧត្តម រស់ សីលវ៉ា បានមានប្រសាសន៍ថា ៖ «មូលនិធិពិតជាត្រូវការការគាំទ្រពីសាធារណជន ដើម្បីជួយឱ្យប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាអាចដំណើរការបានយ៉ាងរលូន។ ការបរិច្ចាគរបស់ភ្នាក់ងារ នឹងជួយដល់កុមារដែលកំពុងមានតម្រូវការពិនិត្យ និង ព្យាបាលជំងឺ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់ភ្នាក់ងារ វីង និង សម្រាប់ការជួយលើកកម្ពស់យុទ្ធនាការសប្បុរសធម៌ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា»។
មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និង នៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និង វិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃ ចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ ១៩៩២ ដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner។ មន្ទីរពេទ្យបានចំណាយថវិកាប្រមាណ ៤០ លានដុល្លារ សម្រាប់ប្រតិបត្តិការក្នុងមួយឆ្នាំៗ។ កុមារជាង ៦៣៩ ២៦០ នាក់ បានមកទទួលការពិនិត្យ និងព្យាបាល និង អ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៣ ០២៦ នាក់ បានមកសម្រាក និង ព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងដោយឥតគិតថ្លៃ នៅក្នុងឆ្នាំ ២០២០ កនុ្លងទៅនេះ។
ភ្នាក់ងារ វីង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និង បានជួយសម្រួលរំហូរសាច់ប្រាក់ប្រកបដោយភាពងាយស្រួល ជាពិសេសដល់ស្រ្តីនៅក្នុងសហគមន៍របស់ពួកគេ។ អ្នកប្រើប្រាស់សេវាកម្ម វីង អាចចូលរួមចំណែកដល់កិច្ចការសប្បុរសធម៌នេះ តាមរយៈការបរិច្ចាគទៅគណនីប្រាក់រៀលលេខ ៥៥៥៩ ឬ គណនីប្រាក់ដុល្លារលេខ ៥៥៥៨ ឬ តាមភ្នាក់ងារ វីង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ផងដែរ ដោយមិនគិតថ្លៃសេវា។ ធនាគារវីង ធានាថាប្រាក់វិភាគទានសប្បុរសធម៌ ១០០ % នឹងទៅដល់មន្ទីរពេទ្យគន្ធបុប្ផា៕