ក្រុមហ៊ុន XFORCE GLOBAL ចុះអនុស្សរណៈជាមួយតារាសម្ដែងលោក អ៊ុន សិទ្ធា ដើម្បីនាំយកបច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) មកកាន់កម្ពុជា ដើម្បីជួយឲ្យអ្នកជំនួញកម្ពុជា អាចទាញយកឱកាសអាជីវកម្មថ្មីៗ នាសម័យឌីជីថល
ភ្នំពេញ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ ៖ XFORCE GLOBAL ដែលជាក្រុមហ៊ុនប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចលំដាប់អន្តរជាតិ មកពីប្រទេសម៉ាឡេស៊ី មានមោទនភាព និង ការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការនាំយកបច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅចូលរួមជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា នាសម័យឌីជីថលនេះ ។
ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន បានសបញ្ចាក់តាមរយៈពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការជាមួយតារាសម្ដែង ដែលមានឈ្មោះបោះសំឡេងមួយរូបក្នុងស្រទាប់សិល្បៈគឺ លោក អ៊ុន សិទ្ធា នៅសណ្ឋាគារ ហ៊ីម៉ាវរី (Himawari) ក្នុងឱកាសប្រកាសលោក អ៊ុន សិទ្ធា ធ្វើជាអ្នកតំណាងចែកចាយផ្តាច់មុខរបស់ XFORCE GLOBAL CAMBODIA ។
ពាណិជ្ជកម្មអេឡិចត្រូនិច គឺជាកំលំាងសេដ្ឋកិច្ចមួយដែលគេបានដាក់ឈ្មោះឲ្យថា «ការវិវឌ្ឍន៍នៃអាជីវកម្មសតវត្សទី ២១» ដោយកំលាំងនេះបានបង្កើតឲ្យមានវិស័យឧស្សាហកម្មថ្មីៗ បានផ្លាស់ប្តូររបៀបទិញលក់ទំនិញ និង បានជួយឲ្យអាជីវកម្មទំាងឡាយកាន់តែមានភាពរឹងមាំ និង ផ្ដល់ឱកាសឲ្យអាជីវករទំាងឡាយអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនគ្រប់ពេលវេលាគ្រប់ទីកន្លែង ។
ថ្លែងទាំងទឹកមុខសប្បាយរីករាយដែលបានចូលរួមនៅក្នុងការវិវឌ្ឍន៍អាជីវកម្មសតវត្សទី ២១ នេះ លោក អ៊ុន សិទ្ធា បានរៀបរាប់ថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយនិងមោទនភាពក្រៃលែង ដែលបានក្លាយជាអ្នកតំណាងចែកចាយផ្តាច់មុខរបស់ XFORCE GLOBAL CAMBODIA ដើម្បីនាំយកការវិវឌ្ឍន៍នៃអាជីវកម្មសតវត្សរ៍ទី ២១ នេះ មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅចូលរួមជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជាយើង» ។
ប្រព័ន្ធពាណិជ្ជកម្មរបស់ XFORCE គឺត្រូវបានបង្កើតឡើងសម្រាប់មនុស្សគ្រប់គ្នា ។ នេះបើយោងតាមលោក ព្រំ សំណាង ដែលជាស្ថាបនិកក្រុមហ៊ុន XFORCE GLOBAL។
លោក ព្រំ សំណាង បានមានប្រសាសន៍ថា៖ «មិនថាសម្រាប់អ្នកដែលមិនមានបទពិសោធន៍អាជីវកម្ម ឬ មិនមានយុទ្ធសាស្រ្តក្នុងការលក់ក៏ដោយ ក៏លោកអ្នកអាចចូលរួមធ្វើជាដៃគូរបស់ក្រុមហ៊ុន XFORCE ដើម្បីចាប់ផ្តើមអាជីវកម្មដ៏ជោគជ័យមួយ នៅលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចបានយ៉ាងរលូន ដោយចំនាយតិច និងចំនេញច្រើន»។
មិនខុសពីប្រទេសផ្សេងទៀតនៅទូទាំងពិភពលោកប៉ុន្មានទេ កម្ពុជាកំពុងមើលឃើញនូវ ការកើនឡើងយ៉ាងខ្លាំងនៃអាជីវកម្មតាមអនឡាញ ។ ជាក់ស្ដែង នាអំឡុងពេលដែលមានការរាតត្បាតវីរុសកូវីដ ១៩ នេះ អាជីវករកម្ពុជាជាច្រើន បានផ្លាស់ប្ដូរមធ្យោបាយធ្វើអាជីវកម្មរបស់ខ្លួន ពីការលក់តាមហាង មកជាលក់តាមអនឡាញវិញ ដើម្បីអាចបន្តផ្ដល់សេវាកម្មជូនដល់អតិថិជនរបស់ខ្លួន ។
ហើយការនាំយកប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) របស់ក្រុមហ៊ុន XFORCE GLOBAL នេះ នឹងចូលរួមបន្ថែមទៀត ដល់ការអភិវឌ្ឍន៍អាជីវកម្មតាមអនឡាញនៅកម្ពុជា ។ នេះបើយោងតាម ឯកឧត្តម លឹម រតនៈ ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមធ្វើជាគណអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំសូមកោតសរសើរនិងគាំទ្រ ចំពោះការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពីសំណាក់ក្រុមហ៊ុន XFORCE GLOBAL តាមរយៈការនាំយកប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចនេះមកកាន់កម្ពុជា ។ បច្ចេកវិទ្យា បាននិងកំពុងនាំមកនូវការអភិវឌ្ឍន៍រីកចម្រើនជាច្រើននៅក្នុងពិភពលោក ដូច្នេះខ្ញុំសូមស្វាគមន៍និងគាំទ្ររាល់ការប្ដេជ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់ ដើម្បីនាំយកបច្ចេកវិទ្យាថ្មីៗ មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅចូលរួមជួយអភិវឌ្ឍប្រទេសជាតិយើង» ។
អំពី XFORCE GLOBAL
XFORCE GLOBAL គឺជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចដែលនឹងមានវត្តមាននៅក្នុង ១១ ប្រទេសនៅទ្វីបអាស៊ីត្រឹមឆ្នាំ ២០២៥ ព្រមទាំងនឹងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់គ្រប់ទ្វីបនានាទូទំាងពិភពលោក នាពេលអនាគត ។
ក្រុមហ៊ុន XFORCE GLOBAL បង្កើតឡើងដោយក្រុមអ្នកជំនួញដ៏ជំនាញ និង មានបទពិសោធន៍ជាច្រើនឆ្នាំ ដែលផ្តោតលើការបង្កើតឱកាសទីផ្សារដល់ដៃគូ និងអតិថិជន តាមរយៈយុទ្ធសាស្ត្រជំនួញបែបឌីជីថលលើប្រព័ន្ធអ៊ីនធើណេត ៕