ក្រុមហ៊ុន FORD បានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និង បច្ចេកទេសនៃការបើកបររថយន្ត Ford Driving Skills for Life
កាលពីថ្ងៃទី 27 និង ថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2019 ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford–Ford Driving Skills for Life” នៅក្នុងប្រលានយន្តហោះខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមប្រមាណជាង ២០០ នាក់ ។
កម្ពុជាជាប្រទេសទី 40 ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford–Ford Driving Skills for Life” នេះជាលើកទី 3 ហើយដែលក្រុមហ៊ុន RMA Cambodia បានរៀបចំកម្មវិធីនេះឡើង ដោយក្នុងឆ្នាំនេះមានអ្នកចូលរួមជាង ២០០ នាក់ រួមមានមន្ត្រីរាជការពីសាលាខេត្តកំពង់ឆ្នាំង មន្ទីរសាធារណការ និងដឹកជញ្ជូន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គភាពនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តកំពង់ឆ្នាំង អ្នកបើកបររថយន្តដឹកទំនិញធំៗពីក្រុមហ៊ុនឯកជនរួមទាំងអតិថិជនFordបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃនេះដោយឥតគិតថ្លៃ ។
គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងគឺដើម្បី៖
១.បង្រៀនអ្នកដែលទើបនឹងទទួលបានប័ណ្ណបើកបរឲ្យយល់ច្បាស់អំពីជំនាញចាំបាច់ក្នុងការបើកបរ
២.បង្រៀនអ្នកបើកបរអំពីបច្ចេកទេសនៃការថែទាំយានយន្ត
៣.ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តការបើកបរជាក់ស្ដែង។
នៅក្នុងនោះផងដែរ ក្រុមហ៊ុន Fordនិងក្រុម RMA Cambodia ព្រមទាំងRMA Groupទាំងមូលក៏បានអញ្ជើញអ្នកជំនាញពី សាលាបណ្ដុះបណ្ដាលបច្ចេកទេសរបស់ RMA (អ្នកបច្ចេកទេស និងអ្នកជំនាញក្នុងការបើកបរជាហ 20 ឆ្នាំ)មកធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ ។ កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានវគ្គបណ្តុះបណ្តាលអំពីទ្រឹស្ដី និង ការអនុវត្តន៏ជាក់ស្ដែងជាមួយរថយន្តផងដែរ ។
លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យកត់សម្គាល់នេះដោយសារអ្នកបើកបរមួយចំនួនមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងមិនមានជំនាញបើកបរត្រឹមត្រូវ។ ហេតុនេះហើយ ចំណេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងច្បាប់ចរាចរណ៍គឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។តាមរយៈវគ្គបណ្តុះបណ្តាលនេះខ្ញុំសង្ឃឹមថាអតិថិជនFord ក៏ដូចជាសិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនេនឹងទទួលបាននូវចំណេះដឹងនិងជំនាញបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាពព្រមទាំងការអនុវត្តការបើកបរជាក់ស្តែងពីសំណាក់ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនFord និងRMA Cambodia ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាយើង។”