ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល រៀបចំពិធីអបអរសាទរក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខ ១ ជាមួយនឹងផលិតផលវិនិយោគច្រើនជាងគេបំផុតនៅកម្ពុជា
ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ហៅកាត់ថា G-Link បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ការចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ រួមបញ្ចូលទាំងការលើកកម្ពស់កម្រិតស្ដង់ដារសេវាកម្ម និងផលិតផលរបស់ខ្លួន ដើម្បីធ្វើឱ្យប្រាកដថាវិនិយោគិន និងអ្នកជួញដូរអាចរីករាយជាមួយដំណើរវិនិយោគដ៏អស្ចារ្យក្នុងការស្វែងរកប្រភពបង្កើតប្រាក់ចំណូលបន្ថែមក្នុងបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព និងតម្លាភាព។ ជាមួយនឹងការបន្ថែមផលិតផលកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ ឬ Equity CFD ក្រុមហ៊ុន G-Link បានក្លាយជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខ១ ដែលមានផលិតផលវិនិយោគច្រើនជាងគេបំផុតនៅកម្ពុជា សម្រាប់ការជួយបង្កើនឱកាសវិនិយោគកាន់តែច្រើនសម្រាប់វិនិយោគិន និងអ្នកជួញដូរទាំងអស់។
ដើម្បីកត់សម្គាល់សមិទ្ធផលដ៏សំខាន់នេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន G-Link បានរៀបចំពិធីអបអរសាទរតាមប្រព័ន្ធអនឡាញ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចណែនាំអំពីផលិតផលវិនិយោគក្នុងទម្រង់ជាកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ និងគុណសម្បត្តិរបស់ផលិតផលទាំងនេះទៅដល់សាធារណជន ក៏ដូចជាចែករំលែកពេលវេលាដ៏រីករាយជាមួយភ្ញៀវកិត្ដិយសទាំងអស់ផងដែរ។
ពិធីអបអរសាទរនេះត្រូវបានផ្ដល់កិត្ដិយសចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) រួមមាន៖ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក ឯកឧត្ដមបណ្ឌិត វិន ភក្ដី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្ដរការីមូលបត្រនៃ ន.ម.ក លោក យន់ សុវណ្ណារ៉ា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ លោក ពេជ្រ រិទ្ធី អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ លោក ស៊ីម ណារីកិត្យា មន្រ្ដីជំនាញការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ ដើម្បីជាសក្ខីភាព និងអបអរសាទរដល់ការរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន G-Link។ ជាមួយគ្នានេះដែរ វត្តមានថ្នាក់ដឹកនាំនៃក្រុមហ៊ុនសមភាគីកណ្ដាលរួមមាន៖ លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោកស្រី Jen Tran និងលោក Lawrence Kook ដែលជាអភិបាលនៃក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងលោកស្រី Monisa Yang ដែលជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ កម្មវិធីនេះក៏ត្រូវបានអញ្ជើញចូលរួមអបអរសាទរពីបណ្ដាភ្ញៀវកិត្ដិយសជាច្រើនរូបទៀត ដែលបានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន G-Link ក្នុងការបង្កើនកម្រិតស្តង់ដារទីផ្សារនៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ ន.ម.ក។
ផលិតផលកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនលំដាប់ពិភពលោក ដែលក្រុមហ៊ុន G-Link បាននាំយកមក គឺជាការជួញដូរលើតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអន្តរជាតិទាំងនោះ ហើយភាគច្រើន យើងសុទ្ធតែបានស្គាល់ និងកំពុងប្រើប្រាស់សព្វថ្ងៃនេះ។ ជាឧទាហរណ៍ ក្រុមហ៊ុន Facebook Apple Tesla Microsoft Starbucks Amazon Coca-Cola និងក្រុមហ៊ុនជាច្រើនទៀត ដែលភាគច្រើនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រទេសអាឡឺម៉ង់ និងប្រទេសចិន។ វិនិយោគិនអាចជួញដូរលើតម្លៃភាគហ៊ុន ឬមូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនទាំងអស់នេះបាន តាមរយៈកម្មវិធីជួញដូររបស់ក្រុមហ៊ុន G-Link ។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ និងជាតំណាងនៃក្រុមហ៊ុន G-Link បានមានប្រសាសន៍ថា៖ «ក្នុងឱកាសដ៏ពិសេសនេះ ខ្ញុំតំណាងឱ្យក្រុមហ៊ុន G-Link ទាំងមូល សូមសម្ដែងនូវសេចក្ដីរំភើបរីករាយ ដែលយើងមានផលិតផលវិនិយោគកាន់តែច្រើនសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ខ្ញុំមានសុទិដ្ឋិនិយមថា ផលិតផលវិនិយោគទាំងនេះនឹងធ្វើឱ្យសកម្មភាពវិនិយោគកាន់តែមមាញឹក និងទាក់ទាញការចូលរួមកាន់តែច្រើនពីតួអង្គទីផ្សារទាំងអស់នៅក្នុងវិស័យហិរញ្ញវត្ថុ»។
លោកបានបន្ដទៀតថា៖ «ក្នុងស្មារតីនេះ ក្រុមហ៊ុនរបស់យើងប្តេជ្ញាចិត្ដថានឹងពង្រឹងប្រតិបត្តិការអាជីវកម្មរបស់យើង ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជន ហើយយើងនឹងបន្ដការអភិវឌ្ឍសេវាកម្ម និងផលិតផលវិនិយោគឱ្យកាន់តែល្អប្រសើរ។ យើងក៏សូមថ្លែងអំណរគុណចំពោះ ន.ម.ក និងក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលរបស់យើង សម្រាប់ការដឹកនាំ និងការគាំទ្រជាបន្តបន្ទាប់ក្នុងដំណើររួមគ្នាក្នុងការជួយសម្រួលដល់ការវិនិយោគប្រកបដោយសុវត្ថិភាព និងតម្លាភាព ដើម្បីការពារវិនិយោគិន និងជំរុញកំណើនទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន» ។
ដោយចូលរួមក្នុងស្មារតីនេះ ជាដំបូងគណៈអធិបតីនៃ ន.ម.ក បានសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុន G-Link ដែលតែងតែបន្ដប្រតិបត្ដិការល្អប្រសើរក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេ និងបានអបអរសាទរដល់ក្រុមហ៊ុន G-Link ដែលបានក្លាយជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខ១ ដែលមានផលិតផលវិនិយោគច្រើនជាងគេបំផុតនៅកម្ពុជា។
ឯកឧត្ដម ស៊ូ សុជាតិ បានមានប្រសាសន៍ថា៖ «ចាប់តាំងពី ន.ម.ក បានផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន G-Link ឱ្យដំណើរការអាជីវកម្មរបស់ខ្លួនមក យើងតែងតែមើលឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនចំពោះការអភិវឌ្ឍផលិតផលវិនិយោគរបស់ខ្លួន។ ជាក់ស្ដែង ក្រុមហ៊ុនមានផលិតផលឧបករណ៍និស្សន្ទដែលទទួលបានការអនុញ្ញាតឱ្យជួញដូរពី ន.ម.ក ប្រមាណជា ១១២ ផលិតផល រួមមាន៖ កិច្ចសន្យាលើគម្លាតថ្លៃរូបិយប័ណ្ណបរទេស កិច្ចសន្យាលើគម្លាតថ្លៃលោហធាតុមានតម្លៃ កិច្ចសន្យាលើគម្លាតថ្លៃថាមពល កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ និងកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ។ នេះគឺជាចំនួនផលិតផលឧបករណ៍និស្សន្ទច្រើនជាងគេ បើធៀបជាមួយនឹងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដទៃទៀត»។
ឯកឧត្ដមបានបញ្ជាក់ទៀតថា៖ «ការកើនឡើងនូវទំហំជួញដូររបស់ក្រុមហ៊ុននេះ មិនមែនជារឿងចៃដន្យនោះទេ ព្រោះក្រុមហ៊ុននេះបាន និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគសាធារណៈ តាមរយៈការផ្ដល់ជម្រើសផលិតផលឧបករណ៍និស្សន្ទដែលទទួលបានការអនុញ្ញាតជាច្រើនដល់វិនិយោគិន រួមទាំងការគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្ដិដែលមានជាធរមាន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន G-Link ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា តាមរយៈការទាក់ទាញ និងការផ្ដល់ទំនុកចិត្ដដល់វិនិយោគិនឱ្យចូលរួមវិនិយោគនៅក្នុងវិស័យនេះ»។
លោក Lawrence Kook បានចូលរួមបញ្ចេញមតិថា៖ «ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាពដែលបានឃើញពីការប្តេជ្ញាចិត្តក្នុងការបង្កើនឱកាសវិនិយោគ និងការអភិវឌ្ឍសេវាកម្មរបស់ក្រុមហ៊ុន G-Link។ ដោយបានចូលរួមជាសក្ខីភាពក្នុងពិធីអបអរសាទរនេះ យើងជឿជាក់ថា ក្រុមហ៊ុន G-Link នឹងអាចផ្សព្វផ្សាយផលិតផលវិនិយោគក្នុងទម្រង់ជាកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ និងអត្ថប្រយោជន៍របស់វាដោយជោគជ័យ ដោយអនុញ្ញាតឱ្យវិនិយោគិន និងអ្នកជួញដូរទាំងអស់អាចវិនិយោគបានយ៉ាងងាយស្រួល និងអាចទាញយកផលត្រឡប់ពីការវិនិយោគជាបន្តបន្ទាប់»។
ពិធីអបអរសាទរបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា ហើយក៏ជាការចាប់ផ្តើមនៃឱកាសមាសថ្មីៗជាច្រើន សម្រាប់វិនិយោគិន និងអ្នកជួញដូរទាំងអស់ ដើម្បីជួយឱ្យជីវិតរបស់ពួកគាត់កាន់តែល្អប្រសើរ ក្រោមការការពាររបស់ ន.ម.ក។
ជាចុងបញ្ចប់ ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា និងដើម្បីឱ្យប្រជាជនកម្ពុជាអាចទាញយកសារៈប្រយោជន៍ពីផលិតផលកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិនេះ ក្រុមហ៊ុន G-Link នឹងរៀបចំផ្ដល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗដល់អតិថិជន។ ដូច្នេះ សូមតាមដានទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Golden FX Link Capital ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងប្រូម៉ូសិន និងចំណេះដឹងពាក់ព័ន្ធនឹងការជួញដូរផលិតផលហិរញ្ញវត្ថុ។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់សាកសួរព័ត៌មានបន្ថែមទាក់ទងនឹងការបើកគណនីជួញដូរ ឬការប្រឹក្សាយោបល់អំពីការវិនិយោគលើឧបករណ៍និស្សន្ទ សូមទាក់ទងមកកាន់ក្រុមហ៊ុន G-Link តាមរយៈទូរស័ព្ទលេខ៖ 023 226 666។