ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធទីស្នាក់ការកណ្តាលថ្មី និង ធំបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី បានប្រកាសបើកសម្ពោធជាផ្លូវការនូវអគារទីស្នាក់ការកណ្តាល និង អគារតាំងបង្ហាញរថយន្តថ្មី (showroom) របស់ខ្លួននៅ កណ្តាលរាជធានីភ្នំពេញក្រោមវត្តមានចូលរួម ដ៏ឧត្តុងឧត្តម ពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានលោក Masahiro MIKAMIដែលជា ឯកអគ្គរាជទូត ជប៉ុន ប្រចាំប្រទេសកម្ពុជា និង ថ្នាក់ដឹកនាំក្រុមហ៊ុនតូយ៉ូតាក៏ដូចជាភ្ញៀវកិត្តិយសផ្សេងៗជាច្រើនទៀតផងដែរ ។ តាមរយៈទីតាំងដ៏ប្រណិត និង ថ្មីសន្លាង រួមជាមួយទំហំធំទូលាយ និង ស្ថិតនៅចំកណ្តាលទីក្រុង នាពេលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីវឌ្ឍនភាពនៃប្រតិបត្តិការដ៏រីកចម្រើនរបស់ក្រុមហ៊ុនមួយនេះ នៅក្នុងប្រទេសកម្ពុជា ក្រោមការគាំទ្រ និង ជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន ។
ការិយាល័យថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ ការិយាល័យថ្មី ដែលមានកម្ពស់ ៥ជាន់នេះ នឹងក្លាយជាកន្លែងធ្វើប្រតិបត្តិការយ៉ាងសកម្ម និង ល្អប្រសើរបំផុត របស់ក្រុមហ៊ុនតូយ៉ូតា ខេមបូឌា ទាំងមូល ។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យថ្មីនេះ ក៏នឹងជួយឱ្យបុគ្គលិករបស់ក្រុមហ៊ុន អាចបម្រើ និង បំពេញតម្រូវការរអតិថិជន ដែលមានស្រាប់ និងអតិថិជនថ្មី បានកាន់តែល្អ និង ពោរពេញទៅដោយប្រសិទ្ធភាពខ្ពស់ ថែមមួយកម្រិតទៀត នៅក្នុងរយៈពេលដ៏ខ្លីនេះ ដែលមានមនុស្សម្នាជាច្រើនកំពុងធ្វើប្រតិបត្តិការយ៉ាងមមាញឹក នៅកណ្តាលរាជធានីភ្នំពេញ ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ថា «ការបើកការិយាល័យ និង អគារតាំងបង្ហាញរថយន្តថ្មីរបស់យើងនាពេលនេះ គឺជាការចាប់ផ្តើមនៃសករាជថ្មី ឬ អាចនិយាយបានថា វាជាជំហ៊ានថ្មីមួយទៀតនៃការបម្រើសេវាកម្មរបស់យើងឱ្យបានកាន់តែល្អ និងរហ័សទាន់ចិត្តបំផុតក្នុងឆ្នាំថ្មីនេះ ។ ហើយវាក៏បានបង្ហាញឱ្យឃើញពីការរីកចម្រើនឥតឈប់ឈរនៃប្រតិបត្តិការក្នុងវិស័យយានយន្ត របស់យើងនៅក្នុងប្រទេសកម្ពុជា និង នៅក្នុងតំបន់ផងដែរ»។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានបន្តទៀតថា «តាមរយៈការិយាល័យថ្មីរបស់យើងដែលស្ថិតនៅចំទីតាំងយុទ្ធសាស្រ្ត ពោលគឺកណ្តាលរាជធានីភ្នំពេញនេះ យើងនឹងមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់យើងបានកាន់តែជិតស្និទ្ធ និង ងាយស្រួលហើយក៏អាចផ្តល់ជូនអតិថិជននូវសេវាកម្ម និង ការបំពេញតម្រូវការផ្សេងៗទៀតប្រកបដោយទំនុកចិត្ត គុណភាពខ្ពស់ និង រហ័សទាន់ចិត្តផងដែរ ។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តផ្តល់ជូនសេវាកម្មដ៏ល្អបំផុតជាមួយនឹងផលិតផល ដែលមានគុណភាពខ្ពស់ និង សុវត្ថិភាពបំផុតជូនដល់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏សង្ឃឹមដែរថា ទីស្នាក់ការកណ្តាលថ្មីនេះនឹងជួយបង្កើនការលក់រថយន្ត និង ជម្រុញភាពរីកចម្រើនរបស់យើងផងដែរ។»
បើយើងក្រឡេកទៅមើលអគារទាំងមូល នៅជាន់ក្រោមដីនៃអាគារថ្មីរបស់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) គឺមានកន្លែងលាងរថយន្ត ចំណតយានយន្តរបស់បុគ្គលិក ចំណតយានយន្តដើម្បីរង់ចាំសេវាកម្មដឹកជញ្ជូន និង កន្លែងរង់ចាំអ្នកផ្គត់ផ្គង់ ។ រីឯចំណតយានយន្តរបស់អតិថិជនស្ថិតនៅជាន់ផ្ទាល់ដីជាប់នឹងបន្ទប់តាំងបង្ហាញ ។ អ្វីដែលកាន់តែពិសេសទៀតនោះ កន្លែងទទួលភ្ញៀវ និងការផ្តល់សេវាកម្ម កាន់តែមានភាពទំនើបដោយមាននូវបញ្ជរកាហ្វេ បន្ទប់ប្រគល់រថយន្តដ៏ស្រស់ស្អាត និង មានស្តង់ដារដែលត្រូវបានថែទាំ និង សម្អាតជាប្រចាំ ផងដែរ។ ជាន់ទី២នៃអគារគឺជាការិយាល័យរបស់នាយកដ្ឋានផ្នែកចែកចាយ ដែលនៅជាប់បន្ទប់ទទួលភ្ញៀវ និង បន្ទប់កម្សាន្ដ(ភាពយន្ត)របស់អតិថិជន ។ ចំណែកឯជាន់ទី៣ និង ទី៤ គឺជាការិយាល័យការងាររបស់បុគ្គលិកយើង ដោយមានបំពាក់នូវសម្ភារៈបរិក្ខារទំនើបៗ។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន ក៏មានសាលប្រជុំធំទូលាយសម្រាប់ធ្វើសិក្ខាសាលា ដែលស្ថិតនៅជាន់ទី៥ ជាប់នឹងចំណតរថយន្តមួយផ្សេងទៀត ផងដែរ។
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទ គ្រឿងបន្លាស់សុទ្ធល្អ និងសេវាកម្មប្រកបដោយគុណភាពខ្ពស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តោតជាចម្បងទៅលើសុវត្ថិភាព និងបរិស្ថានដែលមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ តូយ៉ូតា តែងតែខិតខំពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីឱ្យក្លាយទៅជាអ្នកចែកចាយយានយន្ត ប្រកបដោយទំនុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា និង ក្នុងតំបន់តាមរយៈការធ្វើសុខុដុមនីយកម្មមនុស្ស និង រថយន្ត ការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងការការពារបរិស្ថាន។
ភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងទីផ្សារយានយន្ត ប្រទេសកម្ពុជាអាចកើតមានឡើងដោយផ្អែកលើការគ្រប់គ្រងក្រុមការងារប្រកបដោយសក្តានុពល និង មានប្រសិទ្ធភាពស្របតាមពាក្យស្លោករបស់ក្រុមហ៊ុនគឺ “ក្រុមការងារតែមួយ គោលដៅតែមួយ”។ កាលពីឆ្នាំ ២០១៩កន្លងទៅនេះ ការលក់យានយន្តរបស់ក្រុមហ៊ុនមួយដ៏ពេញនិយមនេះ បានកើនឡើងរហូតដល់ទៅជាង ៤០០០គ្រឿងឯណោះ ដែលនេះជាលទ្ធផលសម្រេចបានគួរជាទីមោទនៈបំផុតរបស់ក្រុមហ៊ុន។
ដូច្នេះ ដើម្បីចូលរួមអបអរសាទរឱកាសដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូននូវ ប្រូម៉ូហ្សិន ពិសេសៗជាច្រើនទៀតរួមមាន៖
សម្រាប់ការលក់យានយន្ត៖ ការផ្តល់ជូនប្រម៉ូហ្សិន កប់កប់ (Kop Kop Promotion)ដែលចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) សម្រាប់គ្រប់សាខាទាំងអស់៖ រាល់ការទិញរថយន្តក្នុងអំឡុងពេលនេះ អតិថិជននឹងទទួលបានកាដូភ្លាមៗទៅតាមប្រភេទរថយន្តដែលបានទិញ និង ទទួលបានសន្លឹកឆ្នោតសម្រាប់មានឳកាសផ្សងសំណាងនៅក្នុងកម្មវិធីចាប់ឆ្នោតរហូតដល់ទៅ៨០ រង្វាន់រួមមាន៖រថយន្តចំនួន ៣គ្រឿង (១xREVO RALLY, ១xRUSH, ១xRUSH-TRD) និង ipad, iPhone ១១ pro-max, នាឡិកាម៉ាកApple, ទូរទស្សន៍ និងទូរទឹកកកជាច្រើនរង្វាន់ទៀត។
ចំពោះសេវាកម្ម ក្រោយពីការលក់៖ ក្រុមហ៊ុន ក៏មានផ្តល់ជូន Happy Hour Promotion ដែលយើងនឹងបន្តផ្តល់ជូនអតិថិជន ជាពិសេសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ សម្រាប់តែទីតាំងទីស្នាក់ការកណ្តាលនេះតែប៉ុណ្ណោះ ដោយអតិថិជននឹងទទួលបានការពិនិត្យ និង ការថែទាំរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទដោយមិនគិតថ្លៃតាមរយៈការធ្វើការណាត់ទុកជាមុន នៅក្នុងចន្លោះពីម៉ោង៨:០០-៩:០០ព្រឹក និង ម៉ោង៣:០០-៥:០០ ល្ងាច៕