វីង និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”គាំទ្រអ្នកច្នៃប្រឌិតបច្ចេកវិទ្យានៅកម្ពុជា
បច្ចេកវិទ្យាចុងក្រោយរបស់វីងនឹងជួយគាំទ្រសមាជិក មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ខណៈពេលដែលពួកគេកសាងអ្នកជំនាន់ក្រោយនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា
ភ្នំពេញថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ – ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ឥឡូវនេះកំពុងធ្វើការរួមគ្នាដើម្បីជំរុញកំណើននៃធុរកិច្ចថ្មី និង សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងនាចុងឆ្នាំ ២០១៨ ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលដៅជួយដល់ប្រទេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលឲ្យបានពេញលេញ ។ តាមរយៈភាពជាដៃគូជាមួយធនាគារឯកទេស វីងនេះ មជ្ឈមណ្ឌល និង សមាជិករបស់ខ្លួនអាចប្រើប្រាស់បច្ចេកវិទ្យាសេវាទូទាត់ទំនើបចុងក្រោយតាមបែបឌីជីថលដើម្បីស្វែងរកឱកាសថ្មីម្រាប់ការច្នៃប្រឌិតបន្ថែមទៀត ។
លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានប្រសាសន៍ថា «ភាពជាដៃគូនេះនឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌល ចំពោះការអភិវឌ្ឍជាមូលដ្ឋាននៃការទូទាត់តាមបែបឌីជីថលសម្រាប់ការជម្រុញធុរកិច្ចថ្មីផ្នែកឌីជីថលនៅកម្ពុជា» ។ លោកបានបន្តថា «សមាជិកធុរកិច្ចថ្មីរបស់មជ្ឈមណ្ឌលក៏នឹងអាចភ្ជាប់ទំនាក់ទំនង និងរៀនសូត្រពីក្រុមហ៊ុនដែលប្រកបដោយនវានុវត្តន៍(ភាពច្នៃប្រឌិត)ដូចជាវីង ក៏ដូចជាបានទទួលផលប្រយោជន៍ពីអ្នកជំនាញបច្ចេកទេស និងដំណោះស្រាយទូទាត់តាមបែបឌីជីថលរបស់ វីងផងដែរ» ។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់សហគ្រិន និង កសាងផែនការដើម្បីបម្លែង និង ធ្វើពិពិធកម្មសេដ្ឋកិច្ច ។ ដោយបង្កើតឡើងសម្រាប់ជាស្ពានទំនាក់ទំនងរវាងសហគ្រិន និង អ្នកពាក់ព័ន្ធដទៃទៀត មជ្ឈមណ្ឌលនេះនឹងផ្តល់ដល់សមាជិករបស់ខ្លួននូវឧបករណ៍ដែលពួកគេត្រូវការដើម្បីជួយប្រទេសក្នុងការសម្របខ្លួនទៅនឹងនិន្នាការបច្ចេកវិទ្យាថ្មី និង ការទទួលបានការច្នៃប្រឌិតថ្មី ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយដែលយើងអាចប្រើប្រាស់ចំណេះដឹង និង ផលិតផលរបស់យើងដើម្បីគាំទ្រដល់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ” ដែលមានចក្ខុវិស័យគាំទ្រថែរក្សារធុរកិច្ចដើម្បីពង្រីកទៅជាអាជីវកម្មដែលជោគជ័យ ។ តាមរយៈភាពជាដៃគូនេះយើងសង្ឃឹមថា វីងនឹងអាចជួយបន្ថែមទៀតក្នុងការគាំទ្រដល់សហគ្រិនបច្ចេកវិទ្យាកម្ពុជាក្នុងការសម្របខ្លួនដើម្បីធ្វើសមាហរន្នកម្មស្របទៅតាមបដិវត្តសេដ្ធកិច្ចឧស្សាហកម្ម ៤.០» ។
ទាំងវីង និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ”សុទ្ធសឹងបានចែករំលែកគោលបំណងដូចគ្នាក្នុងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីជំរុញការីកចម្រើនសេដ្ឋកិច្ចកម្ពុជា និង ធ្វើឲ្យល្អប្រសើរនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។ វីងត្រូវបានគេទទួលស្គាល់ជាធនាគារឯកទេសដែលមានបណ្តាញភ្នាក់ងារជាង ៧៥០០ ទូទាំងប្រទេស និង មានកម្មវិធីទូទាត់ប្រាក់ចំណាយតាមបែបឌីជីថល តាមរយៈកម្មវិធីស្មាហ្វូនវីងជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលជាតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា ។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ” មានគោលបំណងពន្លឿន និង ផ្តល់សេវាបង្ហាត់បង្ហាញដែលបានរៀបចំឡើងសម្រាប់ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និង មធ្យម ។