វីង រួមចំណែកជួយប្រជានជនកម្ពុជានៅកូរ៉េខាងត្បូង ខណៈមានការរីករាលដាលមេរោគ Covid-19
ភ្នំពេញ ខែមីនា ២០២០ ៖ ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន ៥០០០ ដុល្លារដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅប្រកបការងារ និង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់ និង ទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19 ។
ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ គឺពិតជាចាំបាច់បំផុតដើម្បីទិញម៉ាស់ និង ទឹកលាងដៃសម្រាប់ចែកជូនដល់ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និង ធ្វើការនៅទីនេះ ជាពិសេសពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងតំបន់លំបាកក្នុងការរកទិញម៉ាស់ និង ទឹលាងដៃ ដើម្បីការពារ និង ប្រយុទ្ធប្រឆាំងពីការរីករាលដាលមេរោគ Covid -19» ។
នាពេលបច្ចុប្បន្ននេះ មានមនុស្សរាប់ពាន់នាក់ហើយដែលត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ Covid 19 នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ ទោះជាខណៈពេលនេះមានប្រជាជនកម្ពុជាជាង ៦០.០០០ នាក់ កំពុងរស់នៅធ្វើការ និង សិក្សារនៅក្នុងប្រទេសមួយនេះក៏ដោយ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយដែលបានបញ្ជាក់ពីការឆ្លងមេរោគនេះឡើយ ។
លោក ឆៃ ប៉េងស្រ៊ន់ និស្សិតកម្ពុជាដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ Myongji University ក្នុងប្រទេសកូរ៉បាននិយាយថា៖ «យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងដែល វីង មិនត្រឹមតែយកចិត្តទុកដាក់ចែករំលែកសុខទុក្ខដល់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសតែប៉ុណ្ណោះទេ សូម្បីតែពួកយើងនៅដល់ប្រទេសកូរ៉េ ក៏វីងនៅតែជួយនិងចូលរួមវិភាគទានតាមរយៈស្ថានទូតផងដែរ» ។
បើយោងតាមសមាគមនិស្សិតកម្ពុជានៅកូរ៉េ (CSAK) មាននិស្សិតខ្មែរប្រមាណជាង ៤៥០ នាក់កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសកូរ៉េខាងត្បូង ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ទៅកាន់ប្រជាជនកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូងថា៖ «សូមអ្នកទាំងអស់គ្នាថែរក្សាខ្លួនឱ្យបានល្អ ហើយព្យាយាមរក្សារការទាក់ទងជាមួយក្រុមគ្រួសារអ្នកនៅកម្ពុជាជាប្រចាំ ។ ខ្ញុំប្រាកដថាក្រុមគ្រួសាររបស់អ្នកកំពុងព្រួយបារម្ភអំពីអ្នកទាំងអស់គ្នាជាខ្លាំង។ អ្នកទាំងអស់គ្នាពិតជាមានតួនាទីយ៉ាងសំខាន់សំរាប់គ្រួសារណាស់» ។
កាលពីឆ្នាំមុនប្រជាជនកម្ពុជាដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិជាង ៥០០ លានដុល្លារតាមយៈការផ្ទេរប្រាក់ពីប្រទេសកូរ៉ខាងត្បូងមកប្រទេសកម្ពុជា ៕