វីង ចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ
ធនាគារវីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត គាំទ្រមន្ទីរពេទ្យកុមារអង្គរតាមរយៈការចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨
ធនាគារវីង ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយភ្នាក់ងារវីង អតិថិជន និង ដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់ និង រៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបវិបត្តិ ផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង ក្រុមហ៊ុនបុត្រសម្ពន្ធរួមមាន ធនាគារ វីង និង ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត បានសហការបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយអំពីបុណ្យផ្កាប្រាក់មហាសាមគ្គីនិងរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យ។ នេះជាលើកទី ២ ហើយ ដែលធនាគារវីងបានចូលរួមប្រារព្ធពីធីនេះ។
លោកជំទាវ ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ «ក្នុងនាមជាម្តាយមួយរូប នៅពេលដែលកូនៗមានបញ្ហាសុខភាព អ្នកម្តាយតែងតែកើតក្តីបារម្ភគ្រប់ពេលវេលា ជាពិសេសនៅពេលដែលកូនឈឺ និង ពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត»។
អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគធនធានផ្ទាល់ខ្លួននូវទឹកប្រាក់ ១០ លានរៀល សម្រាប់រួមចំណែកក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី។ ធនាគារវីង ក៏បានរួមចំណែកនូវទឹកប្រាក់ចំនួន ២០ លានរៀល ព្រមទាំងបានលើកទឹកចិត្តបុគ្គលិកឲ្យចូលរួមបរិច្ចាគ និង បានផ្សព្វផ្សាយដល់សាធារណជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឲ្យមានការចូលរួមបរិច្ចាគថវិកាកាន់តែច្រើន។ វីង បានផ្តល់សេវាឥតគិតថ្លៃដល់សប្បុរសជនទាំងឡាយដែលបានបរិច្ចាគថិវិកាតាមរយៈសេវាកម្មរបស់ខ្លួន។ ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត បានរួមចំណែកទឹកប្រាក់ចំនួន ១០ លានរៀល និង បានផ្សព្វផ្សាយតាមរយៈការផ្ញើសារផ្សព្វផ្សាយតាមទូរស័ព្ទដល់សាធារណជនទូទាំងប្រទេសផងដែរ។
មន្ទីរពេទ្យកុមារអង្គរ បានទទួលរងការប៉ះពាល់គួរឱ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុនៅអំឡុងពេលនៃជំងឺរាតត្បាតនេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងធានាថាមន្ទីរពេទ្យអាចបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃជូនដល់កុមារដែលងាយរងគ្រោះដោយសារប្រាក់ចំណូលគ្រួសារធ្លាក់ចុះ។ ពិធីនេះ ត្រូវបានរៀបចំឡើងជាពីរផ្នែក ដោយរួមមានការសម្តែងព្រះធម៌ទេសនាជាធម្មទានដោយធម្មកថិកល្បីៗតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែសីហា និង បញ្ចប់នៅថ្ងៃទី ២៩ ខែសីហា។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រាសាន៍ថា៖ «ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យប្រតិបត្តិការរបស់យើងដំណើរការប្រកបដោយគុណភាពនិងក្តីមេត្តា»។ លោកបានបន្តថា ៖ «តាងនាមឱ្យមន្ទីរពេទ្យកុមារអង្គរ ក៏ដូចអ្នកជំងឺទាំងអស់ យើងសូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន សហការីមកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ម្ចាស់ជំនួយដទៃផ្សេងទៀតចំពោះការរួមចំណែកដ៏មានតម្លៃនេះ»។
មន្ទីរពេទ្យកុមារអង្គរ ជាមណ្ឌលសុខភាពថែទាំកុមារឈានមុខគេមួយនៅកម្ពុជាដែលបានពិនិត្យ និង ព្យាបាលកុមារជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៩។ ជារៀងរាល់ថ្ងៃ មន្ទីពេទ្យនេះ បានផ្តល់ការព្យាបាលដល់កុមារប្រមាណ ៤០០ នាក់ និង បានចំណាយទឹកប្រាក់ ៦ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
ក្នុងឆ្នាំ ២០២០ កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានពិនិត្យ និង ព្យាបាលកុមារបានចំនួន ៩៧ ០៦៩ ករណី អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និស្សិតគិលានុបដ្ឋាក និស្សិតវេជ្ជសាស្ត្រ និង បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ បានចំនួន ៧៣ ៩០៨ នាក់ និង អប់រំសុខភាពតាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និង ក្នុងសហគមន៍បានចំនួន ៥៦ ៧៤៧ នាក់ ។
ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមានឡើង មន្ទីរពេទ្យកុមារអង្គរបានទទួលរងការប៉ះពាល់គួរឱ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុ ព្រោះព្រឹត្តិការណ៍ ឬ សកម្មភាពរៃអង្គាសមួយចំនួនធំ មិនអាចប្រព្រឹត្តិទៅបាន ហើយជំនួយមូលនិធិពីក្រុមហ៊ុនអាជីវកម្ម ឬ សប្បុរសជនដែលធ្លាប់ផ្តល់ជំនួយសប្បុរសធម៌មកកាន់មន្ទីរពេទ្យ ក៏មានការធ្លាក់ចុះ។
អតិថិជនវីង ដែលមានបំណងចង់ចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ ពួកគេអាចធ្វើការបរិច្ចាគធនធានរបស់ពួកគេតាមរយៈភ្នាក់ងារវីង ជិត ១ ម៉ឺនកន្លែង ឬ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយឥតគិតថ្លៃ។ អតិថិជនក៏អាចធ្វើការបរិច្ចាគតាមលេខគណនីជាប្រាក់រៀល «៩១២២» ឬ ប្រាក់ដុល្លារតាមគណនីលេខ «៨១២២»៕