នារីឥណ្ឌា ៤ រូប បើកម៉ូតូផ្សងព្រេងឆ្លងកាត់ ៧ ប្រទេស ឥឡូវមកដល់កម្ពុជាហើយ !
(ប្រទេសឥណ្ឌា ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា ប្រទេសរៀតណាម ប្រទេសបង់ក្លាដេស)
ខេត្តសៀមរាប ៖ ក្រុមនារីឥណ្ឌាបើកម៉ូតូធំផ្សេងព្រេងចំនួនបួននាក់ ដែលមានឈ្មោះថា «Asia Senses» បានមកដល់ខេត្តសៀមរាបប្រទេសកម្ពុជានៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ នេះហើយបន្ទាប់ពីបានចាកចេញពីប្រទេសឡាវ ដោយឆ្លងកាត់តាមព្រំប្រទល់ខេត្តស្ទឹងត្រែង ព្រះវិហារ និង ខេត្តសៀមរាប ។ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមការងាររបស់ក្រុមហ៊ុន Bajaj Auto Limited ក្រុមនារីបើកម៉ូតូផ្សងព្រេងទាំងបួនរូបបានទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាបុរាណវិទ្យាដ៏មានសារៈសំខាន់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង បានដាក់ចូលទៅក្នុងបញ្ជីអភិរក្សបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ។
(ក្រុមស្រី្តអ្នកបើកម៉ូតផ្សងព្រេងទាំងបួននាក់ ដែលធ្វើដំណើរឆ្លងកាត់ចំនួន ៧ ប្រទេសដើម្បីស្វែងយល់ពីប្រវត្ថិ និងវប្បធម៌នៃប្រទេសនីមួយៗ)
ក្រុមនារីម៉ូតូធំ «Asia Senses» បានប្រាប់ឱ្យដឹងពីគោលបំណងបីសំខាន់ដែលនាំឱ្យក្រុមនាង រៀបចំជាដំណើរទេសចរណ៍ផ្សងព្រេងដោយម៉ូតូនេះឡើងគឺៈ «(១) លើកកម្ពស់ឱ្យមានការធ្វើទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរជាស្រី្ត (២) ផ្សព្វផ្សាយពីដំណើរទេសចរណ៍ដោយការបើកបរជុំវិញប្រទេសឥណ្ឌា (៣) លើកទឹកចិត្តអ្នកទេសចរណ៍អន្តរជាតិឱ្យធ្វើដំណើរមកទស្សនៈកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ និង បង្ហាញពីវប្បធម៌ អរិយធម៌ដ៏ប្រណីត និង ចំណាស់នៅប្រទេសឥណ្ឌា ក៏ដូចជាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍» ។
តាមរយៈដំណើរជិះម៉ូតូទេសចរណ៍ផ្សងព្រេងនេះ អ្នកទាំងបួនមានគម្រោងទស្សនាតំបន់បេតិកភណ្ឌពិភពលោកទាំង ១៩ កន្លែងដែលបានចុះបញ្ជីក្នុងអង្គការយូនីស្គូ និង ស្ថិតនៅក្នុងប្រទេសទាំង ៧ ដែលពួកនាងបានឆ្លងកាត់ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីតំបន់ទាំងនោះជាមួយតំបន់បេតិកភណ្ឌនៅក្នុងប្រទេសឥណ្ឌា ។ ដំណើរផ្សងព្រេងដែលមានរយៈពេល ៧ សប្តាហ៍ ឆ្លងកាត់ ៧ ប្រទេស និង មានចំងាយផ្លូវប្រមាណ ១៧.០០០ គីឡូម៉ែត្រនេះ បានចាប់ផ្តើមចេញដំណើរនៅថ្ងៃទី ២៥ កុម្ភៈ ដល់ថ្ងៃទី ២៧ មីនា ដោយឆ្លងកាត់ប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម និង បង់ក្លាដេស ។
កញ្ញា ចៃ ប្រារ៉ាធី (Jai Bharathi) ប្រធានក្រុមនារីជិះម៉ូតូធំបានបង្ហាញចំណាប់អារម្មណ៍របស់នាងនៅពេលទស្សនកិច្ចប្រាសាទអង្គរវត្តថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានមកដល់ទីនេះ ប្រាសាទអង្គរវត្តពិតអស្ចារ្យ និង ស្រស់ស្អាតជាងកន្លែងផ្សេងៗទៀតដែលខ្ញុំបានទៅដល់ ។ ដោយសារពេលនេះវេលាមានកំណត់ ខ្ញុំមិនអាចទៅទស្សនាគ្រប់ប្រាសាទបាន ប៉ុន្តែនៅពេលដែលដំណើរទេសចរណ៍ឆ្លងកាត់ ៧ ប្រទេសនេះបានបញ្ចប់ ខ្ញុំនឹងត្រលប់មកទស្សនាប្រាសាទអង្គរវត្តម្តងទៀត និង ប្រាប់ដល់មិត្តភក្តិ ព្រមទាំងបងប្អូនខ្ញុំមកទស្សនាឱ្យបានគ្រប់គ្នា» ។
ជាមួយនឹងដំណើរកម្សាន្តផ្សងព្រេងចម្ងាយផ្លូវឆ្ងាយដ៏អស្ចារ្យនេះ ម៉ូតូដែលមានគុណភាពខ្ពស់គឺជាអ្វីដែលចាំបាច់បំផុតសម្រាប់ក្រុមនារីម៉ូតូធំ «Asia Senses» ។ កញ្ញា ចៃ ប្រារ៉ាធី (Jai Bharathi) បានបន្ថែមទៀតថា «ក្រុមខ្ញុំបានជ្រើសរើសម៉ូតូធំ Bajaj Dominar 400 ជាយានជំនិះដើម្បីធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀតដោយសារតែគុណភាព ភាពស្រស់ស្អាត និង ភាពរឹងមាំអាចជម្នះគ្រប់ឧបសគ្គ ហើយពួកខ្ញុំពិតជាធ្វើដំណើរបានដល់គ្រប់គោលដៅដោយជោគជ័យពិតប្រាកដមែន» ។ គួរបញ្ជាក់ដែរថា ក្រុមស្រី្តអ្នកបើកម៉ូតូ «Asia Senses» នឹងចាកចេញពីទឹកដីខេត្តសៀមរាបទៅកាន់ប្រទេសថៃ នៅថ្ងៃទី ២០ ខែមីនា និង បញ្ចប់ការដំណើរផ្សងព្រេងដ៏អស្ចារ្យនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ ៕