សែលកាត ទទួលពានរង្វាន់បណ្ដាញសេវាទូរស័ព្ទលឿនជាងគេ
ក្រុមហ៊ុនសែលកាតបានទទួលជោគជ័យម្តងទៀតហើយ ដោយរក្សាបាននូវភាពជាអ្នកដឹកនាំទៅលើល្បឿនអ៊ីនធឺរណេតនៅទូទាំងប្រទេសកម្ពុជា ដោយទទួលបានពានរង្វាន់ពី OpenSignal នៅឯសន្និសីទទូរស័ព្ទចល័តពិភពលោក នៅប្រទេសអេស្ប៉ាញ កាលពីពេលថ្មីៗនេះ ។
គួររំឭកផងដែរថា សែលកាត បានឈ្នះពានរង្វាន់ OpenSignal ម្ដងរួចមកហើយ កាលពីខែសីហាឆ្នាំមុន ដែលឈ្នះទៅលើល្បឿនអ៊ិនធឺរ ណេតដោនឡូត 4G និង ល្បឿនដោនឡូតទូទៅ ។ ក្នុងឆ្នាំនេះជាថ្មីម្ដងទៀត ក្រុមហ៊ុនសែលកាតទទួលបានរង្វាន់ ៤ ប្រភេទ ដែលបង្ហាញពីជ័យជំនះទៅលើ ៖
- ល្បឿន 4G សម្រាប់ដោនឡូត
- ល្បឿន 3G សម្រាប់ដោនឡូត
- ទំហំសេវា 3G ធំទូលាយ
- ល្បឿនបណ្តាញសេវាទូទៅ
របាយការណ៍ ‘State of Mobile Networks: Cambodia Report’ (ស្ថានភាពបណ្ដាញទូរស័ព្ទនៅកម្ពុជា) ដែលធ្វើឡើងដោយ OpenSignal គឺពឹងផ្អែកទៅលើទិន្នន័យពីការវាស់ស្ទង់តាមរយៈទូរស័ព្ទរបស់អ្នកប្រើប្រាស់ជាង ១០០ លានដង ដែលបានទាញយកដោយផ្ទាល់ពីទូរស័ព្ទស្មាតហ្វូនទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២ ខែតុលា ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៧ ។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ការទទួលបានពានរង្វាន់លើកនេះបានបង្ហាញពីសមទ្ធិ ផលសម្រេចបានរបស់យើង បន្ទាប់ពីយើងបានពង្រីកបណ្តាញទូរស័ព្ទអ៊ីនធឺរណេតល្បឿន 4G ដែលទើបតែចាប់ផ្តើមកាលឆ្នាំមុន។
“តំបន់បណ្ដាញអ៊ីនធើណិតល្បឿន 4G របស់យើង បានកើនឡើងពីជាង ២០០ កន្លែង រហូតដល់ជិត ៣០០០ កន្លែង បើគិតមកដល់ពេលនេះ ហើយយើងនឹងបន្តពង្រីកបណ្ដាញរបស់យើងឲ្យកាន់តែទូលំទូលាយជាងនេះ” ។ “នេះប្រហែលជាការពង្រីកបណ្ដាញទូលំទូលាយ និង លឿនបំផុតដែលធ្វើឡើងនៅអាស៊ីអាគ្នេយ៍ ។ យើងពិតជាមានមោទនភាពចំពោះអ្វីដែលសម្រេចបាន ហើយមានការរំភើបយ៉ាងខ្លាំងចំពោះអ្វីដែលនឹងមកដល់បន្ទាប់ គឺការសាកល្បងអ៊ីនធឺរណេតល្បឿន 5G នាពេលអនាគតដ៏ខ្លីខាងមុខនេះ” ។
ទិន្នន័យក្នុងរបាយការណ៍ខាងក្រោមនេះបង្ហាញពីការនាំមុខគេរបស់ក្រុមហ៊ុនសែលកាតនៅក្នុងទីផ្សារ ៖
- រក្សាបាននូវល្បឿន 4G នៅ 19.4 MBps ស្របពេលដែល Smart Axiata មានល្បឿន 4G ជាមធ្យម នៅ 16.6 Mbps ។
- ល្បឿន 3G អតិបរិមា 2.5 MBps ស្របពេលដែល Smart Axiata មានល្បឿន 1.9 MBps ។
- ល្បឿនបណ្តាញសេវាទូទៅ 10.6 MBps ស្របពេលដែល Smart Axiata ទទួលបានចំណាត់ថ្នាក់ទីពីរជាមួយនឹងល្បឿន 8.8 MBps ។
«គោលដៅចំបងរបស់ សែលកាត ចំពោះប្រជាជនកម្ពុជា គឺធ្វើយ៉ាងណាដើម្បីផ្ដល់ជូននូវបណ្ដាញសេវាទូរស័ព្ទលឿនជាងគេ ជាមួយនឹងការផ្ដល់ជូនតម្លៃពិសេសនៅលើទីផ្សារ» ។ «យើងបន្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់យើង ក្នុងការផ្តល់ជូនគម្រោងអ៊ីនធឺរណេតក្នុងតម្លៃ សមរម្យ សម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា តាមរយៈបណ្តាញសេវាទូរស័ព្ទរបស់យើងដែលបានឈ្នះពានរង្វាន់» ។
លោកវ៉ាតសុន បានបន្តថា៖ «សែលកាត គឺជាអ្នកជំរុញការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតឲ្យកើនឡើងយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន» ។ «ក្នុងពេលត្រឹមតែ ១២ ខែប៉ុណ្ណោះ យើងឃើញថា ការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតបានកើនឡើងរហូតដល់ ៤០០% ហើយការប្រើទិន្នន័យអ៊ីនធឺរណេតប្រចាំថ្ងៃជាមធ្យម សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងទ្វេរដង រីឯការប្រើប្រាស់ស្មាតហ្វូនក៏បានកើនឡើងរហូតដល់ ១៤%» ៕