អីយ៉ា! តារា ៤ ក្រុម ត្រៀមខ្លួនធ្វើជាម្ចាស់ពានរង្វាន់កម្មវិធី «សង្វៀនម្ហូប» រដូវកាលទី ១
ឆ្លងកាត់ការប្រកួតចម្អិនម្ហូបយ៉ាងស្វិតស្វាញពីសំណាក់តារាសម្តែង និង តារាចម្រៀងអស់ជាច្រើនសប្តាហ៍ នៅពេលនេះកម្មវិធីសង្វៀនម្ហូបបានរកឃើញក្រុមឆ្នើមចំនួន៤ក្រុម ត្រៀមខ្លួនប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកទឹកប្រាក់ ២០ លានរៀល និង ពានរង្វាន់សង្វៀនម្ហូបរដូវកាលទី ១ ។
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី ១៩ ខែវិច្ឆិការខាងមុខនេះ កម្មវិធីប្រកួតប្រជែងចម្អិនម្ហូបខ្មែរដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា នោះគឺកម្មវិធី«សង្វៀនម្ហូប» នឹងឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រ។ ក្នុងនោះវត្តមានតារាចម្រៀង និង តារាសម្តែងចំនួន៤ក្រុម នឹងមានវត្តមានប្រកួតប្រជែង បន្ទាប់ពីពួកគេឆ្លងកាត់ការប្រកួតចម្អិនម្ហូបយ៉ាងស្វិតស្វាញអស់ជាច្រើនសប្តាហ៍។ តារាទាំង៤ក្រុមនោះមានដូចជា៖
ក្រុមទី១៖ កញ្ញា យ៉េយ៉េ និង កញ្ញា Pancake
ក្រុមទី២៖ លោក ចន ច័ន្ទដារ៉ា និង កញ្ញា ពៅ លីដា
ក្រុមទី៣៖ លោក ប៉ែន ភ័ក្ត្រសុធារិទ្ធ និង កញ្ញា រឿនណាត
ក្រុមទី៤៖ លោក ធាន និង អ្នកនាង ឡោម លក្ខិណា
ផលិតករកម្មវិធី «សង្វៀនម្ហូប» អ្នកនាងយុគ ចិន្តាបានលើកឡើងថាក្រៅពីការបង្ហាញសម្ថតភាពចម្អិន របស់តារាល្បី ៗដែលជាIdol របស់មហាជន កម្មវិធីនេះមានទិសដៅសំខាន់ក្នុងការគាស់កកាយនូវរបៀបចម្អិនម្ហូបរបស់ខ្មែរ ដែរជាប្រពៃណី និង វប្បធម៌ដែលមានតាំងពីយូរឡុងណាស់មកហើយ អោយអ្នកទស្សនាបានស្គាល់។ ក្នុងនោះកម្មវិធីបានស្រាវជ្រាវម្ហូបខ្មែរនៅតាមតំបន់នានា យកមកធ្វើជាវិញ្ញសារសម្រាប់ការប្រកួត។ ជាការកត់សម្គាល់តារា និង អ្នកទស្សនាមួយចំនួនបានស្គាល់ពីឈ្មោះមុខម្ហូប ប៉ុន្តែមិនទាន់យល់ច្បាស់ពីរបៀបនៃការចម្អិន ។ ក្រៅពីនេះកម្មវិធី «សង្វៀនម្ហូប» ក៏ជាស្ពានតផ្ជាប់រវាងភ្ញៀវអន្តរជាតិ និងប្រពៃណីម្ហូបខ្មែរ ដែលជាផ្នែកមួយជួយដល់វិស័យទេសចរណ៍ ព្រោះថាវិស័យម្ហូបអាហារគឺដើរទន្ទឹមគ្នានឹងវិស័យទេសចរណ៍ ។
សូមរំលឹកឡើងវិញថាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី«សង្វៀនម្ហូប» នឹងធ្វើឡើងថ្ងៃទី ១៩ ខែវិច្ឆិការ ដោយមានការចាក់ផ្សាយក្នុងស្ថានីយទូរទស្សន៍ CTN វេលាម៉ោង៨នាទីយប់ ។ ក្នុងនោះចំណោមតារាទាំង ៤ ក្រុមគឺមានតែមួយក្រុមតែប៉ុណ្ណោះដែលនឹងក្លាយទៅជាម្ចាស់ទឹកប្រាក់ ២០ លានរៀល ម្ចាស់មេដាយមាស និង ពានរង្វាន់កម្មវិធី «សង្វៀនម្ហូប» រដូវកាលទី ១ ។
ដោយ៖ រៀម ចំរើន