ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei ចុះហត្ថលេខាលើគម្រោងជំនួយឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយបង្អស់ និង កម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G
នៅរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT និង កម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅឯទីស្តីការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យានៃគម្រោងជំនួយនេះ ក្រោមអធិបតីភាព និង ចូលរួមជាសាក្សីពីសំណាក់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា ។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានថ្លែងសុទ្ទរកថាអបអរសាទរដល់ក្រុមការងារនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងក្រុមហ៊ុនHuawei ដែលបានខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ថ្ងៃនេះកើតឡើងហើយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនHuawei សម្រាប់គម្រោងជំនួយដ៏សប្បុរសលើឧបករណ៍និងសេវាកម្មដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ឯកឧត្តមក៏បានលើកឡើងផងដែរថា“ប្រទេសកម្ពុជាទទួលបាននូវកំណើនរឹងមាំនិងមានស្ថេរភាពក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះជាមួយនឹងការលេចចេញនូវសេដ្ឋកិច្ចឌីជីថលនិងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ប្រទេសកម្ពុជាត្រូវតែពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនដើម្បីទ្រទ្រង់កំណើនដ៏ខ្ពស់និងរឹងមាំជាមួយចក្ខុវិស័យយូរអង្វែង ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាមានតួនាទីសំខាន់ណាស់ក្នុងការគាំទ្រដល់រដ្ឋាភិបាលដើម្បីសម្រេចបាននូវចក្ខុវិស័យគោលនយោបាយជាយុទ្ធសាស្ត្រដើម្បីទទួលបាននូវសេដ្ឋកិច្ចឌីជីថល ក៏ដូចជាត្រៀមខ្លួនដើម្បីឆ្ពោះទៅកាន់បដិវត្តឧស្សាហកម្មជំនាន់ទី៤ដូចបានបង្ហាញនៅក្នុង“យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤”អាណត្តិទី៦នេះ។ផលិតផលនិងសេវាកម្មដែលប្រគល់ជូនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ថ្ងៃនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសម្រេចបាននូវសមិទ្ធិផលជាអតិបរមាប្រកបដោយប្រសិទ្ធភាព។ហើយខ្ញុំសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងក្រុមហ៊ុនHuawei នឹងរីកចម្រើនកាន់តែខ្លាំងឡើងៗ” ។
លោក Yao មានប្រសាសន៍ថា“ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ឈានមុខគេលើពិភពលោកនិងជាទំនួលខុសត្រូវសង្គមនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Huawei បានឆ្លើយតបយ៉ាងសកម្មទៅតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលកម្ពុជាដើម្បីជ្រោមជ្រែងដល់យុទ្ធសាស្ត្រ “ឌីជីថលកម្ពុជា”និងចក្ខុវិស័យវែងឆ្ងាយសម្រាប់ការបណ្តុះបណ្តាលទេពកោសល្យឌីជីថល ។ ផ្អែកលើកិច្ចព្រមព្រៀងពីមុនរវាងសម្តេចនាយករដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ក្រុមហ៊ុន Huawei មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដោយផ្តល់សម្ភារបរិក្ខា និងសេវាកម្មសម្រាប់មជ្ឈមណ្ឌលទិន្នន័យខា្នតតូច ប្រព័ន្ធវីដេអូនៃសន្និសីទ និងកុំព្យូទ័រយួរដៃម៉ាកHuawei សម្រាប់ការិយាល័យរដ្ឋាភិបាលថ្នាក់កណ្តាលនិងខេត្តក្នុងឱកាសឆ្នាំថ្មីឆ្នាំ ២០២០ នេះ ។
គាត់បានបន្ថែមថា “យើងអាចនិយាយបានថាឆ្នាំ ២០២០ គឺជាឆ្នាំដ៏សំខាន់នៃដំណើរការអភិវឌ្ឍ 5G របស់ប្រទេសកម្ពុជាហើយយើងរីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ។ក្រុមហ៊ុន Huawei បានត្រៀមខ្លួនផ្តល់ជូនក្រសួងនូវការបណ្តុះបណ្តាលបច្ចេកវិទ្យា 5G ចំនួន ៣០ កូតា សម្របសម្រួលទៅតាមតម្រូវការរបស់មន្ត្រីផ្នែកទូរគមនាគមន៍ ដើម្បីឱ្យពួកគាត់អាចយល់ដឹងពីបច្ចេកវិទ្យា 5G និងកម្មវិធីចុងក្រោយបំផុតនៃបច្ចេកវិទ្យានេះ។ បើសម្លឹងមើលទៅអនាគត ថ្ងៃនេះគឺជាការចាប់ផ្តើមថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងនិងក្រុមហ៊ុន Huawei កម្ពុជាដើម្បីធ្វើឱ្យប្រសើរឡើងផ្នែកឌីជីថលនីយកម្ម ។ ក្រុមហ៊ុន Huawei នឹងបន្តចក្ខុវិស័យដើម្បីនាំយកឌីជីថលទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាននិងគ្រប់ស្ថាប័ន សម្រាប់ប្រទេសកម្ពុជាជាមួយនឹងការតភ្ជាប់ដ៏ពេញលេញនិងឆ្លាតវៃ។ យើងនឹងបន្តវិនិយោគលើប្រព័ន្ធ5G, Broadband, Cloud, បញ្ញាសិប្បនិម្មិត(AI) និងឧបករណ៍វៃឆ្លាតដើម្បីជួយអតិថិជនរបស់យើងឱ្យទទួលបាននូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើនទាំងនេះជាពិសេសគឺ5G ដែលនឹងក្លាយជាផ្នែកមួយដ៏សំខាន់បំផុតដើរតួនាទីជាមូលដ្ឋានគ្រឹះសនៃការធ្វើឱ្យប្រសើរឡើងនិងឌីជីថលនីយកម្មថ្នាក់ជាតិដ៏ឆ្លាតវៃ”។
ឯកឧត្តមសុខពុទ្ធិវុធបានមានប្រសាសន៍ថា“ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនHuawei ចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍយ៉ាងសកម្មភាពទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(MPTC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់ស្ថាប័នរដ្ឋាភិបាលដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដូចនេះហើយតាមរយៈការជ្រោមជ្រែងពីក្រុមហ៊ុនHuawei នៅពេលនេះពិតជាជួយកែលម្អផលប័ត្រដែលមានស្រាប់របស់យើងឱ្យកាន់តែល្អប្រសើរឡើង។”
លោកបានសង្កត់ធ្ងន់ថា “ការមាននូវបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT និងសេវាបណ្តាញនេះផ្តល់នូវគុណសម្បត្តិមួយផ្នែកសម្រាប់សង្គមទូទៅ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានតម្លៃថោកជាងមុន បានធ្វើឱ្យយើងអាចមានលទ្ធភាពផ្គត់ផ្គង់នូវសេវាកម្មអ៊ីនធឺណិតដល់ប្រជាជនរបស់យើងបានកាន់តែច្រើន។ ការនិយមប្រើប្រាស់សេវាអ៊ីនធឺណិតកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយោងតាមនិយតករទូរគមនាគមន៍កម្ពុជាគិតត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩បានប៉ាន់ស្មានថាអ្នកប្រើប្រាស់ចំនួន១៦,៧លាននាក់មានលទ្ធភាពប្រើប្រាស់អ៊ិនធឺណិតតាមទូរស័ព្ទចល័ត ខណៈពេលដែលមានប្រជាជនចំនួនត្រឹមតែ២១៥ពាន់នាក់ប៉ុណ្ណោះដែលជាអ្នកប្រើប្រាស់អ៊ីនធឺណេតតាមផ្ទះ។ តាមរយៈការចាប់យកផលប្រយោជន៍ពីអ្នកប្រើប្រាស់អ៊ីនធឺណេតបច្ចុប្បន្នទាំងវិស័យរដ្ឋនិងឯកជនកំពុងផ្លាស់ប្តូរសេវាកម្មរបស់ពួកគេទៅជាសេវាកម្មតាមអ៊ីនធឺណេតដោយមានគោលដៅរួមមួយគឺ ដើម្បីផ្តល់នូវសេវាកម្មកាន់តែប្រសើរ កាន់តែរហ័ស ក៏ដូចជាកាន់តែមានប្រសិទ្ធភាពជាងមុនសម្រាប់ប្រជាជននិងអតិថិជន។