ពិសេសបំផុត! ក្រសួងទេសចរណ៍ទទួលស្គាល់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទថ្មីមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកទស្សនាប្រទេសកម្ពុជា
ទេសចរណ៍ជាវិស័យមួយដ៏សំខាន់ ជួយឱ្យសេដ្ឋកិច្ចប្រទេសជាតិមានការរីកចម្រើន ជួយបង្កើនប្រាក់ចំណូលជាតិ លើកស្ទួយជីវភាពប្រជាជនតាមរយៈការផ្ដល់សេវាបដិសណ្ឋារកិច្ច ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានជាដើម ។ យ៉ាងណាមិញបច្ចុប្បន្ននេះវិស័យទេសចរណ៍ កំពុងរងផលប៉ះពាល់ជាខ្លាំង ដោយសារការរាតត្បាតនៃវីរុសកូវីដ-១៩ ធ្វើឱ្យប្រជាជនមិនអាចធ្វើដំណើរកម្សាន្តបាន ពិសេសភ្ញៀវទេសចរអន្តរជាតិ មានការថយចុះយ៉ាងគំហុគនៅក្នុងប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ។
បច្ចុប្បន្ននេះក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឱ្យវិស័យមួយនេះ អាចដំណើរការឡើងវិញ តាមរយៈការបើកតំបន់ទេសចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុកធ្វើដំណើរកម្សាន្ត និងបើកឱ្យភ្ញៀវទេសចរអន្តរជាតិអាចមកទស្សនាប្រទេសកម្ពុជា ដោយអនុវត្តន៍តាមវិធានការសុខាភិបាលដែលប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានកំណត់យ៉ាងតឹងរ៉ឹង ។ ការពង្រឹងវិស័យទេសចរណ៍ឱ្យមានភាពរីកចម្រើន ទាំងវិស័យសាធារណៈ វិស័យឯកជន សមាគមក្នុងកំឡុងពេលកូវីដ-១៩ និងអាចទាក់ទាញទេសចរអន្តរជាតិឱ្យចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើន ចាំបាច់ណាស់ គឺត្រូវតែមានការចូលរួមចំណែកពីវិស័យឯកជន ទៅលើការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីជួយសម្រួលឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលា និងភាពស្មុគស្មាញជាដើម ។
ជារឿងដ៏រំភើប និងគួរឱ្យសារទរជាខ្លាំង ថ្មីៗនេះ ក្រសួងទេសចរណ៍ បានទទួលស្គាល់ជាផ្លូវការទៅលើកម្មវិធីប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ របស់ក្រុមហ៊ុន Angkorpass Technology Co., Ltd គឺ “Wonderpass” ដែលជា Platform ថ្មីមួយនៅក្នុងប្រទេសកម្ពុជា អាចជួយសម្រួលដល់ភ្ញៀវទេសចរ ដែលមកទស្សនាក្នុងប្រទេសកម្ពុជា ក៏ដូចជាអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ផងដែរ ។ តាមព័ត៌មានដែល Sabay បានទទួលពីថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុន Angkorpass Technology នៅពេលនេះក្រសួងទេសចរណ៍បានទទួលស្គាល់ជាផ្លូវការហើយ ទៅលើការអភិវឌ្ឍន៍កម្មវិធីលើទូរស័ព្ទដៃ (App) “Wonderpass” និងត្រៀមធ្វើពិធីចុះអនុស្សារណៈនៃការយោគយល់ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ជាពិសេសការទូទាត់រហ័សនិងងាយស្រួល និងការគ្រប់គ្រង់ព្រឹត្តិការទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា ចូលរួមចំណែកដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ អមដោយសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការស្តារវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” ដោយមានការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមរបស់ក្រសួងទេសចរណ៍ និងរបស់វ័នដឺផាស (Wonderpass) នៅវេលាម៉ោង ១៖៣០នាទីរសៀល ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមជាវាគ្មិនកិត្តិយសមកពីស្ថាប័នជាតិ និងអន្តរជាតិនានា ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖
១. ប្រធានបទទី១៖ ផែនការស្តារឡើងវិញវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩
២. ប្រធានបទទី២៖ ការជំរុញបច្ចេកវិទ្យាឌីជីថល លើការទូទាត់រហ័ស នៅក្នុងវិស័យទេសចរណ៍កម្ពុជា
ក្នុងគោលបំណង៖
• ដើម្បីផ្តល់នូវការផ្លាស់ប្តូរចំណេះដឹង ព័ត៌មានពីវិស័យសាធារណៈវិស័យឯកជន សមាគមដែលទាក់ទងនឹងស្ថានភាពទេសចរណ៍ក្នុងកំឡុងពេលកូវីដ-១៩
• អាចស្វែងរកដំណោះស្រាយដើម្បីស្តារវិស័យទេសចរណ៍នៅកម្ពុជា ក្នុងវេទិកាភាពជាដៃគូសាធារណៈ-ឯកជន, ភាពជាឯកជនរវាងប្រជាជននិងសាធារណៈ ក្នុងគោលបំណងលើកកម្ពស់អត្ថប្រយោជន៍ប្រកួតប្រជែងផ្នែកទេសចរណ៍នៅលើវេទិកាជាតិ និងអន្តរជាតិ
• ដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តគោលដៅដើម្បីស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងកំឡុងពេល និងក្រោយ វិបត្តិកូវីដ-១៩ ដែលទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលចាប់ផ្តើមពីឆ្នាំ ២០២១ ។
• ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍សហការជាមួយអ្នកពាក់ព័ន្ធក្នុងការជំរុញការធ្វើឌីជីថលទេសចរណ៍ក្នុងយុគសម័យ ៤.០។
សូមបង្ហើបត្រួសៗ App “Wonderpass” មានលក្ខណៈសម្បត្តិជាច្រើន អាចចូលរួមចំណែកជួយឱ្យវិស័យទេសចរណ៍នៅកម្ពុជាកាន់តែរីកចម្រើនតាមរយៈមុខងារពិសេសៗរបស់ខ្លួន ។ ក្នុងនោះមានដូចជា សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលទទួលបានការចាក់វ៉ាក់សាំងហើយ អាចបញ្ជាក់តាមរយៈ “Wonderpass” និងអាចចូលមកទស្សនាកម្ពុជាបានតែម្ដងដោយមិនមានភាពសាំញ៉ាំច្រើន, ភ្ញៀវទេសចរអាចចូលឆែកមើលតំបន់ទេសចរណ៍សំខាន់ៗក្នុង ប្រទេសកម្ពុជា ឬ អាចរកមើលផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ដែលខ្លួនពេញចិត្ត និងអាចកក់ទុកមុននឹងធ្វើដំណើរកម្សាន្ត ។
អ្វីដែលពិសេសជាងនេះនោះ ភ្ញៀវទេសចរអាចធ្វើការទូទាត់ប្រាក់ជាមុនសម្រាប់ថ្លៃស្នាក់នៅ ភោជនីយដ្ឋាន សំបុត្រចូលទស្សនាតាមតំបន់ទេសចរណ៍នានា ដូចជាសំបុត្រទស្សនាប្រាសាទអង្គរវត្ត ឬ សំបុត្រទស្សនាសួនសត្វ ទស្សនាសារមន្ទីរជាដើម.. ។ ល។ ដូច្នេះមានន័យថា នៅពេលដែលភ្ញៀវទេសចរមកដល់ប្រទេសកម្ពុជាមិនចាំបាច់ភ័យព្រួយរកនឹកកន្លែងដើរលេង កន្លែងញ៉ាំអី ឬ សំបុត្រចូលទស្សនានោះទេ ។ ទាំងនេះអស់នេះគ្រាន់តែជាចំណុចរៀបរាប់ត្រួសៗប៉ុណ្ណោះ “Wonderpass” មានអ្វីដែលពិសេសថ្មីៗជាច្រើនទៀតនឹងបង្ហាញក្នុងថ្ងៃសម្ពោធជាផ្លូវការតែម្ដង ។
នេះអាចរាប់បានថាជាសមិទ្ធផលក្នុងវិស័យទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលចូលរួមយ៉ាងសំខាន់ក្នុងការទាក់ទាញទេសចរជុំវិញពិភពលោកឱ្យមកទស្សនាកម្ពុជា និងថែមទាំងអាចជួយបង្កើនប្រាក់ចំណូលដល់បណ្ដាអាជីវកម្មក្នុងវិស័យមួយនេះ តាមរយៈការផ្សព្វផ្សាយ ផលិតផល សេវាកម្មរបស់ខ្លួននៅលើ App “Wonderpass” ។
សូមជំរាបជូនថា ពិធីចុះអនុស្សារណៈក្នុងពេលដ៏ខ្លីខាងមុខរវាង ក្រុមហ៊ុន Angkorpass Technology Co., Ltd និងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើកិច្ចព្រមព្រៀងទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
– ភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនអង្គរផាស តិចណូឡូជី ខូអិលធីឌី ជាមួយនឹងសហព័ន្ធទេសចរណ៍ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ដែលជាដៃគូរបស់ក្រសួងទេសចរណ៍
– អនុញ្ញាតឳ្យក្រុមហ៊ុន អង្គរផាស តិចណូឡូជី ខូអិលធីឌី ប្រើប្រាស់និមិត្តសញ្ញា (Logo) របស់ក្រសួងទេសចរណ៍ និងនិមិត្តសញ្ញា Kingdom of Wonders ដើម្បីរចនា និងជំរុញផ្សព្វផ្សាយនូវអត្ថប្រយោជន៍នៃប្រព័ន្ធ វ័នដឺផាស “Wonderpass” ជូនទៅកាន់សាធារណៈជន ឬប្រតិបត្តិករទេសចរណ៍នានា តាមរយៈប្រព័ន្ធបណ្តាញផ្សព្វផ្សាយស្របច្បាប់នានា
– សម្របសម្រួលជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីសហការលើការរៀបចំព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN PARA Games លើកទី១២ នៅឆ្នាំ២០២៣ តាមរយៈការគ្រប់គ្រងព្រឹត្តិការណ៍។
ព្រមទាំងមានគោលដៅ គោលបំណងធំៗផ្សេងទៀត ដែល Sabay នឹងលម្អិតបន្ថែមថ្ងៃសម្ពោធជាផ្លូវការ របស់ “Wonderpass” សូមសាធារណៈជន ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ ដៃគូរអភិវឌ្ឍន៍ និងអ្នកជំនាញទាំងអស់រង់ចាំទស្សនាកុំបីខាន! សូមអរគុណ!