ក្រសួងពាណិជ្ជកម្ម និងធនាគារវីង បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីងសម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (Cambodiatrade.com) របស់ក្រសួងពាណិជ្ជកម្ម
អតិថិជនរបស់ផ្សារខេមបូឌាត្រេដ អាចប្រើប្រាស់សេវាកម្មទូទាត់ប្រាក់របស់វីងជាផ្លូវការបានហើយ ។
ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង ក្នុងគោលបំណងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពជូនដល់អតិថិជន សហគ្រាសធុនតូច និង មធ្យមកម្ពុជា ព្រមទាំងសហការក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក្នុងការបង្កើនសមត្ថភាព និង ចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថលសម្រាប់សហគា្រសធុនតូច និង មធ្យមនៅកម្ពុជា ។ អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ នឹងក្លាយជាព្រឹត្តិការណ៍ពិសេសមួយក្នុងការឆ្ពោះទៅមុខនៃភាពជាដៃគូរវាងរដ្ឋ និង ឯកជនជាពិសេសជាមួយធនាគារវីង ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចតាមរយៈការលក់ផលិតផលដែលផលិតនៅកម្ពុជាទៅឱ្យអ្នកប្រើប្រាស់ក្នុងស្រុក និងក្រៅប្រទេស ឬក៏ដៃគូអាជីវកម្មផ្សេងៗ មិនថាលោកអ្នកនៅទីណាក៏ដោយ លោកអ្នកអាចប្រើប្រាស់ផលិតផលខ្មែរបានដែរ» ។
ក្រសួងពាណិជ្ជកម្មបានដាក់ដំណើរការសាកល្បងផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ សម្រាប់ការចុះឈ្មោះបឋមដោយសហគ្រាសធុនតូច និង មធ្យម នៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២១ ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា អាចប្រើប្រាស់ថ្នាលបច្ចេកវិទ្យារួមមួយ (មានទាំងប្រព័ន្ធទូទាត់ប្រាក់ និង ប្រព័ន្ធដឹកជញ្ជូនផងដែរ) ក្នុងការនាំចេញផលិតផលកម្ពុជា និង ពង្រើកទីផ្សារកាន់តែទូលំទូលាយជាងមុនទាំងនៅក្នុងប្រទេសកម្ពុជា និង ក្រៅប្រទេស ។
ពីធីសម្ពោធជាផ្លូវការផ្សារអេឡិចត្រូនិកខេមបូឌាត្រេដនឹងត្រូវរៀបចំក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដនេះ គឺជាផ្នែកមួយយ៉ាងសំខាន់របស់គម្រោង Go4eCAM ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ។ ផ្សារខេមបូឌាត្រេដនេះត្រូវបានផ្តួចផ្តើមបង្កើត និង គ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចដល់សហគ្រាសធុនតូច និង មធ្យម ដើម្បីចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង សេដ្ឋកិច្ចឌីជីថល ។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះអនុញ្ញាតឱ្យយើងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាដោយប្រើការទូទាត់ប្រាក់តាមឌីជីថល។ ការទូទាត់តាមឌីជីថលកំពុងមានការពេញនិយមនៅជុំវិញពិភពលោកដោយសារភាពងាយស្រួល និង មានសុវត្ថិភាព» ។
ធនាគារវីង ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះកម្មវិធីស្មាតហ្វូនវីង មានមុខងារច្រើន និង ភ្នាក់ងារវីងដែលមានជិត ១០ ០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ ។ នៅឆ្នាំ ២០២០ ធនាគារវីង បានធ្វើការជាមួយសហគ្រាសធុនតូច និង មធ្យម ជាង ២ ៤០០ ដោយផ្តល់សេវាកម្មប្រមូល និង ទូទាត់ប្រាក់។
បន្ថែមពីនេះផងដែរ ធនាគារវីង ក៏នឹងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុបែបឌីជីថល ដល់សមាជិកសហគ្រាសធុនតូច និង មធ្យម របស់ផ្សារខេមបូឌាត្រេដ ដោយរៀបចំឲ្យមានជាការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និង សកម្មភាពកសាងសមត្ថភាព ផ្សេងៗជាច្រើន ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និង ធនាគារវីង នឹងធ្វើការរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មបែបឌីជីថល និង ការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា ៕