តារាចម្រៀង មាស សុខសោភា រកឃើញទ្រនំថ្មីគឺផលិតកម្ម «រាម» ជាមួយពិធីស្វាគមន៍ដ៏កក្រើក
ពេលនេះតារាចម្រៀងស្រី មាស សុខសោភា ដែលត្រូវបានមហាជន និងអ្នកគាំទ្រនាងទទួលស្គាល់ថា ពិតជាមានសំឡេងធម្មជាតិទាំងច្រៀងបទចម្រៀងជាភាសាបរទេស និងចម្រៀងជាតិនោះបានសម្រេចចិត្តចូលទ្រនំថ្មីគឺ ផលិតកម្ម «រាម» ដោយនាងបានចុះកិច្ចសន្យារយៈមួយឆ្នាំហើយនាងបញ្ជាក់ថាបើទៅមុខដំណើរការល្អអាចនាងនៅក្នុងផលិតកម្មនេះរហូត ។
ក្នុងថ្ងៃសម្ពោធផលិតកម្ម «រាម» នារាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រីមៀរសែនសុខគេបានចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងចំពោះការបង្ហាញវត្តមានតារា២ដួងរបស់ផលិតកម្មរាមដែលមានតារាចម្រៀងស្រីមាស សុខសោភា និង តារាចម្រៀងប្រុសលោក ដួង វិរៈសិទ្ធ បានចេញបង្ហាញខ្លួន និងច្រៀងនាពេលនោះ ។
ក្នុងឱកាសពិធីទទួលស្វាគមន៍តារាចម្រៀង មាស សុខសោភា ចូលក្នុងផលិតកម្មរបស់ខ្លួន ផលិតកម្ម «រាម» បានចាត់ទុកនាងថា ជាតារាចម្រៀងមានសំឡេងពីរោះពីធម្មជាតិពិតៗ ព្រមទាំងបានបំពាក់មកុដ ជាសក្ខីបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ នៅក្នុងថ្ងៃទទួលស្វាគមន៍តារាចម្រៀងរូបនេះទៀតផង ។
អ្នកស្រី នួន ស៊ុន្ទរី អគ្គនាយិកាផលិតកម្ម «រាម» បានធ្វើការបំពាក់មកុដ ជូនដល់តារាចម្រៀង មាស សុខសោភា ព្រមទាំងបានដាក់ឈ្មោះថា «តារាចម្រៀងស្រីមានសំឡេងធម្មជាតិ» ថែមទៀតផង ធ្វើឱ្យតារាស្រីរូបនេះ រំភើបជាខ្លាំង ។
ចូលរួមអបអរសាទរ ជាមួយនឹងតារាចម្រៀង មាស សុខសោភា ក្នុងការមកកាន់ផលិតកម្ម «រាម» ជាផ្លូវការគេក៏សង្កេតឃើញមានភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅវិថីសិល្បៈ បង្ហាញវត្តមាន យ៉ាងច្រើន ។
អ្នកស្រី នួន ស៊ុន្ទរី អគ្គនាយិកាផលិតកម្ម «រាម» បានឱ្យដឹងថា ផលិតកម្ម «រាម» ជាផលិតកម្មទើបតែបង្កើតថ្មី ប៉ុន្តែមានគោលដៅច្បាស់លាស់ក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ជាពិសេសមានមហិច្ឆតាខ្ពស់ ក្នុងការចូលរួមលើកស្ទួយវិស័យសិល្បៈ ពិសេសលើវិស័យចម្រៀងខ្មែរ ឲ្យកាន់តែមានភាពរីកចម្រើន និងទូលំទូលាយ ព្រមជាមួយការប្រកួតប្រជែង លើទីផ្សារអន្តរជាតិថែមទៀតផង ។
អ្នកស្រីបន្តថា ផលិតកម្ម បានត្រៀមយុទ្ធសាស្ត្រជាច្រើន ដើម្បីចូលខ្លួនបម្រើក្នុងវិស័យសិល្បៈ ទាំងចម្រៀង និងភាពយន្ត ដោយបាននឹងទទួលយកនូវកិច្ចសហការដោយក្ដីរីករាយ ប្រសិនបើមានផលិត កម្ម, ផលិតករ ឬអ្នកមានទេពកោសល្យសិល្បៈណាមួយចង់សហការជាមួយ គឺស្វាគមន៍ជានិច្ច ។ ផលិតកម្ម «រាម» ផលិតបទចម្រៀងឡើង គឺផ្ដោតសំខាន់ទៅលើគុណភាពជាចំបង មានចក្ខុវិស័យ ច្បាស់លាស់ ហើយក៏មិនប្រកួតប្រជែង ជាមួយនឹងផលិតកម្មក្នុងស្រុកណាមួយឡើយ ។
ចំពោះបទចម្រៀងដំបូងរបស់តារាចម្រៀង មាស សុខសោភា នៅក្នុងផលិតកម្មរាម គឺមានចំណងជើងថា «ត្រឡប់» ដែលត្រូវបានផលិតកម្ម សម្រិតសម្រាំងឡើងយ៉ាងពិសេស និងបញ្ចេញជាផ្លូវការនៅថ្ងៃសម្ពោធបើកផលិតកម្ម និង ពិធីទទួលរូបនាង ផងដែរ ៕