ធនាគារឯកទេសវីង និង ធនាគារកាណាឌីយ៉ា រួមគ្នាដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និង ផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូប អាចទទួលបានហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និង អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ ។ ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និង ធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា «យើងមានឯកសិទ្ធិដែលថ្ងៃនេះវីងកំពុងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីស្វែងរកភាពជាដៃគូជាមួយធនាគារដែលមានវ័យចំណាស់ជាងគេនិងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏រឹងមាំ» ។
លោកលោក ម៉ានូ រ៉ាចាន់ បានបន្តថា «វីងនៅតែងតែរក្សារចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល សុវត្ថិភាពនិងរហ័ស ដែលសម្រួលដល់លំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និង ជំរុញកំណើនសេដ្ឋកិច្ច ។ ភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយនូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់រូប» ។ វីងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជាដែលមានបណ្តាញភ្នាក់ងារវីង ជិត ៨០០០ កន្លែងទូទាំងប្រទេស ជាមួយកម្មវិធីវីងស្មាតហ្វូនវីងដ៏ទំនើប និងមានបណ្តាញដៃគូក្នុងស្រុកនិងក្រៅស្រុកដ៏រឹងមាំ ។
លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា «កិច្ចសហការនៅថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងទាក់ទងនឹងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុ និងបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុ និងសិទ្ធិអំណាចប្រើទៅដល់ប្រជាជនកម្ពុជា។ យើងនឹងនាំយកសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែជិតជាងមុនទៅដល់អតិថិជនរបស់យើងបច្ចុប្បន្ន មិនថានៅតំបន់ដាច់ស្រយាលក៏ដោយ» ។
ធនាគារកាណាឌីយ៉ាបានឈរជើងនៅលើទីផ្សាយដោយជោគជ័យជិត ៣០ ឆ្នាំ ក្នុងការផ្ដល់ជូននូវសេវាកម្មដ៏សម្បូរបែបទៅដល់អតិថិជនទាំងបុគ្គល និង សាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយបានពង្រីកទីផ្សាររបស់ខ្លួនទៅដល់ប្រទេសឡាវ ដែលជាប្រទេសជិតខាង ។
ទាំងវីង និង ធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជាដែលមានបំណងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប ។ វីងត្រូវបានគេទទួលស្គាល់ បានបង្កើតភាពជាដៃគូយ៉ាងទូលំទូលាយជាមួយដៃគូពាណិជ្ជករជាង ៤០០០០ និង ជាមួយក្រុមហ៊ុនសំខាន់ៗនៅក្នុងឧស្សាហកម្មរួមមាន Mastercard, MoneyGram, AliPay, WeChat Pay and Western Union ជាដើម ។ ភ្នាក់ងារវីងដែលត្រូវបានបណ្តុះបណ្តាលយ៉ាងជំនាញបានកំពុងជួយសម្រួលផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជានៅគ្រប់ទិសទីកន្លែងនៃប្រទេសកម្ពុជា ចាប់តាំងពីទីក្រុងរហូតដល់ភូមិដាច់ស្រយាល ៕