សញ្ញាដែលបង្ហាញថា អ្នកជាប៉ាម៉ាក់ដែលចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក (ប៉ាម៉ាក់ Helicopter)
អ្នកប្រហែលជាធ្លាប់លឺហើយពីការចិញ្ចឹមកូនដែលមានទំនោរទៅរកការការពារហួសហេតុពេក (helicopter parenting) និងការគ្រប់គ្រងពីប៉ាម៉ាក់ជាជាងបណ្តាយឲ្យកូនរៀនធ្វើអ្វីដោយខ្លួនឯង ។ ក្នុងអត្ថបទនេះ យើងនឹងបកស្រាយលំអិតអំពីអ្វីជាការចិញ្ចឹមកូនដែលមានទំនោរទៅរកការការពារហួសហេតុពេក? តើសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាអ្នកជាប៉ាម៉ាក់ដែលចិញ្ចឹមកូនគ្រប់គ្រងកូនហួសហេតុពេក (Helicopter parents)? តើការចិញ្ចឹមកូនបែបនេះប៉ះពាល់អ្វីខ្លះដល់ការអភិវឌ្ឍកូន? ហើយតើប៉ាម៉ាក់គួរចិញ្ចឹមកូនបែបណាទើបកូនមានភាពរឹងប៉ឹងដើម្បីជំនះឧបសគ្គដើម្បីឲ្យកូនអ្នកចាប់យកឱកាសនាពេលអនាគតបាន?
តើអ្វីទៅជាការចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក ( Helicopter parenting)?
ការចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក ( Helicopter parenting) គឺពាក់ព័ន្ធនឹងកម្រិតនៃការយកចិត្តទុកដាក់ ដែលអាចផ្តល់ជាសម្ពាធដល់កូនៗ ជាជាងផ្តល់ទំនុកចិត្តដល់ពួកគេ។ Helicopter Parenting នេះសំដៅលើប៉ាម៉ាក់ដែលចិញ្ចឹមកូនដោយគ្រប់គ្រងកូនគ្រប់ពេលវេលាទាំងអស់។ នេះគឺផ្តើមពីការផ្តល់ដំបូន្មានរហូតដល់ការដោះស្រាយបញ្ហាជំនួសកូន ដែលជាកត្តាធ្វើឲ្យប៉ាម៉ាក់ហាក់ដូចជាជ្រៀតជ្រែកចូលក្នុងជីវិតកូនហួសហេតុពេក។
អ្នកជំនាញបានលើកឡើងថា ការចិញ្ចឹមកូនដែលមានទំនោរទៅរកការការពារហួសហេតុពេក ( Helicopter parenting) គឺជាឥរិយាបទ ឬសកម្មភាពដែល “មិនអាចជួយកូនឲ្យចេះបត់បែនតាមកាលៈទេសៈ”នោះទេ។ ជាញឹកញាប់ប៉ាម៉ាក់ដែលការពារកូនជ្រុលពេកនឹង តាមកូនគ្រប់ពេល រហូតដល់ជ្រៀតជ្រែកគ្រប់សកម្មភាពដែលកូនធ្វើ។
ផល់ប៉ះពាល់នៃការចិញ្ចឹមកូនដែលមានទំនោរទៅរកការការពារហួសហេតុពេក
ទោះបីជាការចិញ្ចឹមកូនដោយការពារហួសហេតុពេកនេះ ដោយសារបំណងល្អរបស់ប៉ាម៉ាក់ក៏ដោយ ការធ្វើបែបនេះនឹងមានផ្តល់ផលប៉ះពាល់ដល់កូនទៅវិញ។ យោងតាមអ្នកជំនាញ និងស្ថិតិ(1) របស់ការចិញ្ចឹមកូនបែបការពារកូនហួសហេតុពេកនេះ កូនស្ថិតក្នុងហានិភ័យនៃបញ្ហាការអភិវឌ្ឍអាកប្បកិរិយានៅពេលដែលកូនធំឡើង។
បើការចិញ្ចឹមកូនដោយការពារហួសហេតុពេកនេះរឹតតែមានសភាពធ្ងន់ធ្ងរនោះ កូនរបស់អ្នកនឹងអាចក្លាយជា៖
- ភ័យខ្លាច និងបាក់ទឹកចិត្ត: ប៉ាម៉ាក់បង្ខំឲ្យកូនធ្វើអ្វីដែលកូនមិនអាចធ្វើមិនបាន ក្រោយមកធ្វើឲ្យកូនចេះរិះគន់ខ្លួនឯងលើកំហុសតិចតួចដែលពួកគេបានធ្វើ។នេះជាមួលហេតុដែលកូនចាប់ផ្តើមកើតមានភាពភ័យខ្លាច និងបាក់ទឹកចិត្តបន្តិចម្តងៗ។
- ចាប់ផ្តើមខ្វះទំនុកចិត្តលើខ្លួនឯង: ការសិក្សា(2) បង្ហាញថាកូនដែលប៉ាម៉ាក់មិនសូវឲ្យឱកាសឲ្យពូកគេកែលំអ តាមរយៈការសាកល្បងនឹងកំហុស ពួកគេនឹងគិតថាពួកគេគ្មានតំលៃ។
- ការឃុំគ្រងហួសហេតុពេក: ធ្វើអ្វីគ្រប់យ៉ាងឲ្យកូន មិនឲ្យកូនរៀនដោះស្រាយបញ្ហាដោយខ្លួនឯង អ្នកបង្កើតស្ថានភាពដែលមិនផ្តល់ឯករាជ្យដល់កូន។ ការប្រឈមមុខការលំបាកខ្លះគឺល្អចំពោះកូន ព្រោះវាជួយឲ្យកូនរៀនអ្វីថ្មី និងចេះបទបែនមិនថាកាលៈទេសៈបែបណានោះទេ។
- កាច និងគ្មានភាពអត់ធ្មត់ជាមួយមិត្តភក្តិ : ដោយសារតែប៉ាម៉ាក់ប្រើអំណាច និងគ្រប់គ្រងជីវិតកូនៗពេក អាចធ្វើឲ្យគេគិតថាពួកគេមិនអាចគ្រប់គ្រង និងពឹងផ្អែកលើខ្លួនឯងបាន។ កូនអ្នកនឹងគិតថាមានតែអ្នកទេដែលអាចផ្តល់ដំណោះស្រាយដល់ពួកគេបាន បើទោះបីជាពួកគេពេញវ័យហើយក៏ដោយ ក៏ពួកគេទៅរកអ្នកដើម្បីដោះស្រាយបញ្ហាឲ្យពួកគេដែរ។ ការធ្វើបែបនេះជះឥទ្ធិពលដល់កូន ហើយធ្វើកូនក្លាយជាឆាប់ឆេវឆាវ(3) ពេលនិយាយជាមួយមិត្តភក្តិ។
- ការលើសទម្ងន់៖ ប៉ាមាក់ដែលការពារកូនហួសហេតុពេកទំនរកម្រិតការលេងសកម្មភាពខាងក្រៅរបស់កូន (ដើម្បីជៀសវាងការគ្រោះថ្នាក់ផ្សេងៗ ភាគច្រើន)។ ធ្វើដូចនេះកូននឹងចំណាយពេលក្នុងផ្ទះ ពេលទូរទស្សន៍ ឬកុំព្យូទ័រច្រើន ហើយបាត់បង់ឱកាសសម្រាប់ការអភិវឌ្ឍជំនាញសង្គម និងលំហាត់ប្រាណ។
សម្រាប់ប៉ាម៉ាក់ដែលមានទំនោរទៅរកការការពារហួសហេតុពេក វីធីខាងក្រោមអាចជាគន្លឹះសម្រាប់អ្នក៖
កុំដាក់ពិន័យលើកូននៅពេលមានកំហុស៖
- ជឿជាក់លើកូនជាមួយកិច្ចការដែលសមស្របតាមអាយុ និងការអភិវឌ្ឍកូន។
- បង្រៀននូវជំនាញដែលគេត្រូវការដើម្បីឲ្យពួកគេអាចបំពេញការងារបានជោគជ័យ
- លើកទឹកចិត្តឲ្យកូនកុំឲ្យខ្លាចខុស ហើយត្រៀមខ្លួនដើម្បីបង្រៀនកែតម្រូវពេលកូនធ្វើខុស។
- អ្នកគ្រាន់តែអង្កេតមើលកូនសិន! បណ្តោយឲ្យកូនអ្នករៀនប្រឈមនិងដោះស្រាយបញ្ហាក្នុងស្ថានភាពដែលលំបាកដោយខ្លួនឯងមុនពេលអ្នកចូលទៅអន្តរាគមន៌
- បណ្តោយឲ្យកូនអ្នកទទួលបានបទពិសោធដោយរៀនធ្វើអ្វីដោយខ្លួនឯងអាចបណ្តាលឲ្យកូនអ្នកមានរបួសស្រាលតិចតួច។គោលបំណងគឺបង្រៀនកូនមេរៀនជីវិតដែលអាចឲ្យកូនមានភាពរ៉ឹងប៉ឹងដើម្បីជំនះឧបសគ្គ។ សូមចងចាំថា អ្នកនឹងការពារតាមអ្វីដែលដែលពួកត្រូវការ តែមិនមែនការពារគ្រប់ជំហាននោះទេ។
ការបើកចិត្តឲ្យទួលលាយដើម្បីបង្កើតនូវទំនាក់ទំនង៖
- ស្តាប់កូនដោយយកចិត្តទុកដាក់ ជាពិសេសពេលកូនជួបឧបសគ្គ។ គាំទ្រកូននៅពេលកូននិយាយ ហើយឲ្យកូនបញ្ចេញអារម្មណ៍របស់គេ។ បន្ទាប់មកបង្រៀនកូនឲ្យចេះរំងាប់អារម្មណ៍ និងស្វែងរកវិធីដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង។
- ធ្វើឲ្យកូនប្រាកដក្នុងចិត្តថាអ្នកយកចិត្តទុកដាក់មុននឹងជួយគេដោះស្រាយបញ្ហា។
- និយាយជាមួយកូនជាមួយនឹងរឿងដែលអាចជំរុញការរៀនជំនាញនៃការគិត និងដោះស្រាយបញ្ហា
- បង្ហាញភាពទន់ខ្សោយ ហើយឲ្យកូនអ្នកឃើញនូវភាពលំបាករបស់អ្នក(4) នេះបង្រៀនកូនឲ្យមានភាពរ៉ឹងប៉ឹងមិនព្រមចុះចាញ់ ដែលអាចជួយឲ្យកូនជោគជ័យនាពេលអនាគត។
ឲ្យកូនរៀនធ្វើអ្វីដោយខ្លួនឯង ៖
- ពន្យល់ប្រាប់កូនថាឧបសគ្គអាចជាឱកាសសម្រាប់រៀននិងការសហការ
- បង្ហាញពីសារៈសំខាន់នៃដំណើរការនៃការធ្វើប្រសើរជាងលទ្ធផល
- ឲ្យកូនរៀនដោះស្រាយបញ្ហាដោយខ្លួនឯង ព្រោះវាជួយកូនឲ្យមានស្មារតីរឹងប៉ឹង។ ឲ្យកូនសាកល្បងសមត្ថភាពដែនកំណត់របស់គេ។ អបអរលើកទឹកចិត្តសម្រាប់ភាពប្រឹងប្រែងតស៊ូ មិនមែនសម្រាប់តែជោគជ័យតែមួយមុខគត់ទេ ជាពិសេសនៅពេលកូនមិនព្រមចុះចាញ់ក្នុងស្ថានភាពលំបាក។
ប៉ាម៉ាក់គ្រប់រូបត្រូវចាំថា វាមិនមែនជាបញ្ហានោះទេ ដោយគ្រាន់តែការពារកូន ឬជួយដោះស្រាយបញ្ហាជិវិតផ្ទាល់ខ្ឡួនរបស់កូនៗ។ ប៉ុន្តែវាមិនអាចទៅរួចទេ ដែលអ្នកត្រូវការពារកូន និងផ្តល់ដំបូន្មានគ្រប់ពេលវេលារហូតនោះ។
ប៉ាម៉ាក់ត្រូវបណ្តាយកូនខ្លះ ទើបអាចជួយឲ្យកូនមានភាពរ៉ឹងប៉ឹងដើម្បីជំនះឧបសគ្គ និងត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់យកឱកាសនាពេលអនាគត!
តើមានចម្ងល់អ្វីផ្សេងទៀត ? សូមចុចនៅទីនេះ ដើម្បីស្វែងយល់បន្ថែម
នាំមកជូនដោយ៖Aptaclub Cambodia
ឯកសារយោង៖
Today, https://www.todayonline.com/singapore/are-you-helicopter-parent
WebMD, https://www.webmd.com/children/ss/slideshow-kids-injuries
The Atlantic, https://www.youtube.com/watch?v=CeltnroSGco
ប្រភព៖
1https://sg.theasianparent.com/effects-of-helicopter-parenting/
2http://journals.sagepub.com/doi/abs/10.1177/2167696815576458
3https://sg.theasianparent.com/kids-of-helicopter-parents-more-aggressive-says-study/
4https://ph.theasianparent.com/successful-kids-learn-struggle/