ដោយសារតែរឿង «បិសាចគួរឲ្យស្រលាញ់» រ៉េត ស៊ូហ្សាណា ត្រូវបានអ្នកគាំទ្រ…
រឿងភាគទូរទស្សន៍ គឺរឿង «បិសាចគួរឲ្យស្រលាញ់» ដែលអន្ទងចិត្តអ្នកទស្សនាគ្រប់គ្នាតាមរយៈសាច់រឿងបែបកំប្លែងជាមួយនឹងការសម្តែងដ៏ស័ក្កិសមរបស់តួអង្គនីមួយៗ កំពុងតែទទួលបាននូវការគាំទ្រកាន់តែច្រើនឡើង ជាពិសេសកញ្ញា រ៉េត ស៊ូហ្សាណា ឬ ចូចូ តែម្តងដែលជាតួអង្គវ័យក្មេងសម្តែងបានយ៉ាងសមឥតខ្ចោះ ។
ពីមួយភាគទៅមួយភាគអ្នកទស្សនាពិតជាជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំងមិនអាចរំលងពីការទស្សនាបានជាមួយនឹងសាច់រឿងព្រមទាំងទេពកោសល្យនៃការសម្តែងដ៏រស់រវើករបស់តួអង្គនីមួយៗ ។
នៅក្នុងរឿងភាគដែលកំពុងតែអន្ទងចិត្តអ្នកទស្សនាមួយនេះ គឺកញ្ញា រ៉េត ស៊ូហ្សាណា ត្រូវសម្តែងជាតួអង្គដែលខិតខំព្យាយាមធ្វើការគ្រប់យ៉ាងឲ្យតែបានលុយយកទៅចិញ្ចឹមគ្រួសារ ដែលក្នុងនោះនាងបានសម្តែងធ្វើជាកូនក្រមុំក្លែងក្លាយ អ្នកស៊ើបការ ស៊ីឈ្នួលវាយប្រពន្ធចុង ហ្វេនផ្កាប់មុខក្លែងក្លាយ រហូតដល់ធ្វើជាគ្រួទាយជាដើម និយាយរួមឲ្យតែការងារបានលុយអ្វីក៏នាងអាចធ្វើដែរ ! ។
ថ្វីត្បិតរឿង «បិសាចគួរឲ្យស្រលាញ់» នេះជារឿងភាគទីមួយសម្រាប់នាងក្តី តែត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា ការសម្តែងរបស់នាង គឺពិតជាស័ក្កិសមខ្លាំងណាស់នៅក្នុងការរឿងភាគបែបកំប្លែងមួយនេះ ៕