ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន ភីអិនអិន ចាប់ផ្តើមបង្កើនម៉ោងផ្សាយភាពយន្តភាគជាច្រើនរឿង (មានវីដេអូ)
ភីអិនអិន ដែលត្រូវបានគេស្គាល់ថាជាស្ថានីយ៍ទូរទស្សន៍ ឈានមុខផ្នែកភាពយន្តភាគខ្មែរ និង បរទេសនៅចុងឆ្នាំ ២០១៩នេះ បានបង្កើនម៉ោងចាក់ផ្សាយរឿងភាគពេលល្ងាចបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់ប្រិយមិត្ត និងទូរទស្សនិកជនដែលនិយមតាមដានរឿងភាគ។
ចាប់ពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៩ កន្លងទៅនេះស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានចាក់ផ្សាយភាពយយន្តភាគថៃ រឿង «កម្លាំងអធិដ្ឋាន» និង រឿង «ស្នេហ៍បញ្ច្រាសទិស» ដែលមានរយៈពេលរហូតដល់ ១ ម៉ោង៣០នាទី ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១០ កន្លះយប់ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍។
ជាមួយគ្នានេះ គណៈគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានឱ្យដឹងទៀតថា ការសម្រេចបន្ថែមម៉ោងផ្សាយភាពយន្តពេលល្ងាចរបស់ PNN ជាការឆ្លើយតបទៅនឹងការពេញនិយមតាមដានគាំទ្ររឿងភាគ ក៏ដូចជាការសំណូមពរយ៉ាងច្រើនពីសំណាក់បណ្តាទស្សនិកជន។
បើតាមតួរលេខ បង្ហាញយ៉ាងច្បាស់ថា សម្រាប់ឆ្នាំ២០១៩ PNN ទទួលបានអត្រាគាំទ្រពីប្រិយមិត្តទូរទស្សនិកជន ៧,៣៣ ភាគច្រើននៅអំឡុងពេលម៉ោងផ្សាយម៉ោង ៩យប់ ដល់ ១០យប់។ ខ្សែរឿងដែលទទួលបានការពេញនិយមបំផុតមានដូចជារឿង «គ្រូពេទ្យថងឯក» «ផ្កាយភ្លោះ» និង រឿង «មកុដរាជនី» ដែលសុទ្ធសឹងជារឿងសម្តែងដោយតារាថៃល្បីៗដូចជាលោក Mario Maurer, Kimberly Ann Voltemas , Yaya Urassaya , Nadech Kugimiya និង កញ្ញា Preem Ranida ។
ដោយឡែកសម្រាប់ភាពយន្តភាគក្នុងស្រុកវិញ ក៏មានការបន្ថែមម៉ោងផ្សាយភាពយន្តភាគខ្មែរផងដែរ នៅម៉ោងមាស ឬម៉ោង Prime Time និងខ្សែរភាពយន្តល្បីៗផ្សាយនៅម៉ោង៦ ដល់ម៉ោង៧យប់។ ទន្ទឹមនឹងការបង្កើនម៉ោងផ្សាយរឿងភាគនេះ ភីអិនអិនក៏នឹងនាំយកនូវរឿងភាគខ្មែរសម្រាប់ឆ្នាំ២០២០មកបម្រើជូនជាចំណីចក្ខុដល់ទស្សនិកជនបន្តទៀត ដែលមានដូចជា៖ រឿង «សព្វសិទ្ធិ» រឿង «បំណុលម្ដាយ» រឿង «សង្គ្រាមមរតក» និងរឿង «ឥទ្ធពលស្នេហ៍ក្នុងភ្លើងបណ្តាសា» រួមទាំងខ្សែភាពយន្តភាគដទៃៗទៀត។ តារាកម្ពុជាយើងដែលរំពឹងនឹងចូលរួមសម្តែងក្នុងខ្សែរឿងទាំងនេះមានដូចជាលោក អែត វីនកញ្ញា ស៊ិន យូប៊ីនលោក ខាត់ វៃហាំងនិងតារាសម្តែងជាច្រើនទៀត។
ដោយឡែករឿង «តួរខ្ញុំគេសម្តែង» និង រឿង «អ្នកម៉ាក់វ័យក្មេង»ក៏ជាខ្សែរឿងដែលកំពុងចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ភីអិនអិនចាប់ពីម៉ោង៧ កន្លះ ដល់ម៉ោង៩យប់ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រផងដែរ។ នៅដើមឆ្នាំ២០២០ឆាប់ៗនេះ ភាពយន្តភាគខ្មែរថ្មីមួយទៀត ដែលនឹងត្រៀមខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនបន្តទៀត គឺរឿង «បំណុលម្តាយ» មានរយៈពេល ២ម៉ោង ចាប់ពីម៉ោង ៧ ដល់ ៩ យប់ និង បន្ថែមម៉ោងផ្សាយនៅពេលយប់ចាប់ពីម៉ោង៩ ដល់ម៉ោង១០និង៣០នាទីយប់៕
សូមទស្សនាវីដេអូខាងក្រោម៖