ស្ទីលកាន់ឆ័ត្ររបស់ ខាត់ សុឃីម ក្នុងរឿង «បិសាចគួរឲ្យស្រលាញ់» បង្កប់នូវអត្ថន័យនឹកស្មានមិនដល់ ?
អ្នកនាង ខាត់ សុឃីម គឺជាអ្នកសិល្បៈពហុជំនាញដ៏ពេញនិយមចាប់តាំងពីដើមរហូតមកដល់បច្ចុប្បន្ន ។ ពីមួយថ្ងៃទៅមួយថ្ងៃកេរ្តិ៍ឈ្មោះរបស់អ្នកនាងចេះតែបន្តកើនឡើងជាលំដាប់ទាំងស្បិៈបែបបុរាណ ប្រពៃណី និង សម័យ ។
អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ទៅលើតារារូបនេះបន្ថែមទៀតនោះ គឺក្រោយពីដកឃ្លាក្នុងវិស័យខ្សែភាពយន្តជាច្រើនឆ្នាំ្នកន្លងមក ពេលនេះអ្នកនាង ខាត់ សុឃីម កំពុងតែឡើងកូដក្រើតៗតែម្តង ដោយទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនពេលលេចមុខនៅក្នុងរឿងភាគកំពុងល្បី គឺរឿង «បិសាចគួរឲ្យស្រលាញ់» របស់ស្ថានីយទូរទស្សន៍ហង្សមាស ។
ក្នុងនាមជាតួអង្គដ៏លេចធ្លោនៅក្នុងរឿងភាគមួយនេះ អ្នកនាង ខាត់ សុឃីម ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ថានៅតែជាតារាដ៏មានទេពកោសល្យជាមួយនឹងការសម្តែងដូចធម្មជាតិពិតៗ ។
ជាមួយគ្នានិងការកោតសរសើរនេះដែរអ្នកនាងក៏បានបង្ហាញនូវអារម្មណ៍រំភើបរីករាយនៅពេលដែលរឿង «បិសាចគួរឲ្យស្រលាញ់» ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនបែបនេះ ហើយអ្នកនាងក៏សូមអរគុណដល់ទស្សនិកជនទាំងអស់ដែលគាំទ្រស្នាដៃកូនខ្មែរដែលមានគុណភាព និង សមត្ថភាពមិនចាញ់បរទេសឡើយ ។
ទាក់ទងទៅនឹងចម្ងល់ថា ហេតុអ្វីបានជាឃើញអ្នកនាងកាន់ឆ័ត្ររហូតនៅក្នុងរឿងភាគមួយនេះ អ្នកនិពន្ធវ័យក្មេងលោក សោម ដូរ៉េ បានបញ្ជាក់ថា នេះគឺជាស្ទីលប្លែកមួយសម្រាប់តួអង្គអ្នកនាង ខាត់ សុឃីម ផ្ទាល់ ហើយនៅក្នុងរឿងនេះគាត់ជាក្រមុំសៅកែ អ៊ីចឹងមានតែឆ័ត្រហ្នឹងហើយកំដរគាត់គ្រប់ពេល ៕