ចែករំលែកក្តីស្រឡាញ់ជាមួយមន្ទីរពេទ្យគន្ធបុប្ផាពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA
គណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោក និង ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានចូលរួមចែករំលែកក្តីស្រឡាញ់ និង ការយកចិត្តទុកដាក់ជាមួយមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់មកដល់សព្វថ្ងៃ ។
នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ កម្មវិធីបរិច្ចាគមូលនិធិសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា បានប្រារព្ធធ្វើឡើងនៅថ្ងៃទិវានៃសេចក្តីស្រលាញ់ ក្រោមការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសមាសភាពថ្នាក់ដឹកនាំ លោកជំទាវ មឹន មាណវី រដ្ឋលេខធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោក រួមទាំងសហការី ព្រមទាំងតំណាងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម MSA និង ក្រុមការងារ ។
ជាមួយនឹងទឹកចិត្ត និង ការយកចិត្តទុកដាក់ចែករំលែកសេចក្តីស្រលាញ់នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាចំណែកតូចមួយក្នុងការចូលរួមឧបត្ថម្ភ សម្រាប់កុមារកម្ពុជារាប់លាននាក់។ ក្នុងទិវានៃក្ដីស្រឡាញ់នេះ ក្រុមការងារសូមផ្ញើជូនសេចក្ដីស្រឡាញ់ដល់កុមារកម្ពុជា និងពលរដ្ឋកម្ពុជាគ្រប់ៗរូបប្រកបដោយសុខភាព និង សុវត្ថិភាព ៕