ក្រុមហ៊ុន ASUS បានរកឃើញអ្នកឈ្នះរង្វាន់ក្នុងការប្រកួតហ្គេម Valorant Tournament ហើយ
ក្រុមហ៊ុន ASUS បានសហការគ្នាជាមួយនឹងលោក ឆេង សុភ័ក្រ្ត ដែលអ្នកគ្រប់គ្នាស្គាល់គាត់ថា ពូជ្រួញ ឬ រៀនថតនោះ បានបង្កើតកម្មវិធីការប្រកួតកីឡាអេឡិចត្រូនិចមួយគឺ Valorant Tournament ។ កម្មវិធីនេះផងដែរត្រូវបានគាំទ្រជាផ្លូវការណ៍ពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា E-Sports Federation Cambodia ។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីជួយលើកស្ទួយដល់វិស័យកីឡាអេឡិចត្រូនិចនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ។
កាលពីថ្ងៃទី ៨ ខែសីហា កន្លងផុតទៅ ក្រុមហ៊ុន ASUS និង លោក ឆេង សុភ័ក្រ្ត ក៏បានរកឃើញអ្នកឈ្នះការប្រកួត ហើយក៏បានរៀបចំកម្មវិធីប្រគល់រង្វាន់នៅហាងកាហ្វេ EFC ដោយមានរង្វាន់សរុបទាំងអស់គឺ ៨,០០០,០០០ លានរៀល ។ ក្រុមដែលឈ្នះទាំងអស់គឺមាន ៣ ក្រុម ដោយក្រុមដែលទទួលបានជ័យលាភីទី ១ ឈ្មោះ Max ទទួលបានទឹកប្រាក់សរុប ២,០០០,០០០ លានរៀល ជាមួយនឹងកាស ROG Delta Core និង mouse ម៉ូឌែល ROG Gladius 2 Core ទាំងអស់ ៥ ឆុតសម្រាប់សមាជិកនិមួយៗ ។
រីឯក្រុមដែលទទួលជ័យលាភីទី ២ ឈ្មោះ Elyx Clan ទទួលបានទឹកប្រាក់ចំនួន ១,២០០,០០០ លានរៀល ជាមួយនឹងកាសម៉ូឌែល ASUS TUF Gaming H5 និង mouse ម៉ូឌែល ROG Gladius 2 Core ទាំងអស់ ៥ ឆុតសម្រាប់សមាជិកនីមួយៗ ។
ក្រុមចុងក្រោយដែលទទួលបានជ័យលាភីទី ៣ ឈ្មោះ Galaxy ទទួលបានទឹកប្រាក់ ៨០០,០០០ សែនរៀល ជាមួយនឹងកាសរបស់ ASUS ម៉ូឌែល TUF Gaming H5 និង mouse ម៉ូឌែល P304 TUF Gaming M5 ចំនួន ៥ ឆុតសម្រាប់សមាជិកនីមួយៗ ។
ក្រុមហ៊ុន ASUS ក៏មានគម្រោងផ្សេងៗទៀតនៅថ្ងៃអនាគត ដើម្បីជាចំណែកមួយចូលរួមលើកស្ទួយ ក៏ដូចជាគាំទ្រវិស័យកីឡាអេឡិចត្រូនិចនៅប្រទេសកម្ពុជាឲ្យមានឈ្មោះបោះសំឡេងដូចប្រទេសដទៃ និង ជាពិសេសប្រទេសជិតខាងផងដែរ ៕