សុវណ្ណាភូមិ ឡាយហ្វ៍ បន្តរៀបចំកម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” ទៅដល់ស្រុកបន្ទាយស្រី បន្ទាប់ពីឈ្នះពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា” ៣ ឆ្នាំជាប់ៗគ្នា
កាលពីថ្ងៃទី ២៦ កក្កដា ២០២០ ៖ សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ «អរគុណកម្ពុជា» លើកទី ២ នៅសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីចែកគ្រឿងឧបភោគបរិភោគជូនដល់ពលរដ្ឋដែលជួបការលំបាកចំនួន ១០០ គ្រួសារ ។ យុទ្ធនាការសប្បុរសធម៌ «អរគុណកម្ពុជា» នេះនឹងបន្តដំណើរទៅតាមបណ្តាខេត្តមួយចំនួនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក William Lim អគ្គនាយកផ្នែកលក់ សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា «ពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា» ៣ ឆ្នាំជាប់ៗគ្នានេះ គឺជារបស់ប្រជាជនកម្ពុជា ។ ទន្ទឹមនឹងនេះ យុទ្ធនាការសប្បុរសធម៌ «អរគុណកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើង ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជនជាង ៦០.០០០ នាក់ ចំពោះ សុវណ្ណាភូមិ ឡាយហ្វ៍ រហូតឈានដល់ឈ្នះពានរង្វាន់ ៣ ឆ្នាំជាប់ៗគ្នា សម្រាប់ឆ្នាំ ២០១៨, ២០១៩ និង ២០២០ ។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តប្រឹងប្រែងអភិវឌ្ឍផលិតផល និង សេវាកម្មធានារ៉ាប់រងអាយុជីវិតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនកម្ពុជា» ។
លោក ភន់ សុខុម អភិបាលរងស្រុក បន្ទាយស្រី បានលើកឡើងថា «យើងខ្ញុំពិតជារីករាយក្នុងការសហការ និង ស្វាគមន៍ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីរៀបចំកម្មវិធីសប្បុរសធម៌ «អរគុណកម្ពុជា» នេះឡើង ។ កម្មវិធីនេះពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងរូបភាពជួយសម្រួលបន្ទុក ក៏ដូចជាការបង្ហាញយកចិត្តទុកដាក់ដល់បងប្អូនដែលជួបការខ្វះខាតក្នុងស្រុករបស់យើងខ្ញុំ» ។
ម្យ៉ាងវិញទៀត កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការចូលរួមចំណែកជួយដល់សហគមន៍ ។ យុទ្ធនាការសប្បុរសធម៌ «អរគុណកម្ពុជា» គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនទៀត របស់សុវណ្ណាភូមិ ឡាយហ្វ៍ ។ សូមបញ្ជាក់ផងដែរថា យុទ្ធនាការសប្បុរសធម៌ «អរគុណកម្ពុជា» បន្ទាប់ទៀត នឹងរៀបចំធ្វើឡើងនៅ ខេត្តរតនគីរី ។
ចាប់តាំងពីដំណើរការនៅឆ្នាំ ២០១៥ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានការគាំទ្រ និង ប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ។ កេរ្តិ៍ឈ្មោះរបស់សុវណ្ណាភូមិ ឡាយហ្វ៍ ត្រូវបានប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានពេញចិត្តពីមួយឆ្នាំទៅមួយឆ្នាំ ។ រហូតមកដល់ពេលនេះ មានអតិថិជនជាង ៦០.០០០ នាក់ បានផ្តល់ទំនុកចិត្តមកលើ សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីគ្រប់គ្រង និងផ្ទេរហានិភ័យនៃការការពារហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់ ។ កត្តាទាំងនេះ បានធ្វើឲ្យក្រុមហ៊ុនទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការកើនឡើងនៃ ចំនួនបណ្ណសន្យារ៉ាប់រងដែលបានផ្តល់ជូនអតិថិជន ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ។
អំពីក្រុមហ៊ុន Global Banking and Finance Review
ក្រុមហ៊ុន Global Banking and Finance Review ដែលមានការិយាល័យកណ្តាលនៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស គឺជាស្ថាប័នទស្សនាវដ្តីបោះពុម្ពផ្សាយ និង អនឡាញឈានមុខគេមួយ ដែលផ្តល់ជូនព័ត៌មានឯករាជ្យសំខាន់ៗ នៅក្នុងវិស័យហិរញ្ញវត្ថុ ។ Global Banking and Finance Review ផ្តោតសំខាន់ទៅលើការផ្តល់ព័ត៌មានថ្មីៗទៅកាន់បុគ្គលសំខាន់ៗនៅក្នុងវិស័យហិរញ្ញវត្ថុ។ អ្នកអានរបស់ Global Banking and Finance Review រួមមាន ប្រធាននាយក នាយកប្រតិបត្តិ នាយកផ្នែកហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនធំៗ 500 (Fortune 500) ធនាគារធំៗ ស្ថាប័នហិរញ្ញវត្ថុ ធនាគារកណ្តាល និងបុគ្គលដែលមានចំណាប់អារម្មណ៍លើព័ត៌មាន និង ទីផ្សារហិរញ្ញវត្ថុ ។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) និង ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតមឿងថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។ ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) គឺជាក្រុមហ៊ុនមេ របស់ធនាគារកាណាឌីយ៉ា។
ចាប់តាំងពីដំណើរការអាជីវកម្មពេញលេញ ក្នុងឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន ប្រជាជនចំនួនជាង ៦០.០០០ នាក់ បាននឹងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ។ ក្នុងឆ្នាំ ២០១៨, ២០១៩ និង ២០២០ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានពានរង្វាន់ ៣ ឆ្នាំជាប់គ្នាៗ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review (The Fastest Growing Life Insurance Company in Cambodia for 2018, 2019 & 2020) ។
សម្រាប់ព័ត៌មានបន្ថែម៖ www.sovannaphumlife.com ឬ Facebook ឬ Instagram របស់ក្រុមហ៊ុន ៕