វីងទទួលបានពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិសម្រាប់ការក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតបំផុត
ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់ “ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជនប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា”ក្នុងកម្មវិធីពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិប្រចាំឆ្នាំ ២០១៩ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានប្រព្រឹត្តទៅក្នុងទីក្រុងបាងកកកាលពីចុងខែមករា ឆ្នាំ ២០២០ នេះ ។
លោក Sunil Bhat នាយកនៃទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិបានឲ្យដឹងថា៖“វីងមានការតាំងចិត្តខ្ពស់ក្នុងការជម្រុញបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់អ្នកមិនមានគណនីធនាគារ និង មិនស្ថិតក្នុងបណ្តាញធនាគារនៅកម្ពុជា ។ ការខិតខំប្រឹងប្រែងឥតឈប់ដើម្បីពាំនាំផលិតផលឌីជីថលថ្មីៗដែលធានាបាននូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលក៏ដូចជាការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុកនេះពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់។ ហេតុដូចនេះហើយទើប វីង បានទទួលពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិប្រចាំឆ្នាំ២០១៩ សម្រាប់ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជនប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុតនៅក្នុងប្រទេសកម្ពុជា ។”
ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិដែលជាក្រុមហ៊ុនទស្សនាវដ្តីផ្តោតសំខាន់ទៅលើហិរញ្ញវត្ថុនិងអាជីវកម្ម ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ (London) បានរៀបចំកម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះឡើងក្នុងគោលបំណងបង្កើតឲ្យមានការទទួលស្គាល់លើក្រុមហ៊ុនទាំងឡាយណាដែលមានឧស្សាហកម្មប្រកបដោយទេពកោសល្យ និងមានជំនាញដឹកនាំនៅទូទាំងសកលលោក។ ការបោះផ្សាយព័ត៌មានរបស់ទស្សនាវដ្តីនេះ ផ្តោតលើភាពលេចធ្លោរដែលសម្រេចបានដោយក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុសម្រាប់ឆ្នាំនីមួយៗ ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖“វីងបានប្តេជ្ញាចិត្តក្នុងការបង្កើតភាពខុសប្លែកគ្នានៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការឆ្ពោះទៅរកគោលដៅការបង្កើតសហគមន៍មួយដែលកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់។ ពានរង្វាន់នេះ បានបញ្ជាក់ជាថ្មីនិងជាសក្ខីភាពសម្រាប់យកចិត្តទុកដាក់របស់វីងចំពោះអតិថិជនក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសំរួលជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់ឲ្យកាន់តែល្អប្រសើរឡើង ។”
វីងដែលជាធនាគារឯកទេសក្នុងការទូទាត់ប្រាក់ មានចក្ខុវិស័យក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុចល័តដើម្បីនាំមកនូវផលិតផល និងសេវាកម្មដែលចាំបាច់និងធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលនីមួយៗតាមរយៈការបង្កើត ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុចល័តយ៉ាងរឹងមាំដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា នៅទូទាំងខេត្ត តាមរយៈការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា៖ ការផ្ទេរប្រាក់ ការទូទាត់វិក្ក័យបត្រ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអ៊ីនធឺណេតនិងក្រៅប្រព័ន្ធអ៊ីនធឺណេត ។
ជាមួយនឹងអតិថិជនជាង៥លាននាក់ដែលភាគច្រើនជាអ្នកស្ថិតនៅក្រៅប្រព័ន្ធធនាគារ វីងបានគាំទ្រសេដ្ឋកិច្ចកម្ពុជាតាមរយៈការធ្វើប្រត្តិបត្តការសាច់ប្រាក់ដែលមានតម្លៃជិតស្មើរ ៨០% នៃផលិតផលក្នុងស្រុកសរុប ដោយក្នុងឆ្នាំ២០១៩កន្លងមកនេះអតិថិជនវីងបានធ្វើប្រតិបត្តិការជាង ១៣០ លានដង ។