ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងបណ្ដាក់ទុនវិនិយោគរួមគ្នាដើម្បី បង្កើតថ្នាលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ ដោយ «ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា»
សណ្ឋាគារកាំបូឌីយ៉ាណា ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ ៖ ប្រទេសកម្ពុជា បានកសាងប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតក្នុងវិស័យសោតទស្សន៍ និង ផ្សព្វផ្សាយ ដែលបានចុះហត្ថលេខាបង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលបានដាក់ទុនរួមគ្នារវាងក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយធំៗចំនួន ៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា និង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និង ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។
ពិធីចុះហត្ថលេខាខាងលើនេះ គឺជាកិច្ចព្រមព្រៀងបន្ថែមទៀតលើការចុះអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងភាគីទាំង ៣ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ។
សូមបញ្ជាក់ថា «ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា» បង្កើតឡើងក្នុងគោលបំណងបង្កើត ក្រុមហ៊ុនចម្រុះរវាងរដ្ឋ និង ឯកជនសម្រាប់គ្រប់គ្រង «ថ្នាលទូរទស្សន៍ឌីជីថលជាតិ» ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចឲ្យបានតាមផែនការរបស់អាស៊ាន និយាយជារួម និង និយាយដោយឡែក ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលជាតិ និង បន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និង ប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ ។
«ថ្នាលទូរទស្សន៍ឌីជីថលជាតិ» ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋ និង ឯកជនថ្មីនេះ នឹងផ្តល់ជូននូវសេវាថ្នាលទូរទស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធ DVB-T2 ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែប សំដៅលើកស្ទួយ វិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈកម្សាន្ត កីឡា និង ទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា ។
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការសហការគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះ ហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាព និង ស្ថេរភាពនយោបាយ» ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការគ្នាបង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា និង មានមោទនភាពដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងវិស័យសោតទស្សន៍ និង ផ្សព្វផ្សាយ ឲ្យទៅជាប្រព័ន្ធឌីជីថលពេញលេញ និង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី ៤» ។
ដោយឡែក លោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប ក៏បានលើកឡើងផងដែរថា «ថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងនាំមកនូវទស្សនីយភាព និង ស្តង់ដារថ្មីសន្លាងមួយទៀតដែលមានកម្រិតផ្សាយ គុណភាពខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីកម្រិត HD ដល់ UHD 4K ។ ទូរទស្សន៍ឌីជីថលនេះជាថ្នាលប្រមូលផ្តុំនៃកម្មវិធីសិល្បៈ កម្មវិធីកំសាន្ត កម្មវិធីព័ត៌មាន ភាពយន្ត តន្រ្តី និង ទស្សនីយភាព ដ៏សម្បូរបែបជាច្រើនទៀត ដែលធានានូវការផ្តល់ជូនចំណីចក្ខុដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ «One-Stop Media Services»។ នេះជាភាពរីកចម្រើនមួយដ៏ធំក្នុងវិស័យសោតទស្សន៍ និង ផ្សព្វផ្សាយ ស្របតាមគោលនយោបាយរដ្ឋាភិបាលសម្រាប់សង្គមឌីជីថលកម្ពុជា ឲ្យដើរស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤ ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី និង បទពិសោធនៃការកំសាន្តនេះ ធ្វើឲ្យប្រទេសកម្ពុជា អាចដើរតាមបច្ចេកវិទ្យាឈានមុខទន្ទឹមនឹងឆាកអន្តរជាតិ ដោយទស្សនិកជនអាចទស្សនារាល់ទស្សនីយភាពដែលផលិតឡើងមានគុណភាពស្តង់ដាខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីគេហដ្ឋាន ឬ មើលតាមទូរស័ព្ទដៃ គ្រប់វេលា គ្រប់ទីកន្លែង នៅលើថ្នាលតែមួយ។ នេះក៏ជាការលើកទឹកចិត្តដល់ផលិតករ ឲ្យផលិតនូវទស្សនីយភាពមានគុណភាពខ្ពស់បន្តទៀត ដែលមានថ្នាលអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក» ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និង សិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធ ជំនាញ និង ធនធានមនុស្ស ក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថានឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍ និង ផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ ។
• ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន ប៊ីធីវី និង វិទ្យុបាយ័ន ។
• ក្រុមហ៊ុនទូរទស្សន៍ CBS រួមមានប៉ុស្តិ៍ទូរទស្សន៍ CTN, CTN International, CNC, MyTV, CBS Digital, TMS, វិទ្យុភ្នំពេញ ៩៤MHz និង Legend Tiger ។ ចំណែកក្រុមហ៊ុន Digital Sky រួមមានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា (១) ថ្នាលទូរទស្សន៍ឌីជីថលប្រព័ន្ធ DVB-T/T2 (២) ថ្នាលទូរទស្សន៍ឌីជីថលផ្កាយរណបប្រព័ន្ធ DTH (៣) ថ្នាលទូរទស្សន៍ឌីជីថលតាមទូរស័ព្ទដៃប្រព័ន្ធ OTT និង ផលិតប៉ុស្តិ៍ទូរទស្សន៍ខ្លួនឯងចំនួន ១១ ប៉ុស្តិ៍ ដូចជា OneTV Sabay, OneTV Drama, OneTV Kids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11, OneTV-E-school ។
• ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាស និង រស្មីហង្សមាស, ផលិតកម្ម WE, Pleng Records, ក្រុមហ៊ុនពិធីការ និង សារព័ត៌មាន ២៤ ម៉ោង ។
ព័ត៌មានលម្អិត សូមទំនាក់ទំនង
1. ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប, ទូរស័ព្ទលេខៈ ០១២ ៨៧២ ៥១៨
2. ក្រុមហ៊ុនទូរទស្សន៍ CBS, ទូរស័ព្ទលេខៈ ០៨៥ ៥៩៥ ៥៣៣, ០៨៥ ២២៩ ៤៧៧
3. ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប, ទូរស័ព្ទលេខៈ ០១២ ៩៥៩ ៥១៩
ស្កេន QR កូដ